(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយឃាត់រថយន្តដឹកទំនិញចេញចូលម៉ោងខុសជាច្រើនគ្រឿង នៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
ឧត្តមសេនីយ៍ត្រី ចេវ ហាក់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា កម្លាំងនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ ទៅលើរថយន្តធុនធំប្រភេទកង់១០ ដែលមិនអនុញ្ញាតឲ្យចូលរាជធានីភ្នំពេញ ក្នុងនោះកម្លាំងជំនាញរបស់លោក បានដាក់ពង្រាយចំនួន៣គោលដៅធំៗ។
លោកអះអាងទៀតថា គោលដៅធំៗនោះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ, ផ្លូវហាណូយ ខណ្ឌសែនសុខ, ផ្លូវលេខ៥៩៨ និងផ្លូវជាតលេខ៥ ក្នុងខណ្ឌឬស្សីកែវ ហើយការចុះអនុវត្តច្បាប់ចរាចរណ៍តាមគោលការណ៍ បានធ្វើឡើងតាមច្បាប់របស់សាលារាជធានីភ្នំពេញ ក៏ដូចជាក្រសួងមហាផ្ទៃ ដែលបានចេញនៅអនុក្រឹត្យនេះផងដែរ។
លោកឧត្តមសេនីយ៍ត្រី ចេវ ហាក់ បានបន្តថា នៅក្នុងការចុះអនុវត្តច្បាប់ចរាចរណ៍ ក៏ដូចជាការត្រួតពិនិត្យទៅលើរថយន្តធុនធំនេះ គឺចាប់ផ្ដើមតាំងពីព្រឹក រហូតដល់ល្ងាច ដោយកម្លាំងនគរបាលជំនាញ បានធ្វើការឃាត់រថយន្តធុនធំ បានចំនួន២០គ្រឿង។
ដោយឡែក ចំពោះរថយន្តដែលកម្លាំងនគរបាលជំនាញបានធ្វើការឃាត់នោះ និងធ្វើការផាកពិន័យ ព្រមទាំងសុំគោលការណ៍ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការពន្យល់ណែនាំដល់ម្ចាស់អាជីវករ ដែលបើកមុខរបរ រថយន្តដឹកទំនិញធុនធំទាំងឡាយ ស្ដីអំពីច្បាប់អនុញ្ញាតឲ្យរថយន្តធុនធំ ចេញចូលមានម៉ោងកំណត់ត្រឹមត្រូវ។
លោកឧត្តមសេនីយ៍ត្រី បានបន្ថែមថា ចំពោះរថយន្តដឹកទំនិញធុនធំទាំងអស់ មិនត្រូវអនុញ្ញាតឲ្យចូលក្នុងរាជធានីភ្នំពេញ ចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១០យប់នោះឡើយ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី ចេវ ហាក់ បានសំណូមពរដល់ម្ចាស់អាជីវកម្មទាំងឡាយ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងគោរពតាមគោលការណ៍ដែលសាលារាជធានីភ្នំពេញបានដាក់ចេញ ហើយចំពោះម្ចាស់អាជីវកម្មណាដែលមិនគោរពតាមគោលការណ៍ខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ និងធ្វើការឃាត់រថយន្តទុករហូតដល់មានបទបញ្ជាថ្មីពីសាលារាជធានីភ្នំពេញ៕