(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញសេចក្ដីណែនាំចំនួន៥ចំណុច ដើម្បីធានានូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម បានល្អប្រសើរជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន វៀតណាម និងកូរ៉េ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ។

ដើម្បីពង្រឹងនូវវិធានការធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម អគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការណែនាំដល់ប្រធាននាយកដ្ឋាន-អង្គភាព និងស្នងការដ្ឋាន នគរបាលរាជធានី-ខេត្ត ដោយផ្តោតលើការងារមួយចំនួន ដូចខាងក្រោម៖

*ទី១៖ យកចិត្តទុកដាក់ប្រមូលព័ត៌មានពាក់ព័ន្ធ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសក្តាប់ឲ្យបាននូវឧបាយកល សកម្មភាពបង្កអសន្តិសុខ ឬការញុះញង់នានា ធ្វើឲ្យសង្គមមានចលាចល។

*ទី២៖ ចាត់វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមទីអារ៉ាម ព្រះវិហារចិន វៀតណាម កូរ៉េ ក៏ដូចជា ទីសក្ការៈ និងរមណីយដ្ឋានមួយចំនួន ដែលមានការប្រារព្ធពិធីបុណ្យផ្សេងៗ ដោយយកចិត្តទុកដាក់បង្ការ ទប់ស្កាត់មិន ឲ្យមានបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសសកម្មភាពបង្កការអុកឡុក ដោយក្មេងទំនើង និងត្រូវរៀបចំឲ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អប្រសើរ។

*ទី៣៖ យកចិត្តទុកដាក់រៀបចំ សណ្តាប់ធ្នាប់ចរាចរណ៍ បង្ការ និងបញ្ចេសភាពកកស្ទះ និងបង្កើនការរឹតបន្ដឹង ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កលក្ខណៈឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅសួរសុខទុក្ខបងប្អូន ឬទៅកំសាន្តតាមតំបន់រមណីយដ្ឋាននានា ប្រព្រឹត្តទៅដោយក្តីសប្បាយរីករាយ និងសុវត្ថិភាព។

*ទី៤៖ ត្រូវសហការជាមួយអាជ្ញាធរដែនដី រំលឹកដាស់តឿនប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ជាពិសេសទៀនធូប នៅពេលសែនព្រេន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី គ្រឿងឆេះ ព្រមទាំងហាមឃាត់មិនឲ្យដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះផ្សេងៗ។ ជាមួយគ្នានោះ ត្រូវប្រមូលផ្តុំកម្លាំង និងមធ្យោបាយប្រចាំការដើម្បីត្រៀមចេញអន្តរាគមន៍ពន្លត់ និងសង្គ្រោះ ហេតុការណ៍អគ្គីភ័យដែលអាចកើតឡើងជាយថាហេតុ។

*ទី៥៖ ត្រូវពង្រឹងបន្ថែមការងារប្រចាំបញ្ហាគ្រប់ថ្នាក់ និងការងារផ្តល់ព័ត៌មានឲ្យបានឆាប់រហ័ស ដើម្បីដោះស្រាយ សភាពការណ៍ដែលកើតមានឡើងជាយថាហេតុ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

សូ​មអានខ្លឹមសារនៅក្នុងសេចក្តីណែនាំខាងក្រោមនេះ៖