(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវទៅដល់បងប្អូនពលរដ្ឋខ្មែរជាប់សែស្រឡាយចិន ឬក៏ជនជាតិចិននៅកម្ពុជា ត្រូវមានស្មារតីប្រុងប្រយ័ត្នឲ្យបានខ្ពស់លើការអុជធូបទៀន និងដុតក្រដាសសែនជាដើមនៅក្នុងថ្ងៃសែនចូលឆ្នាំចិន កុំឲ្យបង្កទៅជាគ្រោះអគ្គិភ័យ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវនៅលើ Facebook នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះយ៉ាងដូច្នេះ «សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលអុជធូបទៀន និងដុតក្រដាសសែន ចៀសវាងអគ្គីភ័យដែលអាចកើតមានឡើងដោយសារការធ្វេសប្រហែសណាមួយ»។
ពិធីសែនចូលឆ្នាំប្រពៃណីចិន នឹងឈានចូលមកដល់នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩សប្តាហ៍ក្រោយនេះហើយ។ គ្រាដែលពិធីសែនចូលឆ្នាំចិនជិតចូលមកដល់នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចផងដែរថា ក្រោមដំបូលនៃសុខសន្តិភាពរបស់ប្រទេសជាតិ គ្មានអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិនព្រួយបារម្ភនោះឡើយ ក្រៅតែពីការមមាញឹកត្រៀមរៀបចំពិធីអបអរសាទរ និងជួបជុំសប្បាយរីករាយជាមួយក្រុមគ្រួសារ ក៏ដូចជាត្រៀមរៀបចំសម្ភារៈ ចំណីចំណុក ម្ហូបអាហារ និងអាំងប៉ាវ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នផងដែរ សម្រាប់ការធ្វើដំណើរកម្សាន្តទៅទីជិតឆ្ងាយកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕