(ភ្នំពេញ)៖ រមណីយដ្ឋានទេសចរណ៍ថ្មី «SEA SENSE Resort» ដែលមានលក្ខណៈទំនើបលំដាប់ផ្កាយ៥ ដូចនៅបរទេសនោះ នឹងលេចត្រដែតឡើងលើកោះស្រមោច នៃខេត្តព្រះសីហនុ ក្រោមការអភិវឌ្ឍរបស់ក្រុមហ៊ុន MARITIME Group ខណៈក្រុមហ៊ុនកំពុងពន្លឿនការអភិវឌ្ឍនៅដំណាក់កាលទី១ ហើយគ្រោងនឹងបិទបញ្ចប់ការអភិវឌ្ឍដំណាក់កាលទី១នេះ នៅចុងឆ្នាំ២០១៩ ដើម្បីត្រៀមស្វាគមន៍វត្តមានភ្ញៀវទេសចរពីគ្រប់ទិសទី។
លោកស្រី ដុម សុភាព លេខាធិការប្រតិបត្តិរបស់ក្រុមហ៊ុន ម៉ារីថាម គ្រុប បានឱ្យដឹងថា បន្ទាប់ពីទទួលបានសិទ្ធិអភិវឌ្ឍនៅលើកោះស្រមោចពីរាជរដ្ឋាភិបាលកម្ពុជារួចមក ក្រុមហ៊ុនបានរៀបចំគម្រោងអភិវឌ្ឍន៍លើកោះស្រមោចនេះជា ៣ដំណាក់កាល ដែលដំណាក់កាលទី១ បាននិងកំពុងដំណើរជាបណ្ដើរៗហើយ ប៉ុន្តែវាក៏មានផលលំបាកមួយចំនួនពាក់ព័ន្ធនឹងការអភិវឌ្ឍន៍នៅលើកោះ ដោយសារបរិយាកាសនិង ស្ថានភាពនៅលើកោះមិនសូវអំណោយផលល្អដូចនៅលើដីគោក ដូចជា កំលាំងពលកម្ម និងការដឹកជញ្ជូនសំភារៈ ពីដីគោក ទៅកោះ ពេលខ្លះជួបបញ្ហាខ្យល់ខ្លាំង មានភ្លៀងធ្លាក់ ពេលវេលាជាដើម។ ចំណែកឯគម្រោងអភិវឌ្ឍន៍ដំណាក់កាលទី២ និងទី៣ (Master Plan) ក្រុមហ៊ុននឹងដំណើរការជាបន្តបន្ទាប់ទៀត ក្រោយដំណាក់កាលទី១ ត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះ។
លោកស្រី ដុម សុភាព បានបន្តថា នៅក្នុងគម្រោងអភិវឌ្ឍន៍ដំណាក់កាលទី១នេះ ក្រុមហ៊ុនបានរៀបចំឱ្យមានសំណង់អគារ សេវាកម្ម និងផលិតផលទេសចរណ៍ជាច្រើន រួមមាន៖
* ផ្ទះស្នាក់ទេសចរណ៍ ឬបឹងហ្គាឡូ (Bungalow)៖ បច្ចុប្បន្នក្រុមហ៊ុនបានសាងសង់បឹងហ្គាឡូនេះគ្រប់ចំនួន ១៨ខ្នងហើយ នៅឡើយតែបំពាក់គ្រឿងបរិក្ខារតុបតែង បរិក្ខាប្រើប្រាស់ និងបរិក្ខាបន្ទាប់បន្សំផ្សេងៗទៀតប៉ុណ្ណោះ។
* វីឡាបែបគ្រួសារ (Family Villa)៖ ក្រុមហ៊ុនកំពុងសាងសង់វីឡាបែបគ្រួសារនេះឱ្យបានធំទូលាយ ក្នុងមួយខ្នងៗមាន២បន្ទប់ ហើយនឹងត្រូវសាងសង់ឡើងតាមបែបរចនាយ៉ាងស្រស់ស្អាត។ នៅផ្នែកខាងក្រោយវីឡាទៀតសោត ភ្ញៀវក៏អាចទស្សនាទេសភាពមហាសាគរដ៏ខៀវស្រងាត់បានផងដែរ។
* ស្ពានកំពង់ទឹក ឬស្ពានបណ្ដែតទឹក៖ ស្ពានកំពង់ទឹកនេះ ក៏នឹងក្លាយជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយផងដែរ ពីព្រោះវាអាចឱ្យភ្ញៀវដើរកម្សាន្តលើផ្ទៃសមុទ្រ គយគន់ទៅផ្ទៃមហាសាគរដ៏សែនឆ្ងាយ។ ទេសភាពដ៏ស្រស់ស្អាតទាំងអស់នេះ វាពិតជាពិសេសខ្លាំងណាស់ សម្រាប់ការថតរូបភាពទុកជាអនុស្សាវរីយ៍របស់ភ្ញៀវទេសចរនានា ដែលបានទៅទស្សនាកោះស្រមោចនោះ។
* កន្លែងទទួលភ្ញៀវ៖ នៅពេលដែលរមណីយដ្ឋានថ្មីនេះដំណើរការហើយ ភ្ញៀវទេសចរដែលទៅដល់កោះស្រមោចនោះ នឹងឃើញមានកន្លែងទទួលភ្ញៀវនៅមុខកំពង់ទូក (ស្ពានកំពង់ទឹក) តែម្ដង ហើយភ្ញៀវទេសចរអាចចូលសាកសួរព័ត៌មាននានា ជាមួយបុគ្គលិកបម្រើការងារនៅទីនោះបានយ៉ាងងាយស្រួល។
* ភោជនីយដ្ឋាន (Restaurant)៖ ក្រុមហ៊ុនកំពុងរៀបចំឱ្យមានភោជនីយដ្ឋានសម្រាប់ភ្ញៀវទទួលទានអាហារនៅលើកោះស្រមោច ដោយចែកជាមានពីរផ្នែកក្នុងអគារតែមួយ (ឆ្វេង-ស្ដាំ) ក្នុងនោះមួយផ្នែករចនាឡើងតាមបែបខ្មែរ (មានម្ហូបអាហារចម្រុះទាំងម្ហូបខ្មែរ និងម្ហូបបរទេស) ចំណែកមួយផ្នែកទៀតរចនាឡើងតាមបែបជប៉ុន (ម្ហូបអាហារតាមបែបជប៉ុនសុទ្ធសាធ)។
* អាងហែលទឹក (Swimming Pool)៖ ត្រូវបានកំណត់ទីតាំងរៀបចំនៅជាប់ឆ្នេរខ្សាច់នៅលើកោះស្រមោច ដែលភ្ញៀវអាចងូតទឹក ហែលទឹកបណ្ដើរ គយគន់ទេសភាពព្រះសុរិយារះផុសចេញពីផ្ទៃមហាសាគរបណ្ដើរ ហើយនៅពេលភ្ញៀវឡើងពីហែលទឹកវិញ ក៏បានចូលទៅក្រេបភេសជ្ជៈនៅជិតនោះបានផងដែរ និយាយរួម ក្រុមហ៊ុនបានគិតគូរយ៉ាងល្អិតល្អន់ពីភាពអំណោយផល ក្នុងការបង្កើតឱ្យមានអាងហែលទឹកនេះ។
* ក្លឹបហាត់ប្រាណ (Gym) និងតារាងវាយ Tennis៖ ក្រុមហ៊ុននឹងរៀបចំឱ្យមានក្លឹបហាត់ប្រាណ និងតារាងវាយ Tennis ដ៏ធំទូលាយ ដែលមានបំពាក់ឧបករណ៍ហាត់ប្រាណជាច្រើនសម្បូរបែប។ មួយវិញទៀត ក្រុមហ៊ុនក៏នឹងរៀបចំជាកន្លែងសមាធិតាមបែបយោគៈ (Yoga) អមដោយទេសភាពដ៏ស្រស់ត្រកាល និងបរិយាកាសបរិសុទ្ធទៀតផង។
* ហាងលក់ទំនិញ៖ នៅទីនោះក្រុមហ៊ុននឹងបើកឱ្យមានហាងលក់ទំនិញបន្ទាប់បន្សំ សម្រាប់ឱ្យភ្ញៀវទិញយកទៅប្រើប្រាស់ផ្ទាល់ខ្លួន ដូចជា វត្ថុអនុស្សាវរីយ៍ សម្ភារៈក្នុងផ្ទះ សម្ភារផ្ទះបាយ សម្ភារៈក្នុងបន្ទប់ទឹក ខោអាវហែលទឹក និងរបស់របរជាច្រើនទៀត។
* នៅលើកោះស្រមោចនេះ ក្រុមហ៊ុន SEA SENSE Resort ក៏បានបង្កើតឱ្យមានកាស៊ីណូ (Casino) ម៉ាស្សា ស្ប៉ា (Spa) បន្ទប់ទឹកសាធារណៈ កន្លែងជួលទូកកៃយ្យៈ អូរប័រ ពោងលែងទឹក សម្រាប់ភ្ញៀវទេសចរដែលចង់ជិះលែងកម្សាន្តជាដើម។ ក្រៅពីនោះ ក្រុមហ៊ុន SEA SENSE Resort នឹងរៀបចំជាផ្ទះស្នាក់សម្រាប់បុគ្គលិកទៀតផងដែរ។
លោកស្រី ដុម សុភាព បានបន្តទៀតថា ក្រុមហ៊ុនក៏មិនភ្លេចពីការយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន អនាម័យ និងសំរាមផងដែរ ដោយក្រុមហ៊ុនបាននាំចូលនូវឡដុតសំរាមគ្មានផ្សែងដ៏ទំនើបមួយ សម្រាប់ដុតសំរាមនៅតំបន់ចុងកោះ ធានាថាមិនប៉ះពាល់ដល់បរិស្ថាននៅលើកោះស្រមោចនោះឡើយ។
អ្វីដែលពិសេសលើសនេះទៀតនោះ នៅលើកោះស្រមោចដែលពីមុនមកគ្មានមនុស្សរស់នៅនោះ ក៏មានវត្តមានជីវចម្រុះជាច្រើនប្រភេទទៀត ដូចជាប្រភេទបក្សីកម្រចម្រុះពណ៌ ផ្កាថ្មដេរដាសនៅក្បែរកោះ ថ្មប៉ប្រះទឹក ត្រីសមុទ្រ និងពពួកមច្ឆាជាតិចម្រុះពណ៌ស្អាតៗ (អាចមើលឃើញនៅលើឆ្នេរកោះ នាពេលពេលរាត្រី)។ ម្យ៉ាងទៀត ក្រុមហ៊ុនបានរក្សាទុកនូវព្រៃឧទ្យានធម្មជាតិនៅផ្នែកកណ្ដាលកោះផងដែរ ដែលសម្បូរទៅដល់ប្រភេទឈើកម្រ និងឈើមានតម្លៃតូចធំជាច្រើនប្រភេទ ហើយអាចឱ្យភ្ញៀវទេសចរអាចដើរផ្សងព្រេងកម្សាន្តរយៈពេលខ្លី (Short Tracking) បានទៀតផង។
និយាយរួម ទៅថ្ងៃអនាគតដ៏ឆាប់ៗខាងមុខ នៅលើកោះស្រមោចនឹងក្លាយជាផលិតផលទេសចរណ៍ដ៏ទាក់ទាញបំផុតនៅខេត្តព្រះសីហនុ ដូច្នេះសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលប្រាថ្នាចង់ទៅទស្សនារមណីយដ្ឋានទំនើបៗលំដាប់ផ្កាយ មិនចាំបាច់ទៅប្រទេសណាឆ្ងាយ ឬក៏មិនចាំបាច់ទៅដល់កោះម៉ាឌីលនោះទេ ព្រោះនៅកម្ពុជាយើងនឹងមានរមណីយដ្ឋានទំនើបដូចនោះដែរហើយ គឺនៅ SEA SENSE Resort ដែលមានទីតាំងនៅលើកោះស្រមោចនេះឯង។
សូមជម្រាបថា ផ្ទៃដីនៅលើកោះស្រមោច ដែលក្រុមហ៊ុនកំពុងដំណើរការគម្រោងអភិវឌ្ឍន៍នោះមានចំនួន ២៥.៦៥ហិចតា ប៉ុន្តែបើគិតពីផ្ទៃដីធម្មជាតិទាំងអស់នៅលើកោះមានប្រមាណ ៣៣ហិកតា។ កោះស្រមោចមានចម្ងាយពីមូលដ្ឋានកងទ័ពជើងទឹកតែ ៨០០ម៉ែត្រប៉ុណ្ណោះ បើយើងធ្វើដំណើរតាមទូកទេសចរណ៍ ចំណាយពេល ១០នាទី តែបើធ្វើដំណើរតាមអូប័រ ចំណាយពេលមិនដល់៥នាទីផង។
តាមការបញ្ជាក់របស់លោកស្រី ដុម សុភាព ការដែលក្រុមហ៊ុនមានឱកាសទទួលសិទ្ធិចូលរួមអភិវឌ្ឍវិស័យទេសចរណ៍យ៉ាងដូច្នេះ ក៏ដូចសារប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ មានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមជម្រាបថា ក្រុមហ៊ុន SEA SENSE Resort គឺជាក្រុមហ៊ុនបុត្រសម្ពន្ធមួយរបស់ក្រុមហ៊ុន MARITIME Group ដែលប្រតិបត្តិការផ្ដោតលើការអភិវឌ្ឍវិស័យទេសចរណ៍ និងចូលរួមបង្កើតផលិតផលទេសចរណ៍ថ្មីៗដែលមានលក្ខណៈទំនើប។ ក្រុមហ៊ុន MARITIME Group ក៏ដូចជាក្រុមហ៊ុន SEA SENSE Resort បានប្ដេជ្ញាចិត្ត ក្នុងការចូលរួមអភិវឌ្ឍមាតុភូមិកម្ពុជាមួយនេះឱ្យកាន់តែរីកចម្រើនទៅមុខជានិច្ច៕