(ភ្នំពេញ)៖ អង្គការសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានជម្រាបជូនលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យដឹងថា ខ្លួននឹងជួយបង្កើតភូមិវប្បធម៌ខ្មែរមួយក្នុងប្រទេសខ្លួន ប៉ុន្តែត្រូវមានការឯកភាពពីភាគីកម្ពុជាជាមុនសិន ហើយខ្លួនក៏នឹងជួយពង្រឹងសមត្ថភាពបន្ថែម ដល់ពលករកម្ពុជាលើផ្នែកសំណង់ផងដែរ។
ការបញ្ជាក់យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោករដ្ឋមន្ត្រី អ៉ិត សំហេង ជាមួយលោក Fumio Yamada ប្រធានអង្គការសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុន នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងការងារ។
ក្នុងជំនួបនោះ លោក Yamada បានជម្រាបប្រាប់លោក អ៉ិត សំហេង ថា អង្គការសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុន មានបំណងចង់បង្កើតភូមវិប្បធម៌ខ្មែរមួយ នៅក្នុងប្រទេសជប៉ុន ហើយសង្ឃឹមថាភាគីកម្ពុជានឹងឯកភាពតាមសំណើនេះ។
លោក Yamada បន្តថា ភូមិវប្បធ៌មនេះ នឹងក្លាយជាទីជួបប្រជុំគ្នារវាងប្រជាជនខ្មែរនៅជប៉ុន ក្នុងពេលប្រារព្ធពិធីបុណ្យផ្សេងៗតាមប្រពៃណី។ ម្យ៉ាងវិញទៀត សាច់ញាតិពលករ ឬពលរដ្ឋខ្មែរក៏អាចទៅជួបប្រជុំនៅទីនោះបាន ដើម្បីបង្ហាញពីវប្បធ៌មរបស់ខ្លួនផងដែរ។
ឆ្លើយតបទៅនឹងសំណើនេះ លោករដ្ឋមន្ត្រី អ៉ិត សំហេង បានឯកភាពនូវការបង្កើតភូមិវប្បធម៌នេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការជួបជុំសាច់ញាតិរបស់ពលករ និងប្រជាជនខ្មែរទូទៅនៅទីនោះ។
គួរកត់សម្គាល់ថា ក្នុងជំនួបនោះ ប្រធានអង្គការសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុន ថែមទាំងបាននាំអ្នកវិនិយោគទុនខាងវិស័យសំណង់ផ្នែកត្រួតពិនិត្យដី ដែលមានក្រុមហ៊ុនជាង ៤០០ នៅប្រទេសជប៉ុន ដែលក្រុមហ៊ុននេះបានសិក្សាលើប្រភេទដី បង្កើតបាតគ្រឹះមុននឹងសាងសង់ និងយកសំណាកដីធ្វើពិសោធន៍នៅប្រទេសជប៉ុន។ ក្រុមហ៊ុនសំណង់នេះបានទទួលពលករខ្មែរ ដែលអាចទៅធ្វើការផ្នែកសំណង់នេះជាង៣០០នាក់ហើយ នៅឯប្រទេសជប៉ុន។ ពលករខ្មែរនឹងមានជំនាញពិតប្រាកដខាងផ្នែកសំណង់នេះ បន្ទាប់ពីគាត់ទៅធ្វើកម្មសិក្សានៅជប៉ុនហើយ ពួកគេនឹងនាំជំនាញទាំងនោះមកអភិវឌ្ឍវិស័យសំណង់នេះនៅកម្ពុជាវិញ។
ជាមួយគ្នានេះ លោក Yamada នឹងធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគទុនជប៉ុនថ្មីៗ ឱ្យមកវិនិយោគនៅលើទឹកដីកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី អ៉ិត សំហេង បានសម្ដែងការពេញចិត្តនូវអ្វីដែលជាការលើកឡើង របស់លោកប្រធានអង្គការសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលណែនាំអ្នកវិនិយោគផ្នែកសំណង់មកកម្ពុជា។
លោករដ្ឋមន្ត្រីបានលើកឡើងទៀតថា ក្នុងខែមីនា ឆ្នាំ២០១៩នេះ កម្ពុជានឹងត្រូវចុះហត្ថលេខាជាមួយនឹងភាគីជប៉ុននៅឯប្រទេសជប៉ុន លើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីពលករជំនាញ។ លោកថា ពលករដែលធ្វើការនៅជប៉ុនមានជាង ៩ពាន់នាក់ សង្ឈឹមថានៅឆ្នាំក្រោយនឹងមានការកើនចំនួនឡើងទ្វេមួយជាពីរ ដូច្នេះពលករក៏ត្រូវការពេលវេលា ក្នុងការបណ្តុះបណ្តាលឱ្យមានជំនាញច្បាស់លាស់ ក្នុងការបំពេញកិច្ចការងាររបស់ពួកគេរឹតតែល្អប្រសើរថែមទៀត។
គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងការងារ បាននិងកំពុងសហការជាមួយមន្រ្តីជំនាញនៃប្រទេសជប៉ុន ដើម្បីពិនិត្យ និងរៀបចំឱ្យមានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នា ក្នុងគោលបំណងដើម្បីបង្កើនទីផ្សារការងារ និងឱកាសការងារដល់ប្រជាជនកម្ពុជា ដោយជប៉ុនបានចាប់ផ្តើមរៀបចំបង្កើតឱ្យមានគម្រោងថ្មី សម្រាប់បង្កើនលំហូរនៃកម្លាំងពលកម្មពីប្រទេសផ្សេងៗ និងសម្រាប់អនុវត្តនៅអំឡុងខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មជំនាញនៅជប៉ុន៕