(ភ្នំពេញ)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្ដល់ជំនួយជាថវិកាជាង១៧លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបង្កើន និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបនៅកម្ពុជា ក្នុងខេត្តចំនួន៦រួមមាន៖ ខេត្តកណ្តាល កំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ និងកំពង់ចាម។
គម្រោងអភិវឌ្ឍន៍វារីវប្បកម្ម សម្រាប់និរន្តភាពពាណិជ្ជកម្ម (CAST) នៅប្រទេសកម្ពុជា បានប្រកាសបើកការអនុវត្ត នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Michael Newbill តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកស្រី Megan Francic តំណាងក្រសួងកសិកម្មសហរដ្ឋអាមេរិក, លោក Jim Hershey នាយកគម្រោង CAST នៅកម្ពុជា, តំណាងអង្គការ សង្គមស៊ីវិល និងថ្នាក់ដឹកនាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សរុបប្រមាណ៧០នាក់។
លោករដ្ឋមន្រ្តី វេង សាខុន បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានគាំទ្រ និងចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាក់ស្តែងតាមរយៈគម្រោងនេះ បានបង្ហាញពីជំហរ របស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រដល់គោលនយោបាយដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យកសិកម្ម ជាវិស័យអាទិភាពមួយ ដែលដើរតួនាទីសំខាន់ ក្នុងការចូលរួមចំណែករក្សានូវនិរន្តភាព នៃកំណើនសេដ្ឋកិច្ចកម្ពុជា ធានាសមធម៌ សន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោករដ្ឋមន្រ្តី បានបន្ថែមទៀតថា វិស័យវារីវប្បកម្មនៅកម្ពុជា កំពុងផ្តល់នូវសញ្ញា នៃការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយឡែកវិស័យនេះ ក៏មានការប្រឈមជាច្រើនដូចជា គុណភាពកូនត្រីពូជមិនទាន់ឆ្លើយតប តាមតម្រូវការ កង្វះខាតនូវការទទួលបានបច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ តម្រូវការអនាម័យ និងស្តង់ដារភូតគាមអនាម័យ និងស្ថានភាពទីផ្សារដែលភ្ជាប់រវាងទីផ្សារក្នុងស្រុក និងអន្តរជាតិក៏នៅមានកម្រិត។
លោកថា «ដូច្នេះគម្រោង CAST Cambodia នេះពិតជាចាំបាច់ និងឆ្លើយតបទាន់ពេលវេលា ដើម្បីសម្រេចបានតាមគោលដៅ នៃការសម្របសម្រួលផ្គត់ផ្គង់ត្រី បានទាំងបរិមាណ មានគុណភាពខ្ពស់ និងតម្លៃល្អប្រសើរ នៅប្រទេសកម្ពុជា ក្នុងបរិបទនៃសាកលភាវូបនីយកម្ម»។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តីកសិកម្ម ក៏បានស្នើអង្គភាពជំនាញបង្កើនសមត្ថភាព បច្ចេកទេសវារីវប្បកម្ម ដល់មន្រ្តីជលផល និងប្រជាពលរដ្ឋទូទៅ ក្នុងខេត្តគោលដៅ នៃគម្រោងឲ្យបានកាន់តែប្រសើរ និងជួយផ្សព្វផ្សាយ ទៅដល់វារីវប្បករនៃខេត្តផ្សេងៗ ឲ្យបានទូលំទូលាយថែមទៀត ដើម្បីបង្កើនសក្តានុពល នៃផលិតផលជលផលទាំងបរិមាណ គុណភាព និងកាត់បន្ថយការនាំចូល។
លោកបន្ដថា ដោយឡែកស្ថានីយភ្ញាស់កូនត្រីពូជនីមួយៗ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឡើងវិញ ដើម្បីបង្កាត់ភ្ញាស់កូនត្រីពូជឲ្យបានច្រើន ប្រកបដោយគុណភាពល្អ សម្រាប់ចែកជូនកសិករ ដើម្បីជំរុញការចិញ្ចឹមផង និងលែងទៅ ក្នុងធម្មជាតិផង ព្រមទាំងត្រូវលើកទឹកចិត្ត ដល់ផ្នែកឯកជនក្នុងការវិនិយោគបង្កើនស្ថានីយភ្ញាស់កូនត្រីពូជ កសិដ្ឋានចិញ្ចឹមត្រី រោងចក្រផលិតចំណីត្រី រោងចក្រកែច្នៃផល ផលិតផលជលផលជាដើម។
លោក Michael Newbill បានបញ្ជាក់ថា គម្រោង (CAST) ជាគម្រោងដ៏សារៈសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍អនុវិស័យជលផលនៅកម្ពុជា ជាពិសេសលើការអភិវឌ្ឍបច្ចេកទេស និងបច្ចេកវិទ្យាវារីវប្បកម្ម ដើម្បីធានានូវនិរន្តភាព ផលិតផលជលផលនៅកម្ពុជា និងបង្កើននូវគុណភាព និងស្តង់ដារផលិតផលត្រី។
តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជារូបនេះ បានបន្ថែមទៀតថា លើសពីនេះ គម្រោង CAST ក៏នឹងជួយដល់ការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិកផងដែរ។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍វារីវប្បកម្ម សម្រាប់និរន្តភាពពាណិជ្ជកម្មនៅកម្ពុជានេះ ទទួលបានការគាំទ្រនូវថវិកាចំនួនជាង១៧លានដុល្លារអាមេរិក ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីបង្កើន និងអភិវឌ្ឍន៍វារីវប្បកម្ម ទឹកសាបនៅកម្ពុជា នៅក្នុងខេត្តចំនួនប្រាំមួយរួមមាន៖ ខេត្តកណ្តាល កំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ និងកំពង់ចាម។
គម្រោងនេះ ត្រូវបានផ្តល់ឥណទាន ដោយផ្ទាល់ពីក្រសួងកសិកម្មសហរដ្ឋអាមេរិក សម្រាប់ដំណើរការកម្មវិធី ស្របទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វារីវប្បកម្ម នៃរាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះ នឹងជួយជំរុញដល់ការ កំណើនកូនត្រីពូជ និងចំណី ព្រមទាំងពង្រឹងគ្រប់ទំនាក់ទំនង ក្នុងខ្សែច្រវាក់តម្លៃ ពីកន្លែងបង្កាត់ភ្ញាស់ទៅអ្នកផលិត អ្នកទិញ និងអ្នកចែកចាយ។
កម្ពុជា នឹងទទួលបានផលប្រយោជន៍ ពីការកើនឡើងនូវទំនុកចិត្ត និងឈានទៅទទួលបាននូវផលត្រី ដែលមានគុណភាពខ្ពស់ និងស្តង់ដារសមរម្យ។ លើសពីនេះ គម្រោងនេះ នឹងជួយសេដ្ឋកិច្ចជាតិកម្ពុជា តាមរយៈការនាំចេញផលត្រី ទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកប្រកបដោយគុណភាព៕