(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត នាយករងខុទ្ធកាល័យ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកសម្របសម្រួល មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ បាននាំយកថវិកាប្រមាណជាង៣០លានរៀល ទៅប្រគល់ជូនក្រុមគ្រួសារសព លោកព្រិន្ទបាលឯក ទី ស៊ីដេ សមាជិកវរអន្តរាគមន៍ពិសេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលមរណភាព ដោយជួបគ្រោះថ្នាក់ចរាចរណ៍។
លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី បាននាំនូវប្រសាសន៍សួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ របស់នាយឧត្តមសេនីយ៍ សៅ សុខា ទៅដល់ក្រុមគ្រួសារសព។
លោកបានបន្តថា អង្គភាពកងរាជអាវុធហត្ថទាំងមូល មានការសោកស្តាយយ៉ាងក្រៀមក្រំបំផុត ចំពោះការបាត់បង់ លោកព្រិន្ទបាលឯក ទី ស៊ីដេ ពីជួរអង្គភាពកងរាជអាវុធហត្ថ។
លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត ក៏បានឲ្យដឹងដែរថា ក្រោមការដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា លោកតែងតែ គិតគូរអំពីសុខទុក្ខរបស់បងប្អូន នាយទាហាន ទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ដែលនៅក្រោមឱវាទ និងបានផ្តួចផ្តើមបង្កើតមូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថនេះឡើង ក្នុងគោលបំណងជួយសម្រួលទៅដល់ជីវភាព របស់ក្រុមគ្រួសារអាវុធហត្ថ ពលី មរណៈ ដែលបានបាត់បង់សមាជិកជាទីស្រលាញ់របស់ខ្លួន និងបានបន្សល់សមាជិកនៅក្នុងបន្ទុកជាច្រើននាក់ ធ្វើឲ្យពួកគាត់មានដើមទន់ជីវិត ដើម្បីបន្តការរៀនសូត្រ ចប់ចុងចប់ដើមរបស់កូនចៅ និងបង្កើតមុខរបរសម្រាប់ជីវិតសំរាប់ទ្រទ្រង់ក្នុងគ្រួសារទាំងមូល ក្នុងការបន្តដំណើរទៅមុខបន្តទៅទៀត។
លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានបន្តឲ្យដឹងទៀតថា ជានិច្ចជាកាល លោកនាយឧត្តមសេនីយ៍ សៅ សុខា តែងតែដាស់តឿន និងក្រើនរំលឹក ទៅដល់មេបញ្ជាការ តាមបណ្តាអង្គភាព ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់ ត្រូវយកចិត្តទុកដាក់ទៅលើការរស់នៅ ជីវភាព សុខមាលភាព របស់បងប្អូន និងក្រុមគ្រួសារ អាវុធហត្ថ ដែលនៅក្រោមឱវាទទាំងអស់ ជាពិសេសនៅពេលដែលបងប្អូន កំពុងជួបនូវទុក្ខលំបាក ដូចជាពេលនេះជាដើម៕