(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបង្ហើបថា អង្គភាពនគរបាល បានទទួលដីកាចំនួន៣ ពីស្ថាប័នតុលាការ ដើម្បីចាត់វិធានការចំពោះទណ្ឌិត សម រង្ស៉ី មេចលនាសង្រ្គោះជាតិ។ ការបញ្ជាក់បែបនេះ បានធ្វើឡើងនៅក្នុងពិធីផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងជូន ស្នងការនគរបាលខេត្តព្រៃវែង។
នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឥឡូវពួកឧទ្ទាមក្រៅច្បាប់ ទាំងក្នុងស្រុក និងក្រៅស្រុក បាន និងកំពុងបំពុលព័ត៌មានរបស់ដែលគេហៅថា គណបក្សក្រៅច្បាប់ ឥឡូវបាន និងកំពុងធ្វើសង្រ្គាមចិត្តសាស្រ្ត ដូចជាការបង្កើតចលនាថា សម រង្ស៉ី នឹងចូលស្រុកខ្មែរវិញ នេះជាព័ត៌មានដែលបំពុល។ យើងអត់ចោទទេ តែក្នុងនាមជាកម្លាំងប្រដាប់អាវុធ យើងអត់មានធ្វើអ្វីក្រៅពីច្បាប់នោះទេ រាល់ថ្ងៃនេះ គាត់ (សម រង្ស៉ី) មានដីកា៣ គឺតុលាការបានចេញដីកាឱ្យនគរបាលកាន់ក្នុងដៃចំនួន៣ សម្រាប់ស្វាគមន៍គាត់»។
ជាមួយនឹងការប្រកាសបែបនោះ អគ្គស្នងការនគរបាលជាតិ បានបញ្ជាឱ្យនគរបាលគ្រប់ជាន់ថ្នាក់ ត្រូវត្រៀមខ្លួនរួចជាស្រេច ពិសេសស្នងការតាមបណ្តារាជធានី-ខេត្ត ត្រូវរៀបចំផែនការលម្អិតជូនបញ្ជាការឯកភាព ដើម្បីដោះស្រាយបញ្ហា ការពារសេចក្តីសុខជូនប្រជាពលរដ្ឋ។
ការដាក់បទបញ្ជារបស់ អគ្គស្នងការនគរបាលជាតិ បានធ្វើឡើងបន្ទាប់ពី ទណ្ឌិត សម រង្ស៉ី ប្រកាសវិលចូលប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០១៩នេះ ដើម្បីធ្វើនយោបាយ ខណៈដែលលោក ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារជាច្រើនករណី។
ក្រៅពីការបញ្ជាឱ្យនគរបាលត្រៀមខ្លួនដើម្បីចាប់ លោក សម រង្ស៉ី នោះ អគ្គស្នងការនគរបាលជាតិ ក៏បានបញ្ជាឱ្យកម្លាងសមត្ថកិច្ច ចាត់វិធានការការពារសន្តិសុខជូនប្រជាពលរដ្ឋ ជាពិសេសលើការបង្កចលាចល ដែលប៉ុនប៉ងបង្កើតឡើងដោយក្រុមប្រឆាំងក្រៅច្បាប់។ លោក នេត សាវឿន បានអះអាងថា នាថ្មីៗនេះ អតីតសកម្មជនគណបក្សក្រៅច្បាប់ នៅតែបំផុសបំផុលតាម Facebook និង Youtube ដើម្បីវាយប្រហារចិត្តសាស្រ្ត យ៉ាងខ្លាំងក្លាផងដែរ។
លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា «សិទ្ធិធ្វើនយោបាយ គឺត្រូវធ្វើតាមច្បាប់ តាមរដ្ឋធម្មនុញ្ញ សិទ្ធិធ្វើនយោបាយរបស់ប្រជាពលរដ្ឋចង់ចូលគណបក្សណាក៏បានដែរ តែចាប់ពីម៉ោងនេះទៅ គ្មានទេ "គណបក្សសង្រ្គោះជាតិ" ព្រោះគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការរំសាយហើយ នេះចំណុចទី១ ឯចំណុចទី២ គឺអ្នកដែលតុលាការចេញសាលដីកាហាមធ្វើនយោបាយ អ្នកហ្នឹងគឺមិនអាចធ្វើនយោបាយបានទេ គ្មានស្នាក់ការ គ្មានការលើកស្លាក គ្មានការប្រជុំទៀតទេ»៕