(កោះកុង)៖ ប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅទីរួមខេត្តកោះកុង និងមួយផ្នែកនៅស្រុកមណ្ឌលសីមា អាចនឹងមានទឹកប្រើប្រាស់ឡើងវិញ នៅល្ងាចថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បន្ទាប់ពីរដ្ឋបាលខេត្ត មន្រ្តីជំនាញ និងក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ បានរកឃើញមូលហេតុ នាំឲ្យដាច់ទឹកផ្តត់ផ្គង់នោះ គឺបែកធ្លាយទុយោមេរហូតដល់៤កន្លែង ដែលបណ្តាលមកពីភ្លើងឆេះព្រៃ។
ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកោះកុងលោក ដារ៉ា ដែលបានចុះទៅយកព័ត៌មានផ្ទាល់ បានរាយការណ៍មកថា នៅព្រឹកថ្ងៃនេះ អភិបាលរងខេត្តកោះកុង លោក អន ភារ: បានដឹកនាំមន្រ្តីជំនាញខាងឧស្សាហ៍កម្ម មន្រ្តីធនធានទឹក និងខាងក្រុមហ៊ុន លី យ៉ុងផាត់ គ្រុប រកឃើញទុយោមេដែលមានមុខកាត់កន្លះម៉ែត្រ ត្រូវបានបែកធ្លាយចំនួន៤កន្លែងឯណោះស្ថិតនៅអូរស្រីស្រណោះ ក្រុងខេមរភូមិន្ទ។
តាមសេចក្តីរាយការណ៍ ការបែកធ្លាយនេះ ក៏ដោយសារតែប្រជាពលរដ្ឋមួយចំនួន បានទៅដុតព្រៃ រហូតបង្កជាភ្លើងបានឆាបឆេះទុយោតែម្តង។ បើតាមការបញ្ជាក់របស់អភិបាលរងខេត្តកោះកុង និងខាងក្រុមហ៊ុន បានប៉ាន់ស្មានថា នៅល្ងាចនេះទុយោមេបែកធ្លាយទាំង៤កន្លែងនេះ អាចនឹងត្រូវជួលជុលរួចនៅល្ងាចនេះ ហើយពេលនោះនឹងបន្តចែកចាយជូនដល់ប្រជាពលរដ្ឋភ្លាមផងដែរ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលរស់នៅក្នុងទីរួមខេត្តកោះកុង និងមួយផ្នែកនៅស្រុកមណ្ឌលសីមា បាននិងកំពុងខ្វះខាតទឹកប្រើប្រាស់ តាំងពីថ្ងៃទី២៧ ខែមករា មកម្ល៉េះ ដែលធ្វើប្រជាពលរដ្ឋនៅទីនោះ ជួបផលលំបាកយ៉ាងខ្លាំង ហើយត្រូវសន្សំសច្ចៃទឹក ដែលបានស្តុកទុកនៅក្នុងពាង ឬអាងនាពេលកន្លងទៅ។
ប្រជាពលរដ្ឋរួមទាំងភ្នាក់ងារព័ត៌មាន Fresh News ដែលកំពុងរស់នៅទីរួមខេត្តកោះកុង បានឲ្យដឹងថា ពួកគាត់អត់មានទឹកប្រើប្រាស់ពីរដ្ឋ តាំងពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩មកម្ល៉េះ រហូតមកដល់ថ្ងៃនេះ ដែលធ្វើឲ្យមានការលំបាកយ៉ាងខ្លាំង ដោយបច្ចុប្បន្នត្រូវប្រើទឹកនៅក្នុងពាង ឬអាងដែលបានស្តុកទុក និងបានបូមកាលពីពេលកន្លងទៅ៕