(កណ្តាល)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក នៃ ចារី អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកផ្សារណាត់បន្លែ និងផលិតផលសុវត្ថិភាព ដែលរៀបចំដោយអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ អាជីវករ ក្រុនហ៊ុន កសិករ និងសហគមន៍ផលិតបន្លែសុវត្ថិភាព មានចំនួន២៥០នាក់ បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។
លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានរាយការណ៍ជូនអង្គពិធីជ្រាប អំពីលទ្ធផលនៃការអនុវត្តគម្រោង ស្តីពីការជំរុញផលិតកម្មស្បៀង នៅទូទាំងខេត្តគោលដៅ និងជាពិសេសខេត្តកណ្តាល។
លោកបន្តទៀតថា គម្រោងនេះ បានទទួលថវិកាឧបត្ថម្ភចំនួនទឹកប្រាក់២០.២៥លានដុល្លារ ពីរាជរដ្ឋាភិបាលកម្ពុជា យកមកអនុវត្តក្នុងខេត្តគោលដៅចំនួន១១ មានខេត្តតាកែវ កណ្តាល ព្រៃវែង កំពង់ស្ពឺ កំពង់ធំ កំពង់ចាម ពោធិសាត់ កំពង់ឆ្នាំង បាត់ដំបង សៀមរាប និងខេត្តត្បូងឃ្មុំ ក្នុងបំណងសំខាន់ គឺផលិតពូជស្រូវក្រអូប និងផលិតបន្លែសុវត្ថិភាពប្រកបដោយនិរន្តរភាព ក្នុងទិសដៅផ្គត់ផ្គង់បន្លែសុវត្ថិភាពឱ្យទីផ្សារក្នុងខេត្ត និងទីផ្សាររាជធានីភ្នំពេញ និងឈានទៅកាត់បន្ថយការនាំចូល។
លោកអគ្គនាយកបន្ថែមថា គោលបំណងនៃពិព័រណ៌ផ្សារណាត់បន្លែ និងផលិតផលសុវត្ថិភាព គឺ
ទី១៖ ផ្តល់ឱកាសឲ្យអ្នកផលិតដាក់តាំងបង្ហាញផលិតផល របស់ពួកគាត់ដល់សាធារណជន។
ទី២៖ ស្វែងរកទីផ្សារដើម្បីលក់ផលិតផល តាមរបៀបបញ្ជាទិញ ធានាបានបរិមាណ គុណភាព និងតម្លៃតាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។
ទី៣៖ ជំរុញការផលិតបន្លែ និងផលិតផលតាមបច្ចេកទេស ស្តង់ដារត្រឹមត្រូវ ធានាគុណភាព សុវត្ថិភាព ឆ្លើយតបតាមតម្រូវវចិត្តអ្នកបរិភោគ និងទីផ្សារក្នុងស្រុក។
ទី៤៖ ជំរុញនិងលើកទឹកចិត្តអ្នកដាំ ឱ្យផលិតបន្លែសុវត្ថិភាព ធានានិរន្តរភាពបរិមាណផ្គត់ផ្គង់ និងធានាជូនអ្នកបរិភោគអំពីសុវត្ថិភាព គុណភាព និងអនាម័យ ដើម្បីលើកកម្ពស់សុខភាពសាធារណៈ។
ទី៥៖ ផ្តល់ឱកាសឲ្យមន្រ្តីជំនាញ អ្នកផលិត សហគមន៍ និងក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូលកសិកម្មបានជួប និងពិភាក្សាគ្នា ផ្លាស់ប្តូរបទពិសោធន៍ ដោះស្រាយបញ្ហាផ្សេងៗ ស្វែងរក និងសិក្សាបន្ថែមពីបច្ចេកទេស ធ្វើយ៉ាងណាផលិតផលិតផលធានា បានទាំងបរិមាណ គុណភាព អនាម័យ និងសុវត្ថិភាពបន្លែ និងផលិតផលផ្សេងៗទៀត។
លោករដ្ឋមន្រ្តី វេង សាខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្មខេត្ត មន្រ្តីអនុវត្តគម្រោងគ្រប់លំដាប់ថ្នាក់ កសិករ និងសហគមន៍ផលិតបន្លែ ដែលបានខិតខំយកអស់កំលាំងកាយចិត្ត អនុវត្តគម្រោងសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ។ ជាពិសេសលោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានឧបត្ថម្ភថវិកា ដើម្បីអនុវត្តគម្រោងជំរុញផលិតកម្មស្បៀង ផ្តោតសំខាន់ទៅលើការផលិតពូជស្រូវក្រអូប និងផលិតបន្លែសុវត្ថិភាព ដើម្បីផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុក រួចឈានទៅកាត់បន្ថយបរិមាណបន្លែ នាំចូលពីប្រទេសជិតខាង។
យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា ក្នុងឆ្នាំ២០១៨ ទីផ្សារទាំង១៨ក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៨ទៀត ត្រូវការបន្លែចំនួន៥៤៣តោនក្នុង១ថ្ងៃ ក្នុងនោះ៤០០តោន គឺជាផលិតផលក្នុងស្រុក និង១៧០តោន ទៀតត្រូវបាននាំចូលពីបរទេសមានវៀតណាម ថៃ និងចិន។
ដោយសារកំណើនសេដ្ឋកិច្ច ប្រជាជន ភ្ញៀវទេសចរ និងកម្រិតជីវភាពកាន់ល្អប្រសើរ ធ្វើឱ្យនិន្នាការនៃការបរិភោគបន្លែចាំបាច់ ត្រូវមានការប្រែប្រួលដោយស្វ័យប្រវត្តិពីអសុវត្ថិភាព ទៅជាសុវត្ថិភាព គុណភាព និងអនាម័យ ដើម្បីសុខភាព ដោយហេតុផលនេះ លោករដ្ឋមន្ត្រីកសិកម្ម បានមានមតិផ្តាំផ្ញើបន្ថែមដល់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្តីបង្គោលអនុវត្តគម្រោង អ្នកផលិត អាជីវករ និងអ្នកបរិភោគ ឱ្យយកចិត្តទុកដាក់ និងខិតខំអនុវត្តបន្ថែមទៀតលើចំណុចគន្លឹះសំខាន់ៗដូចតទៅ៖
* បន្តជំរុញការផលិតបន្លែ និងផលិតផលផ្សេងៗទៀត ឱ្យត្រឹមត្រូវតាមស្តង់ដារទីផ្សារដើម្បីបង្កើនឧត្តមភាព ប្រកួតប្រជែង និងលើកកម្ពស់តម្លៃបន្ថែម។
* ជំរុញការធ្វើពាណិជ្ជូបនីយកម្មកសិកម្ម តាមរយ:បន្តពង្រឹងប្រព័ន្ធអនាម័យ និងភូតគាមអនបនិសោធន៍។
* លើកកម្ពស់ការកែច្នៃ វេចខ្ចប់ និងរក្សាទុកផលិតផលក្នុងម៉ាស៊ីនត្រជាក់ តាមស្តង់ដារឱ្យបានសមស្របតាមតម្រូវចិត្តអ្នកបរិភោគនិងទីផ្សារ។
* ជំរុញ និងគាំទ្រដល់ការអភិវឌ្ឍសហគមន៍កសិកម្ម កសិដ្ឋាន និងកសិករគំរូ តាមរយ:ការរៀបចំផែនការផលិតកម្ម ធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់មាននិរន្តរភាព ជាពិសេសជំរុញការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។
* អគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្មត្រូវបន្តជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដោយប្រើប្រាស់យន្តការថ្មី ទំនើប និងជាពិសេសបន្តចុះពិនិត្យ និងវាយតម្លៃពីការអនុវត្តបច្ចេកទេសសមស្រប ដើម្បីផ្តល់វិញ្ញាបនបត្របញ្ជាក់ពីការអនុវត្តកសិកម្មល្អហៅកាត់ថា GAP។
*បន្តរៀបចំផ្សារណាត់បន្លែ និងផលិតផលសុវត្តភាពឱ្យបានទៀងទាត់ និងគ្រប់ទីកន្លែង។
*អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខិតខំស្វះស្វែងរកហិរញ្ញប្បទានបន្ថែម ដើម្បីជួយដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតជូនដល់សហគមន៍កសិកម្ម ក្នុងការបន្តជំរុញការផលិត និងវេចខ្ចប់ផលិតផលកសិកម្ម ឲ្យស្របតាមស្តង់ដា អនាម័យ និងភូតគាមអនាម័យ អាស៊ាន ដែលបានឯកភាពគ្នាកន្លងមក៕