(ស្ទឹងត្រែង)៖ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក សេង ឈួន បានប្រាប់មន្ត្រីគ្រប់គ្រងជញ្ជីងថ្លឹងរថយន្តអចល័តថ្មីខេត្តស្ទឹងត្រែង ត្រូវរឹតបន្តឹង និងបង្ក្រាបរថយន្តផ្ទុកលើសទម្ងន់ និងខុសបច្ចេកទេស ដែលនាំឲ្យបំផ្លាញផ្លូវសាធារណៈបានខ្លាំងក្លា និងដោយគ្មានយោគយល់ជាដាច់ខាត។
លោក សេង ឈួន បានថ្លែងបែបនេះ នៅគ្រាដែលលោកដឹកនាំមន្ត្រីជំនាញក្រសួង ចុះផ្លាស់ប្តូរ និងកែសម្រួលសមាសភាពមន្ត្រីត្រួតពិនិត្យយានយន្តលើសទម្ងន់កម្រិតកំណត់ នៅស្ថានីយថ្លឹងរថយន្តអចល័ត «រាជានុកូល» ខេត្តស្ទឹងត្រែង នៅក្នុងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ។
យោងតាមការសម្រេចរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា លោក ឌី ចាន់ណារិត ត្រូវបានតែងតាំងជាប្រធានស្ថានីយជញ្ជីងអចល័តរាជានុកូល-ខេត្តស្ទឹងត្រែង ខណៈលោក សែស ស៊ីថា តែងតាំងជាអនុប្រធាន។ ដោយឡែកលោក រស់ សាខាន់ អតីតប្រធាន ដែលត្រូវបានដកចេញពីតួនាទីនោះ មិនទាន់ត្រូវបានប្រគល់តួនាទីអ្វីថ្មីនៅឡើយនោះទេ។
នៅចំពោះមុខមន្រ្តីរបស់ខ្លួន រដ្ឋលេខាធិការរូបនេះ ក៏បានឲ្យមន្ត្រីស្ថានីយជញ្ជីង សហការគ្នាឲ្យបានល្អ កុំមួយបើកឲ្យទៅ និងមួយជាអ្នកចាប់ គឺត្រូវរួមសហការគ្នាអនុវត្តភារកិច្ចនេះ ទៅតាមគោលការណែនាំរបស់ក្រសួង និងតាមបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យមានប្រសិទ្ធភាព។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីនៅថ្ងៃទី២៨ ខែមករា បានថ្លែងថា រឿងជញ្ចីងថ្លឹងរថយន្តនេះ សុទ្ធតែជារៀងដែលត្រូវឈឺក្បាល ហើយធ្វើឲ្យមុខមាត់ប្រទេសជាតិ រាជរដ្ឋាភិបាលក៏មិនល្អដែរ ដោយសារតែកន្លែងជញ្ជីងនេះ ចេះតែមានបញ្ហាមិនចេះឈប់។ លោករដ្ឋមន្ត្រីបន្តថា ការដកតំណែងនេះ គឺជាដំណាក់កាលទី១ ហើយនឹងបន្តធ្វើជាបន្តបន្ទាប់ទៀត។
លោករដ្ឋមន្ត្រី បានបញ្ជាក់ដែរថា ចាប់ពីពេលនេះក្រសួងនឹងចាត់វិធានការក្តៅមិនទុកឲ្យខូចមុខមាត់ប្រទេសជាតិ និងរដ្ឋាភិបាលបន្តទៀតនោះទេ ព្រោះច្រើនដងពេកហើយ។ បើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីទទួលបានការកោតសរសើរក្នុងការធ្វើកំណែទម្រង់ក្នុងរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានអះអាងថា កាលពីមុនមន្ត្រីស្ថានីយជញ្ជីងថ្លឹងនេះ ធ្លាប់បានដូរ ១៥ស្ថានីយម្តងមកហើយ ហើយលោកសង្ឃឺមថា ការដាក់អ្នកថ្មីមកនឹងល្អជាងអ្នកចាស់៕