(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នឹងមានជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំហើយ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃទិវាបុណ្យខួបកំណើតនេះ លោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញទាំងអស់ បានសម្តែងនូវបីតិសោមនស្សរីករាយគោរពជូនពរជ័យបវរមហាប្រសើរជូនចំពោះសម្តេចវិបុលសេនាភក្តី សូមបានប្រកបដោយសុខភាពល្អប្រសើរ មានកម្លាំងមាំមួន អាយុយឺនយូរ ប្រាជ្ញាឈ្លាវៃ ដើម្បីសម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់ថ្មីៗថែមទៀតក្នុងបេសកកម្មដ៏ខ្ពង់ខ្ពស់ និងជាប្រវត្តិសាស្ត្រសម្រាប់ជាតិមាតុភូមិកម្ពុជាដ៏រុងរឿង។
លោក អ៉ឹម ឈុនលឹម ក៏បានគូសបញ្ជាក់ក្នុងលិខិតជូនពរនេះថា រូបលោក ក៏ដូចជាមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញទាំងអស់ តែងតែចងចាំជានិច្ចក្នុងដួងចិត្តនូវសកម្មភាពប្រកបដោយគតិបណ្ឌិត និងឧត្តមគតិស្នេហាជាតិ មាតុភូមិរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងការចូលរួមស្តារ កសាង ការពារ និងអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជាជាទីស្នេហាឲ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ។
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ ក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រៃ ទេវតាគ្រប់ទិសទី ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមជួយជ្រោមជ្រែងបីបាច់ថែរក្សាការពារសម្តេចវិបុលសេនាភក្តី និងភរិយា បុត្រា បុត្រី ព្រមទាំងចៅៗទាំងអស់ បានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕