(ភ្នំពេញ)៖ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ងី មានហេង បានថ្លែងបញ្ជាក់ថា ការបរិភោគភេសជ្ជៈផ្អែម អាចកើតមានហានិភ័យចំនួន៤ធំៗដល់សុខភាព គឺ ធាត់, ពុកធ្មេញ, ទឹកនោមផ្អែម និងជំងឺបេះដូង។

ការថ្លែងបែបនេះ របស់លោកវេជ្ជបណ្ឌិត ក្នុងឱកាសបញ្រ្ជាបចំណេះដឹងអំពី ការកាត់បន្ថយការញុំាភេសជ្ជៈផ្អែម តាមរយៈការអនុវត្ដសុខុមាលភាពទីកន្លែង ដែលប្រារព្ធធ្វើឡើងនៅ ភោជនីយដ្ឋានទន្លេបាសាក់២ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ ។

លោកវេជ្ជបណ្ឌិត ងី មានហេង បានថ្លែងបន្ដថា ផលប៉ះពាល់សុខភាពកើតលើប្រជាជនកម្ពុជាអាយុ ២៥ទៅ៦៤ឆ្នាំ ចាប់ពីឆ្នាំ២០១០ ដល់២០១៦ គឺប្រេវ៉ាឡង់ នៃអ្នកលើសទម្ងន់ ឬធាត់ កើតពី១៥.៤% ទៅ២១.៩% ហើយប្រេវ៉ាឡង់នៃអ្នកមានជាតិស្ករលើសក្នុងឈាម កើនពី១.៤% ទៅ៩.៦%។ បើគិតទៅលើកុមារនៅភ្នំពេញ ញាំស្ករច្រើនណាស់ ដោយតាមការអង្កេតសុខភាព លើសិស្សកម្ពុជា ក្នុងឆ្នាំ២០១៣ មាន៤២% នៃសិស្សផឹកភេសជ្ជៈផ្អែម មួយ ឬច្រើនកំប៉ុងក្នុងមួយថ្ងៃ ។

ជាងនេះទៅទៀតលោកវេជ្ជបណ្ឌិតបានថ្លែងទៀតថា ដោយបញ្ហាទាំងអស់នេះ មានកើនឡើងពីមួយថ្ងៃទៅមួយ ក្រសួងសុខាភិបាល និងដៃគូពាក់ព័ន្ធ រួមគ្នាបើកយុទ្ធនាការបញ្ជ្រាបចំណេះដឹង ជូនប្រជាពលរដ្ឋ ឲ្យបន្ថយការពិសាភេសជ្ជៈផ្អែម ដោយបានបើកយុទ្ធនាការចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកាឆ្នំា២០១៨មកម្ល៉េះ ដោយគិតមកដល់ពេលនេះមាន៧លើកហើយ។ សម្រាប់អ្នកចូលរួមក្នុងកម្មវិធី គឺជនបង្គោលដែលចាំបាច់ ក្នុងការផ្សព្វផ្សាយ ដូចជា ក្រុមប្រឹក្សាសង្កាត់ គ្រូបង្រៀន នាយកនាយកសាលារដ្ឋ និងឯកជន អាជីវករ និងភាគីពាក់ព័ន្ធមួយចំនួនទៀត ទូទាំងរាជធានីភ្នំពេញ គឺទាំង១២ខណ្ឌ និង១០៥សង្កាត់​ សុរប៩១៧នាក់ ។

ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានថ្លែងបន្ដថា «គោលបំណង គឺយើងចង់បញ្ជ្រាបឲ្យប្រជាពលរដ្ឋ មានការយល់ដឹងពីបញ្ហាប្រឈមនៃការពិសាភេសជ្ជៈផ្អែម ដែលបង្កឲ្យយើងឈឺបាន គឺសរសៃឈាម ជំងឺបេះដូង អាចឲ្យគំាងបេះដូង ឲ្យស្លាប់មួយចំហៀងខ្លួន កើតជំងឺទឹកនោមផ្អែម ជំងឺកង់ស៊ែ (ជំងឺមហារីក) ដង្កូវស៊ីធ្មេញធាត់។ ក្នុងនោះ៩០% ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ពិសាភេសជ្ជៈផ្អែមនេះច្រើនលើសលុប» ។

លើសពីនោះ លោកវេជ្ជបណ្ឌិតបន្ដថា «ដើម្បឲ្យប្រជាពលរដ្ឋ មានសុខុមាលភាព យើងបានរៀបចំគោលនយោបាយ កាត់បន្ថយការញុំាភេសជ្ជៈផ្អែម បន្ដការត្រួតពិនិត្យ តាមដានការញុំាភេសជ្ជៈផ្អែម ជាពិសេស ចំណោមកុមារ ត្រូវផ្សព្វផ្សាយផលប៉ះពាល់ សុខភាពដែលបណ្ដាលមកពីញុំាភេសជ្ជៈផ្អែម»។

ទន្ទឹមនឹងនោះ លោកស្រី កែវ សុខពិសី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងថា «យើងនឹងប្ដេជ្ញារួមគ្នា សម្រាប់សុខុមាលភាពទីក្រុង ពិសេសក្រោយពីទទួលបាននូវចំណេះដឹងនៃសិក្ខាសាលានេះហើយ សូមបងប្អូនយើង ចូលរួមយ៉ាងសកម្ម ក្នុងការជួយផ្សព្វផ្សាយបន្ដ ពីផលប៉ះពាល់សុខភាព ដែលបណ្ដាលមកពីការពិសាភេសជ្ជៈផ្អែមលើសច្រើន ដែលមានជំងឺទាំងបួនធំៗខាងលើនេះ ដែលនឹងអាចស្លាប់មុនអាយុ ដូច្នេះយើងត្រូវបន្ដផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសសិស្សសាលា ដែលធ្វើយ៉ាងណាឲ្យពួកគាត់មានសុខភាពល្អ អាចចូលរួមអភិវឌ្ឍសង្គមជាតិ និងទីក្រុង កាន់តែមានការរីកចម្រើន ប្រកបដោយធនធានមនុស្សដែលបរិបូរណ៌»។

ព្រមជាមួយគ្នានោះដែរ អ្នកចូលរួមក្នុងសិក្ខាសាលានេះ លោកតាំង ធេង បានលើកឡើងថា «សិក្ខាសាលានេះ សំខាន់ណាស់ ហើយខ្ញុំនឹងផ្សព្វផ្សាយចែករំលែក ពីផលប៉ះពាល់នៃការពិសាភេសជ្ជៈផ្អែមនេះ ហើយខ្ញុំពីមុនពិសាច្រើនណាស់ក្នុងមួយថ្ងៃៗ តែខ្ញុំនឹងកាត់បន្ថយការពិសាវាឲ្យបានកាន់តែច្រើន»។

សូមជម្រាបថា ក្រសួងសុខាភិបាល បានណែនាំផងដែរថា ដើម្បីសុខភាព កាត់បន្ថយការប្រើប្រាស់ជាតិផ្អែម បង្កើនលំហាត់ប្រាណ ជម្រើសល្អដើម្បីសុខភាព ហូបទឹកស្អាត ទឹកដាំពុះ ឬភេសជ្ជៈ ដែលមិនមានជាតិផ្អែម បើអ្នកផឹកភេសជ្ជៈផ្អែម មានហ្គាស ចំណុះ៣៣០មីលីលីត្រ អ្នកត្រូវដើរចម្ងាយផ្លូវប្រហែល៣គីឡូម៉ែត្រ ដើម្បីដុតបំផ្លាតថាមពល១៣៥កាឡូរី ពីភេសជ្ជៈដែលអ្នកបានផឹកនោះ ៕