(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃអង្គភាពជុំវិញរដ្ឋបាលខេត្តកំពតជាង១០០នាក់។
នៅចំពោះមុខមន្រ្តីរបស់ខ្លូន លោក ជាវ តាយ បានបង្ហាញមោទនភាពថា សម្រាប់ខេត្តកំពត សម្បូរទៅដោយសក្ដានុពលជាច្រើន ដែលជាឱកាសអំណោយផលដល់ដំណើរការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ ធ្វើឲ្យអ្នកវិនិយោគទុននានា កំពុងដាក់ភ្នែកសំឡឹងមើលដើម្បីដាក់ទុនរកស៊ី។
លោកថា «បច្ចុប្បន្ននេះខេត្តកំពត ក៏កំពុងតែមានការអភិវឌ្ឍរីកចម្រើនស្ទើរគ្រប់វិស័យធ្វើឲ្យកំណើនសេដ្ឋកិច្ច សង្គមមានការប្រែប្រួល ជីវភាពប្រជាពលរដ្ឋត្រូវបានលើកកម្ពស់ កាន់តែប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ។ សមិទ្ធផលទាំងនេះ នឹងដំណើរកិច្ចអភិវឌ្ឍន៍ក្នុងខេត្តកន្លងមកនេះ មិនអាចកាត់ផ្ដាច់ចេញពីការខិតខំចូលរួម ប្រកបដោយភាពទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ក្នុងខេត្តបានឡើយ»។
ដោយមិនភ្លេចអំពីការខិតខំប្រឹងប្រែងរបស់មន្រ្តីខ្លួន អភិបាលខេត្តរូបនេះ ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការយកចិត្តទុកដាក់ អនុវត្តតួនាទីភារកិច្ចការងាររបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការរដ្ឋបាលខេត្តនារយៈពេលកន្លងមក។
តែយ៉ាងណានោះ លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ឲ្យបន្តខិតខំយកចិត្តទុកដាក់បំពេញការងារ និងតួនាទីភារកិច្ចរៀងៗខ្លួនបន្ថែមទៀត។ លោកលើកឡើងដោយឲ្យផ្តោតទៅលើការងារបម្រើសេវារដ្ឋបាល និងសេវាសាធារណៈជូនប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានការកក់ក្ដៅ និងជំនឿទុកចិត្តពីរដ្ឋបាលខេត្ត កាន់តែប្រសើរឡើង។
ជាការលើកទឹកចិត្តក្នុងឱកាសនោះផងដែរ លោក ជាវ តាយ បានជូនប្រាក់រង្វាន់ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការចំណុះសាលាខេត្ត ដែលមានចំនួន១៣៤នាក់ ក្នុងម្នាក់ៗ ចំនួន១០០ដុល្លារស្មើគ្នា ហើយរង្វាន់លើកទឹកចិត្តនេះ នឹងក៏ត្រូវទទួលបានទៀងទាត់ជារៀងរាល់ខែ ដោយយោងតាមការប្រកាស និងសន្យារបស់លោកអភិបាលខេត្ត កាលពីចុងឆ្នាំ២០១៨ កន្លងមក។
បើតាមការបញ្ជាក់ពីលោក វ៉ិត វឌ្ឍនា នាយករដ្ឋបាលសាលាខេត្ត បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នមន្រ្ដីរាជការស៉ីវិល នៃក្រសួងមហាផ្ទៃសម្រាប់ខេត្តកំពត មានចំនួនសរុប៤២២នាក់ ស្រី១២១នាក់ ក្នុងនោះ មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធចំណុះសាលាខេត្តសរុបចំនួន១៣៤នាក់ ស្រី៣៨នាក់៕