(ភ្នំពេញ)៖ សល់តែរយៈប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ បុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ឈានចូលមកដល់ឃើញថា អាជីវករដែលជាអ្នកលក់គ្រឿងសក្ការបូជា ក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន-វៀតណាមនេះ កំពុងដុតដៃដុតជើងយ៉ាងខ្លាំង ក្នុងការត្រៀមសំណែន និងទំនិញផ្សេងៗ ដើម្បីបំពេញតម្រូវការអតិថិជន។
ក្នុងចំណោមគ្រឿងសំណែនទាំងអស់ ជ្រូកខ្វៃជាវត្ថុសំខាន់មួយ ក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន-វៀតណាមនេះ។ ក្នុងនោះដែរក៏ឃើញថា តម្លៃជ្រូកខ្វៃក៏ហាក់ឡើងថ្លៃខុសពីថ្ងៃធម្មតា ប៉ុន្ដែទោះជាយ៉ាងណាអាជីវករលក់ជ្រូកខ្វៃរំពឹងថា ឆ្នាំជ្រូកខ្វៃនឹងលក់បានច្រើនជាងឆ្នាំមុន ទោះបីជាឡើងថ្លៃជាងរាល់ឆ្នាំក្ដី។
អ្នកស្រី អន លី អាជីវករលក់ជ្រូកខ្វៃក្នុងផ្សារអូឬស្សីតូបលេខ៣៩-២៨ ឲ្យដឹងថា «ក្នុងឆ្នាំនេះបានត្រៀមជ្រូកជាច្រើនក្បាល សម្រាប់បំពេញតម្រូវការអតិថិជន ព្រោះអតិថិជននៅតែបន្ដជាវជាហូរហែរ។ ជាក់ស្ដែងការលក់ក្នុងឆ្នាំនេះ កើនឡើងជាឆ្នាំមុន ឆ្នាំនេះកើនបានប្រមាណ៥ ទៅ៦%»។
អ្នកស្រីបន្ថែមថា ពិតណាស់រាល់ពិធីបុណ្យទានទំនិញតែងតែឡើងថ្លៃ ជាក់ស្ដែងជ្រូកខ្វៃឆ្នាំនេះក៏ឡើងថ្លៃដែរ ប៉ុន្ដែតម្លៃអាចទទួលយកបាន។
អ្នកស្រីបន្ដថា «មានអតិថិជនមកពីក្រុមហ៊ុនធំៗជាច្រើន បាននាំគ្នាជាវជ្រូកពីហាងខ្ញុំ ដោយបន្ដជាវពីឆ្នាំទៅមួយឆ្នាំ ព្រោះតែពួកគាត់មានភាពជឿជាក់ ទៅលើហាងរបស់ខ្ញុំ»។
អាជីវករម្ចាក់ទៀត អ្នកស្រី ហេង លី អាជីករលក់ជ្រូកខ្វៃក្នុងផ្សារអូឬស្សីតូបលេខ៧២ ក៏បានឲ្យដឹងផងដែរថា «ឆ្នាំនេះការលក់មានភាពធម្មតាដូចឆ្នាំមុនៗដែរ ប៉ុន្ដែឆ្នាំនេះជ្រូកតម្លៃថ្លៃជាងឆ្នាំមុនបន្ដិច ដូច្នេះការលក់ ហាក់ពិបាកបន្ដិច ប៉ុន្ដែនៅតែមានអតិថិជនជាវជាធម្មតា»។
អ្នកស្រីបន្ដថា ការឡើងថ្លៃនេះ ក៏មិនខុសគ្នាប៉ុន្មានដែរ ដោយឆ្នាំមុនជ្រូកមួយតម្លៃ៣០ម៉ឺនរៀល តែឆ្នាំនេះវិញជ្រូកលក់បាន៣៥ម៉ឺនរៀល។ ការឡើងថ្លៃនេះបណ្ដាលមកពី មិនសូវសម្បូរជ្រូកដូចឆ្នាំមុន ហើយឆ្នាំនេះទៀតសោធជ្រូកខ្វៃលក់ គឺជា ជ្រូកក្នុងស្រុកដោយមិនមានការនាំចូលពីវៀតណាមឡើយ។
អ្នកស្រីបន្ដថា គិតត្រឹមមុនពេលចូលឆ្នាំចិន-វៀតណាមនេះ អតិថិជនបានជាវច្រើនគួរសម ដោយក្នុង១ថ្ងៃលក់បាន៣០-៤០ក្បាល ហើយបើដល់ថ្ងៃចូលឆ្នាំចិន-វៀតណាម អាចលក់បានច្រើនជាងនេះ។
សូមជម្រាបថា បុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមក្នុងឆ្នាំនេះ ត្រូវប្រារព្ធឡើងនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃទី១៥រោច ខែបុស្ស ខាងមុខនេះ។ ទោះបីជាពិធីបុណ្យចូលឆ្នាំចិន-វៀតណាមនេះ ជាពិធីរបស់ជនជាតិចិនក៏ដោយ ប៉ុន្ដែពិធីនេះបានជះឥទ្ធិពលគ្រប់ដណ្ដប់លើប្រទេសមួយចំនួន ក្នុងតំបន់អាស៊ាមរួមមាន៖ ប្រទេសកម្ពុជា, វៀតណាម, សង្ហឹបុរី, ឥណ្ឌូនេស៊ី និងហ្វីលីពិន ជាដើម៕