(ពោធិ៍សាត់)​៖​ គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយ លោក ជា វ៉ាន់ដេត ប្រធានគណៈកម្មការ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ បានអញ្ជើញចុះបំពេញបេសសកម្មនៅខេត្តពោធិសាត់ ដើម្បីស្វែងយល់អំពីប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់នានា ពាក់ព័ន្ធនិងវិស័យដែលគណះកម្មការទី៣នៃរដ្ឋសភាទទួលខុសត្រូវ ក៏ដូចជាស្ថានភាពទូទៅនៃការរីកចម្រើនលើគ្រប់វិស័យនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត ពិសេសលើការងារផែនការ វិនិយោគ និងធនធានទឹក។

លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិ​បាលខេត្តពោធិសាត់ បានជម្រាបពីស្ថានភាពទូទៅ នឹងសភាពការណ៍ក្នុងខេត្ត ពិសេស គឺការងារផែនការ វិនិយោគ និងធនធានទឹក។

លោក ម៉ៅ ធនិន បានរាយការណ៍ជូនគណៈប្រតិភូរដ្ឋសភាថា វិស័យផែនការក្នុងខេត្ត ខេត្តសម្រេចបានក្នុងឆ្នាំ២០១៨ មានដូចជា ចុះប្រមូលទិន្នន័យផលិតផលក្នុងស្រុកសរុប GDP ប្រចាំឆ្នាំ និងទិសដៅបន្ត។ បានចុះប្រមូលទិន្នន័យសន្ទស្សន៍ថ្លៃទំនិញ នៅលើទីផ្សារក្នុងក្រុង ស្រុក ភូមិ ឃុំ ជាប្រចាំ នឹងបានប្រមូលទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រគ្រប់ភូមិ។ ការធ្វើវិភាគទិន្នន័យ ចងក្រងសៀវភៅឯកសារព័ត៏មានស្ថានភាព និងសៀវភៅព័ត៏មានពិន្ទុវិស័យ និងបានសម្របសម្រួលបច្ចេកទេសស្តីពីការរៀបចំគម្រោងសកម្មភាពអាទិភាពឃុំ សង្កាត់ ដើម្បីដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលឃុំ សង្កាត់។ បានធ្វើការបញ្ចូលទិន្នន័យគម្រោងសកម្មភាពអាទិភាពឃុំ សង្កាត់ក្នុងប្រព័ន្ធបច្ចេកវិទ្យាតាមរយះកម្មវិធីគ្រប់គ្រងគម្រោងថ្នាក់ក្រោមថ្នាក់ជាតិ។ល។

លោកអភិបាលខេត្តបានបន្តថា ចំពោះវិស័យវិនិយោគវិញ នៅក្នុងខេត្តមានដីសម្បទានសេដ្ឋកិច្ចសម្រាប់ដំណាំកសិ-ឧស្សាហ៍កម្ម មានក្រុមហ៊ុនវិនិយោគ៣ ក្នុងនេះមាន ក្រុមហ៊ុនអភិវឌ្ឍន៍រតនាវិសាល ក្រុមហ៊ុនភាពីមុិច ក្រុមហ៊ុន អុឹម ឌី អេស MDS។ សរុបផ្ទៃដីសម្រាប់ក្រុមហ៊ុនវិនិយោគទាំង ៣ មានចំនួន ១១១,៦៧៦ ហិកតា ក្នុងមានដូចជា ដំណាំដំឡូមី ស្រូវ ស្វាយ កៅស៊ូ ម្រេច និងដំណាំកសិ-ឧស្សាហ៍កម្ម។

លោកអភិបាលខេត្តបានបន្ថែមថា សម្រាប់វិស័យធនធានទឹកវិញ ខេត្តបានស្តារ និងជួសជុលប្រព័ន្ធធារាសាស្ត្រមានដូចជា ស្តារប្រឡាយមេ ជួសជុលប្រឡាយរង ជួសជុលទំនប់គ្រួសក្រហម សាងសង់សំណង់លូទឹក សាងសងសំណង់ទ្វារទឹក សរុបទាំងអស់មាន ៣ខ្សែ ១៤កន្លែង ស្មើ ៧៣៣២ ម។

ទន្ទឹមនិងលទ្ធផលសម្រេចបានទាំងអស់នេះ ខេត្តក៏មានកិច្ចការងារជាច្រើនទៀតដែលត្រូវអនុវត្តបន្ត ខិតខំដោះស្រាយនូបវញ្ហាប្រឈមមួយចំនួន ឲ្យស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ររបស់រាជរដ្ឋាភិបាលកម្ពុជាសំដៅលើកកម្ពស់កិច្ចអភិវឌ្ឍខេត្តឲ្យបានកាន់តែរីកចម្រើនថែមទៀត។​ លោក​ ម៉ៅ​ ធនិន​ បញ្ជាក់បន្ថែម។

លោក ម៉ៅ ធនិន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូគណៈកម្មការទី៣នៃរដ្ឋសភា ដែលបានយកចិត្តទុកដាក់ចុះបំពេញបេសកកម្មនៅខេត្តពោធិសាត់ ដើម្បីស្វែងយល់អំពីប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់នានា ពាក់ព័ន្ធនិងវិស័យដែលគណៈកម្មការទី៣នៃរដ្ឋសភាទទួលខុសត្រូវ ក៏ដូចជាស្ថានភាពទូទៅនៃការរីកចម្រើនលើគ្រប់វិស័យនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តពោធិសាត់។

ក្រោយពីបានស្តាប់ការរាយការណ៍របស់លោកអភិបាលខេត្តរួចមក លោក ជា វ៉ាន់ដេត បានកោតសរសើរ ដោយបានវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធនានា ដែលខិតខំប្រឹងប្រែងក្នុងការដឹកនាំ ធ្វើឱ្យខេត្តពោធិសាត់មានការរីកចម្រើន ដែលបានលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តកាន់តែប្រសើរឡើង។

បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តពោធិសាត់រួចហើយ ក្នុងថ្ងៃដដែលនោះ ប្រតិភូគណៈកម្មការជំនាញរដ្ឋសភាបានបន្តដំណើរចុះពិនិត្យសត្វឃាតដ្ឋានក្នុងទីរួមខេត្ត។ ចុះពិនិត្យទីតាំងចាក់សម្រាម។
ចុះពិនិត្សសិក្សាស្វែងយល់ផ្លូវអភិវឌ្ឍន៍ជនបទ នៅឃុំចំការអូរស្រុកបាកាន និងចុះពិនិត្យកសិដ្ឋានគំរូ ចំការបន្លែ នៅឃុំត្រពាំងជង ស្រុកបាកាន។ ជាមួយគ្នាផងដែរ លោក ជា វ៉ាន់ដេត បានជូនថវិកាចំនួន ២លានរៀល ដល់កសិដ្ឋានគំរូសម្រាប់ជីកអណ្តូងដើម្បីបម្រើដល់កសិដ្ឋានទាំងមូល៕