(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំលើកទី៣២ នៃ UPR Working Group របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្តីពី យន្តការពិនិត្យជាសកលតាមកាលកំណត់ UPR ជុំទី៣ នៅទីក្រុងហ្សឺណែ ប្រទេសស្វីស, លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាវិញនៅយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញភ្លាម លោក កែវ រ៉េមី នឹងធ្វើសន្និសីទសារព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំនេះផងដែរ ដូច្នេះសូមអ្នកយកព័ត៌មានទាំងអស់ អាចអញ្ជើញចូលរួមយកព័ត៌មាន។
នៅក្នុងដំណើរបំពេញទស្សនកិច្ចលើនេះ គណៈប្រតិភូសិទ្ធិមនុស្សកម្ពុជា ដឹកនាំដោយលោក កែវ រ៉េមី ព្រមទាំងមានគណៈប្រតិភូអន្តរក្រសួងដូចជា៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងព័ត៌មាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាផងដែរ។
តាមការផ្សព្វផ្សាយរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះ កម្ពុជាបានថ្លែងទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ អំពីការវិវឌ្ឍ និងភាពប្រសើរឡើង នៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលើគ្រប់វិស័យ ជាពិសេសការអនុវត្តសិទ្ធិ និងសេរីភាព ក្រោយពីកម្ពុជាទទួលយកនូវអនុសាសន៍ទាំង១៦២ ក្នុងកិច្ចប្រជុំពិនិត្យជាសកលតាមកាល កំណត់លើកទីពីរកាលពីឆ្នាំ២០១៤កន្លងទៅនេះ។
កម្ពុជាក៏បានធ្វើការបង្ហាញផងដែរ ពីបញ្ហាប្រឈម និងឆន្ទៈក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ ដើម្បីធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាន់តែមានភាពប្រសើរឡើងទៅថ្ងៃអានាគត ព្រមទាំងធ្វើការឆ្លើយតប និងពន្យល់ទៅនឹងការរិះគន់មួយចំនួន ដែលមិនឆ្លើយតបទៅនឹងស្ថានភាពពិតប្រាកដ និងជាក់ស្តែងនៅកម្ពុជា។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យជាសកល តាមកាលកំណត់លើកទីបីនេះ កម្ពុជាក៏ទទួលបានផងដែរនូវ អនុសាសន៍សរុបចំនួន២០២ ដែលផ្តល់ដោយរដ្ឋផ្សេងៗជាសមាជិកអង្គការសហប្រជាជាតិ ចំនួន៧៣រដ្ឋ ក្នុងនោះអនុសាសន៍មួយចំនួនធំ ផ្តោតលើការកោតសរសើរ និងការស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានាពេលកន្លងមក៕