(សៀមរាប)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ជ័យជម្នះ ៧មករា បានសង្រ្គោះអាយុជីវិតប្រជាជនដែលនៅសេសសល់ពីការកាប់សម្លាប់បានទាន់ពេលវេលា ហើយបាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង និងបានធ្វើឱ្យជាតិទាំងមូលរស់ឡើងវិញ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារអនុស្សាវរីយ៍ទីបញ្ជាការរណសិរ្ស៤៧៩ កងទ័ពស្ម័គ្រចិត្តវៀតណាមនៅកម្ពុជា នៅខេត្តសៀមរាប នាថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩នេះ។
លោកឧត្តមសេនីយ៍ឯក បានលើកឡើងថា ទោះបីពេលវេលាបានកន្លងផុតទៅជាច្រើនទសវត្សហើយក៏ដោយ ក៏យើងទាំងអស់គ្នានៅតែចងចាំជានិច្ចនូវមហាសោកនាដកម្ម ដែលបណ្តាលមកពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍របស់ពួកឃាតករអាវខ្មៅ ដែលបានធ្វើឲ្យកម្ពុជាក្លាយជាវាលពិឃាដពោរពេញដោយឈាម និងទឹកភ្នែករបស់ប្រជាជន។ ប្រជាជនកម្ពុជារាប់លាននាក់ ត្រូវបានសម្លាប់រង្គាលយ៉ាងអាណោចអធ័ម ព្រមជាមួយនោះ រចនាសម្ព័ន្ធសង្គមជាតិទាំងមូលត្រូវបំផ្លាញខ្ទេចខ្ទីដល់ឫសគល់។ ស្ថិតក្នុងកាលៈទេសៈនៃមហន្តរាយនេះ កម្លាំងអ្នកសេ្នហាជាតិ ដែលនៅសល់ពីការកាប់សម្លាប់នៃរបប ប៉ុល ពត បានក្រោកឈរតស៊ូប្រកបដោយវីរភាព ប្រឆាំងតបតនឹងរបបនេះ ហើយបានរួមគ្នាបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅថ្ងៃ ២ ធ្នូ ឆ្នាំ១៩៧៨ ដើម្បីដឹកនាំប្រជាជនធ្វើការតស៊ូរំដោះប្រទេសជាតិពីរបបដ៏កាចសាហាវនេះ។ កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលមានការគាំទ្រពីប្រជាជនកម្ពុជានៅទូទាំងប្រទេស និងទទួលបានការជួយឧបត្ថម្ភដ៏ធំធេង ទាន់ពេលវេលា និងមានប្រសិទ្ធភាពពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម ក៏ដូចជាពីកម្លាំងស្នេហាសន្តិភាព និងយុត្តិធម៌នានានៅលើពិភព-លោក បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ នៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩។ ជ័យជម្នះ ៧ មករា បានសង្រ្គោះអាយុជីវិតប្រជាជនដែលនៅសេសសល់ពីការកាប់សម្លាប់បានទាន់ពេលវេលា បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង និងបានធ្វើឱ្យជាតិទាំងមូលរស់ឡើងវិញ។
លោកបានបន្តទៀតថា ក្រោយថ្ងៃរំដោះ ស្ថានភាពសន្តិសុខជាតិត្រូវបន្តប្រឈមនឹងការគំរាមកំហែងនៃការប៉ុនប៉ងវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ដែលនេះជាដំណាក់កាលមួយទៀតដ៏សែនលំបាកជាទីបំផុត ដែលដៃម្ខាងខិតខំស្តារសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាជនឡើងវិញពីលេខសូន្យ និងពីបាតដៃទទេ ហើយដៃម្ខាងទៀតត្រូវប្រយុទ្ធទប់ស្កាត់មិនឲ្យរបប ប៉ុល ពត វិលមកវិញបាន។ ប្រសិនបើពេលនោះយើងមិនអាចរាំងស្កាត់បាននូវការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ទេនោះ យើងពិតជាពុំអាចមានជីវិត និងមានអ្វីៗមកដល់ថ្ងៃនេះបានឡើយ។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា ដូច្នេះការជួបជុំនាថ្ងៃនេះ រួមជាមួយនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារអនុស្សាវរីយ៍ទីបញ្ជាការរណសិរ្ស៤៧៩ កងទ័ពស្ម័គ្រចិត្តវៀតណាមនៅកម្ពុជា គឺជាព្រឹត្តិការណ៍មួយដ៏មានអត្ថន័យដ៏ជ្រាលជ្រៅបំផុត ដើម្បីជាការរំឭកដឹងគុណចំពោះគុណូបការៈដ៏ឧត្តុង្គឧត្តម និងពលិកម្មដ៏ធំធេងរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្ស៤៧៩ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ក្នុងការប្រយុទ្ធការពារជាតិ និងប្រជាជនកម្ពុជាឱ្យរស់ឡើងវិញក្នុងសេចក្តីសុខសាន្ត។
លោកបានថ្លែងអំណរគុណចំពោះបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជន វៀតណាម ដែលបានជួយឧបត្ថម្ភថវិកាក្នុងការជួសជុលឡើងវិញនូវសំណង់ជាប្រវត្តិសាស្ត្រទាំងអស់នេះ ដែលជាការចូលរួមប្រកបដោយអត្ថន័យ និងមនោសញ្ចេតនាស្មោះស្ម័គ្រជាមួយប្រជាជន និងកងទ័ពកម្ពុជា ដើម្បីរំឭកឡើងវិញនូវអនុស្សាវរីយ៍នៃវីរភាពដ៏អង់អាចក្លាហាន និងពលិកម្មដ៏ធំធេង ក្នុងបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់ជាតិ និងប្រជាជនកម្ពុជា។
លោកបានចាត់ទុកថា ស្នាដៃដ៏ធំធេងនេះ ត្រូវបានកត់ត្រាទុកជារៀងរហូតនៅក្នុងការចងចាំរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប គ្រប់ៗជំនាន់ ដែលស្រឡាញ់សន្តិភាព សេរីភាព និងយុត្តិធម៌។ ទន្ទឹមនឹងនេះ លោកសូមអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការល្អ និងស្មារតីជួយគ្នាទៅវិញទៅមក រវាងបញ្ជាការដ្ឋានយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម តាំងពីដើមរៀងមក ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីនៃកងទ័ព និងប្រជាជនទាំងពីរកាន់តែជិតស្និទ្ធ រឹងមាំ ប្រកបដោយការយោគយល់ និងការជឿទុកចិត្តគ្នា៕