​(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៅល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ បានអំពាវនាវដល់ ម្ចាស់សហគ្រាស និងម្ចាស់បុរីទាំងឡាយណា ដែលមិនទាន់ចុះបញ្ជីសុំប្រើប្រាស់ភ្នាក់ងារសន្ដិសុខឯកជន ត្រូវរួសរាន់មកចុះបញ្ជីតាមផ្លូវច្បាប់របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាពពាក់ព័ន្ធនានា។

លោកឧត្តមសេនីយ៍​ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនលើកទី១១ បានថ្លែងយ៉ាងដូច្នេះថា ​«អគ្គស្នងការដ្ឋាននគរបាលជាតិ តម្រូវឲ្យសហគ្រាសគ្រឹះស្ថាន និងម្ចាស់បុរី ដែលជ្រើសរើសភ្នាក់ងារសន្តិសុខឯកជន គ្មានច្បាប់អនុញ្ញាត ត្រូវរួសរាន់សុំច្បាប់អនុញ្ញាតពី​​សាលារាជធានី-ខេត្ត ឲ្យបានឆាប់បំផុត»

ប្រធាននាយកដ្ឋានរូបនេះ បានសង្កត់ធ្ងន់ទៀតថា ប្រសិនបើសហគ្រាសគ្រឹះស្ថាន​ទាំងអស់នោះនៅបន្ដរឹងរួស​ ​​នៅដើមឆ្នាំ២០១៩នេះ ក្រុមការងារ​អគ្គ​ស្នងការដ្ឋាននគរបាលជាតិ នឹងចុះស្រាវជ្រាវអនុវត្តវិន័យ​ដល់សហគ្រាសគ្រឹះស្ថានណា ដែលពុំបានសុំច្បាប់អនុញ្ញាត ហើយនៅតែបន្តសកម្មភាព ផ្ទុយពីច្បាប់កំណត់ដោយពិន័យជាប្រាក់១០លានរៀល រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ​​បានលើកទឹកចិត្តឲ្យភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ សូមរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន នៅរាល់គ្រប់បទល្មើស ដែលកើតមានឡើងនៅតាមគោលដៅ ដែលខ្លួនកំពុងតែយាមកាម ហើយព័ត៌មានទាំងអស់នឹងត្រូវរក្សាការសម្ងាត់ជូន ព្រមទាំងផ្ដល់នូវរង្វាន់ លើកទឹកចិត្តផងដែរ ព្រោះភ្នាក់ងារសន្ដិសុខឯកជន ជាកម្លាំងជំនួយដល់សមត្ថកិច្ច។

យ៉ាងណាមិញ លោកឧត្តមសេនីយ៍​ លឹម សុខារស្មី ក៏បានពន្យល់ផងដែរថា ពាក្យថាកម្លាំងជំនួយ គឺត្រូវចាំថាខ្លួនមិនមែនជាសមត្ថកិច្ចទេ ដូច្នេះមិនត្រូវធ្វើអ្វីឲ្យលើសពីតួនាទីរបស់ខ្លួនឡើយ ហើយត្រួវសម្រួលសហការជាមួយសមត្ថកិច្ចគ្រប់ពេលវេលា ហើយលោកអះអាងថា ការរារាំងណាមួយ ឬការអនុវត្តតួនាទីលើសពីភារកិច្ចរបស់ខ្លួន អាចនាំឲ្យកើតមានជាបទល្មើសផ្សេងមួយទៀត។

បើតាមលោកប្រធាននាយកដ្ឋាន កត្ដាទាំងអស់នេះហើយ បានជាក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែយកចិត្តទុកដាក់បំផុត លើវិស័យសន្ដិសុខឯកជនមួយនេះ ដែលជាវិស័យមួយមានការរីកចម្រើនយ៉ាងខ្លាំង ស្របតាមប្រទេសជាតិធ្វើឲ្យការអភិវឌ្ឍលើគ្រប់វិស័យ។

ជាមួយគ្នានេះ លោកប្រធាននាយកដ្ឋាន ក៏បាន​ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទទាំងអស់ នៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ដែលបានផ្តួចផ្តើមរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលដ៏មានសារៈប្រយោជន៍នេះឡើង ហើយក៏សូមអរគុណដល់ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថានទាំងអស់ ដែលកន្លងមកតែងតែផ្តល់កិច្ចសហការល្អ ជាពិសេសបានគោរព និងអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តិនានានៃ​កម្ពុជា៕