(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានណែនាំឲ្យមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាលោកនាយកសាល លោកគ្រូ អ្នកគ្រូ ត្រូវរៀបចំសោភ័ណ្ឌសាលារបស់ខ្លួន ឲ្យបានស្អាតដើម្បីជាភាពទាក់ទាញឲ្យសិស្សចង់មករៀនសូត្រ។
លោកអភិបាលអះអាងទៀតថា អត្រាបោះបង់ការសិក្សារបស់សិស្ស ដោយសារមូលហេតុសាលារៀនឆ្ងាយពីផ្ទះ លែងជាបញ្ហាទៀតហើយ ព្រោះនៅតាមភូមិ ឃុំខ្លះរាជរដ្ឋាភិបាលសាងសង់សាលារៀន រហូតដល់កំរិតអនុវិទ្យាល័យឯណោះ។
លោកអភិបាលខេត្តថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមបិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០១៧-២០១៨ និងលើកទិសដៅឆ្នាំសិក្សា២០១៨-២០១៩ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា «បញ្ហាសំខាន់ដែលយើងត្រូវគិតគូរនៅពេលនេះ គឺយើងត្រូវរកវិធីសាស្ត្រធ្វើយ៉ាងណាទាក់ទាញសិស្សឲ្យចង់រៀន ដោយក្នុងនោះ គ្រប់សាលារៀនត្រូវរៀបចំសោភ័ណ្ឌភាពឲ្យបានស្អាត មានរបង មានខ្លោងទ្វារ មានទីតាំងលេងកីឡាជាដើម»។
ជាមួយគ្នានោះ លោកអភិបាលខេត្តបានផ្តាំផ្ញើដល់លោកនាយកសាលាមួយចំនួន ដែលដឹងខ្លួនថា សាលារៀនរបស់ខ្លួនមិនទាន់មានសោភ័ណ្ឌទេ គួរតែត្រឡប់ទៅវិញ ត្រូវដឹកនាំលោកគ្រូ អ្នគ្រូ សិស្សានុសិស្ស តាមរយៈការធ្វើពលកម្មប្រចាំសប្តាហ៍មួយអាទិត្យម្តង ត្រូវនាំគ្នាធ្វើឲ្យបានស្អាត មិនត្រូវឲ្យព្រៃដុះពេញសាលានោះទេ។
ដោយឡែក សន្និបាទអប់រំនៅពេលនេះ គឺជាឱកាសឲ្យយើងបានជួបជុំគ្នា រវាងអ្នកពាក់ព័ន្ធក្នុងវិសយ័អប់រំ ដើម្បីធ្វើការបូកសរុបវាយតម្លៃ នៃការអនុវត្តគោលនយោបាយអប់រំ ជាពិសេសផែនការយុទ្ធសាស្ត្រវិស័យអប់រំ ដែលបានអនុវត្តកន្លងមក។ ទន្ទឹមនោះយើងបានសម្រេចដាក់ចេញនូវវិធានការ និងទិសដៅការងារសម្រាប់ឆ្នាំសិក្សាថ្មីនេះ ឲ្យកាន់តែប្រសើរឡើងថែមទៀត ស្របទៅនិងតម្រូវការចាំបាច់ នៃការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស នៅគ្រប់កម្រិតសិក្សាទូទាំងខេត្ត។
ជាមួយនឹងទិសដៅដែលអង្គសន្និបាត បានសម្រេចរួចមកហើយ លោក អ៊ុន ចាន់ដា បានផ្តល់អនុសាសន៍ មួយចំនួនដែលពាក់ព័ន្ធ ទៅនឹងការអនុវត្តគោលនយោបាយអប់រំទាំង២ សម្រាប់អនុវត្តនៅឆ្នាំសិក្សាខាងមុខរួមមាន៖ ធានាការអប់រំមានគុណភាព សមធម៌ បរិយាប័ន្ន និងលើកកម្ពស់ ឱកាសការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា និងធានាភាពស័ក្កិសិទ្ធិនៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់៕