(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត និងវិទ្យាស្ថានប្រសាទវិទ្យា នៃប្រទេសថៃ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ បានបើកវគ្គបណ្ដុះបណ្ដាលចែករំលែក បទពិសោធន៍រវាងគ្នា ពីការព្យាបាលជំងឺ «គ្រោះថ្នាក់សរសៃឈាមខួរក្បាល»។
ការចែករំលែកបទពិសោធន៍នេះ ធ្វើឡើងក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកប្រសាទសាស្ដ្រនៃសមាជិកអាស៊ាន ២០១៩ ស្ដីពីការព្យាបាលជំងឺ «គ្រោះថ្នាក់សរសៃឈាមខួរក្បាល» ដើម្បីបណ្ដុះបណ្ដាលសិក្ខាកាមនេះ ឲ្យកាន់តែស្វែងយល់ច្បាស់ពីបច្ចុប្បន្នភាព នៃជំងឺប្រព័ន្ធប្រាសាទ និងការព្យាបាល ។
ការសហប្រតិបត្ដិការរវាង មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត និងវិទ្យាស្ថានប្រសាទវិទ្យា នៃប្រទេសថៃ គឺមានការអញ្ជើញចូលរួម ពីលោកសាស្ដ្រាចារ្យ ងី ម៉េង នាយកមន្ទីរពទ្យ មិត្ដភាពខ្មែរ-សូវៀត និងលោកវេជ្ជបណ្ឌិត ស៊ុឆៃ តូវណ្ណាប៊ុត អតីតប្រធានវិទ្យាស្ថានប្រសាទវិទ្យា នៃសុខភាពសាធារណៈ ។
ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យ ងី ម៉េង បានថ្លែងថា ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ នឹងផ្ដល់នូវបទពិសោធន៍ ចំណេះជំនាញបន្ថែមទៀត ដល់គ្រូពេទ្យកម្ពុជាយើង ។លើសពីនោះ ការបណ្ដុះបណ្ដាលនេះ នឹងជួយពង្រឹង និងពង្រីកទំនាក់ទំនងរវាងមន្ទីរពេទ្យកម្ពុជា-ថៃ កាន់តែប្រសើរឡើងមួយកម្រិតទៀត ៕