(បាត់ដំបង)៖ ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញប្រគល់ផ្ទះចំនួន ៣ខ្នងជូនអតីតយុទ្ធដែលមានជីវភាពទីទ័លក្រ នៅភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែរ ខេត្តបាត់ដំបង។ ផ្ទះទាំង៣ខ្នងនេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ពិធីប្រគល់ផ្ទះសម្រាប់ជាទីជម្រកដល់អតីតយុទ្ធជននេះ ក៏មានការអញ្ជើញចូលរួមពីឧត្តមសេនីយ៍ទោ អ៊ុក ខ្នួច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ។
ក្នុងឱកាសនោះទេសរដ្ឋមន្ដ្រី គន់ គីម បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជនដែលរស់នៅទីនោះ និងផ្តាំផ្ញើដល់អតីតយុទ្ធជន ដែលទើបបានទទួលផ្ទះថ្មី ត្រូវខិតខំប្រឹងប្រែងបំពេញការងារដែលមានស្រាប់ និងចិញ្ចឹមសត្វដាំដំណាំផ្សេងៗបន្ថែម ដើម្បីជួយជីវភាពគ្រួសារ និងត្រូវចេះសាមគ្គី ជួយគ្នាពេលមានធុរៈ។
លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំឲ្យមន្ត្រីសមាគមអតីតយុទ្ធជនខេត្ត ចុះពិនិត្យរកមើលសមាជិក ដែលអត់ដី អត់ផ្ទះពិតប្រាកដ ដើម្បីគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន សាងសង់ជូនបន្ថែមទៀត។
ដោយឡែកបងប្អូនដែលទទួលបានផ្ទះថ្មីទាំង៣គ្រួសារ ទទួលបានការឧបត្ថម្ភក្នុងមួយគ្រួសារ៤០ម៉ឺនរៀល, គ្រែ១ , អង្ករ១០០គីឡូក្រាម , គ្រឿងឧបភោគ និងសម្ភារប្រើប្រាស់ជាច្រើនមុខទៀត ព្រមទាំងបានឧបត្ថម្ភបងប្អូនអតីតយុទ្ធជនដែលមកចូលរួមក្នុងពិធីនេះក្នុងម្នាក់ៗ៥ម៉ឺនរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនផងដែរ។
ក្នុងទឹកមុខប្រកបដោយក្តីសប្បាយរីករាយអតីតយុទ្ធ និងក្រុមគ្រួសារដែលបានទទួលផ្ទះថ្មី តាមរយៈទេសរដ្ឋមន្រ្តី គន់ គីម បានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលបានគិតគូរពីសុខទុក្ខរបស់ពួកគាត់ទាំងជីវភាពរស់នៅ ទាំងសុខភាព ផ្តល់ផ្ទះផ្តល់ដីដល់ពួកគាត់ ដែលមានជីវភាពខ្វះខាត ផ្តល់ប័ណ្ណ ប.ស.ស សម្រាប់ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដោយមិនអស់ប្រាក់ ពួកគាត់បួងសួងជូនពរឲ្យសម្តេចទាំងពីរ ព្រមទាំងក្រុមគ្រួសារបានសុខសប្បាយ សុខភាពរឹងមាំ បន្តដឹកនាំប្រទេសកម្ពុជាជារៀងរហូត៕