(ភ្នំពេញ)៖ សម្តេច សម្តេចសង្ឃនាយក សម្តេចព្រះរាជាគណៈ មន្ត្រីសង្ឃ និងថ្នាក់ដឹកនាំស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា លោកស្រី ញ៉ែម សាខន ភរិយាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រលប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ បានរៀបចំពិធីបុណ្យចម្រើនអាយុវឌ្ឍនមង្គល និងស្រោចព្រះសុគន្ធវារី ថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ៨៧ ឈានចូល៨៨ព្រះវស្សា។ ពិធីនេះបានរៀបចំនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ។
កម្មវិធីបុណ្យនេះ ផ្តើមធ្វើឡើងដោយសម្តេចព្រះវនរ័ត ណយ ច្រឹក ព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះឧត្តមបញ្ញា ដួង ផង់ សមាជិកថេរសភាសង្ឃនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះឧត្តមវង្សា មួង រ៉ា សមាជិកថេរសភាសង្ឃនៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គទីប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះពុទ្ធជ័យ ឃឹម សន ព្រះមេគុណរាជធានីភ្នំពេញ ព្រមទាំងព្រះមន្ត្រីសង្ឃ គណៈកម្មការវត្តឧណ្ណាលោម។
នៅក្នុងឱកាសដ៏វិសេសវិសាលនោះដែរ ព្រះសង្ឃ ពុទ្ធបរិស័ទទាំងប្រជាជនខ្មែរព្រមទាំងពុទ្ធបរិស័ទបរទេស ដែលកាន់ព្រះពុទ្ធសាសនា បានសំដែងនូវសេចក្តីគោរពស្រឡាញ់រកពាក្យអ្វីមកប្រៀបផ្ទឹមពុំបាន និងសូមឱ្យសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាមានសុខភាពល្អបរិបូរណ៍ ពូលានុភាពមាំមួន ជន្មាយុយ៉ឺនយូរជារយឆ្នាំ ដើម្បីបន្តស្ថិតនៅជាម្លប់ ដ៏ត្រជាក់ដល់ពុទ្ធបរិស័ទជិតឆ្ងាយផងដែរ។
ពិធីនេះដ៏មហាឱឡារិកនេះ មានការយាង និមន្តអញ្ជើញចូលរួមពីសំណាក់សម្ដេច ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន និងមានការចូលរួមពីគណៈប្រតិភូព្រះសង្ឃ-ពុទ្ធបរិស័ទអន្ដរជាតិនានារួមមាន៖ ប្រទេសកូរ៉េ ប្រទេសថៃ និងប្រទេសវៀតជាដើម គណៈប្រតិភូព្រះសង្ឃ-បរិស័ទប្រទេសវៀតណាម ដឹកនាំដោយព្រះតេជគុណ VUONG TAN VIET ព្រះចៅអធិការវត្ត PHAT QUANG ដោយមានការសម្របសម្រួលពីលោកឧកញ៉ា ចាន់ ជា ទីប្រឹក្សាផ្ទាល់សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ត្រីក្រសួង មន្ទីរ ស្ថាប័នរដ្ឋ-ឯកជនយ៉ាងច្រើនកុះករផងដែរ។
សូមបញ្ជាក់ដែរថា ក្នុងមួយព្រះជន្មាយុរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានបូជានូវកម្លាំងកាយពល និងបញ្ញាញាណ ក្នុងវិស័យព្រះពុទ្ធសាសានា ដែលធ្វើឱ្យវិស័យព្រះពុទ្ធសាសនា មានកេរ្តិ៍ឈ្មោះបោះសម្លេងនៅក្នុងឆាកអន្តរជាតិ និងតំបន់ ជាពិសេសប្រជាពលរដ្ឋកម្ពុជាទូទៅគោរពស្រឡាញ់។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនោះផងដែរ សម្ដេច ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ គ្រប់ ឋានានុក្រម ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទាំងអស់ បានថ្វាយព្រះពរចំពោះសម្ដេចជាអម្ចាស់សូមសម្ដេចមានព្រះរាជសុខភាពល្អបរិបូរ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ តទៅ៕