(ភ្នំពេញ)៖ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមសម្តែងនូវអំណរសាទចំពោះសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលបានបញ្ជាក់យ៉ាងច្បាស់ថា «ភ្នំពេញ ត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយប្រទេសកម្ពុជា បានចាប់ផ្តើមធ្វើដំណើរ ឆ្ពោះទៅរកអនាគតមួយដ៏ភ្លឺស្វាង»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ។
អ្នកនាំពាក្យ បានគូសបញ្ជាក់ទៀតថា «ការរំដោះនេះ គឺជាការលះបង់ដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ ក្រោមកិច្ចនាំមុខប្រកបដោយប្រសិទ្ធភាព និងមោទនភាពជាតិខ្មែររបស់ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយមានការស្ម័គ្រចិត្ត ចូលរួមដោយកងទ័ពជាមិត្ត ពីសាធារណរដ្ឋសង្គមនិយមវៀតណាម។ នេះជាប្រវត្តិសាស្រ្តពិត ដែលមិនអាចប្រកែកបាន»។
ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល យល់ឃើញ និងស្វាគមន៍ក្នុងតម្លៃខ្ពស់របស់សហរដ្ឋអាមេរិក ដែលបានបង្កើតទំព័រប្រវត្តិសាស្ត្រនយោបាយថ្មី តាមយៈកិច្ចតាំទ្រអង្គជំនុំ ជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជាដែលបានកាត់ទោសលោក នួន ជា និងលោក ខៀវ សំផន ពីបទប្រល័យពូជសាសន៍។ ទោះបីជាប្រវត្តិសាស្ត្រ និងរួមជាមួយអ្នកនយោបាយរបស់សហរដ្ឋអាមេរិក ក៏ដូចជា បេក្ខជនប្រធានាធិបតីទី៤៥ ទទួលស្គាល់ និងស្វែងនូវការសោកស្តាយ ក្នុងកិច្ចពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក ដែលបានឈ្លានពានឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា នៅសម័យកាលឆ្នាំ១៩៧០ ដល់១៩៧៥ និងការជ្រៀតជ្រែកនយោបាយផ្ទៃក្នុងរបស់កម្ពុជា ដែលបង្កើតឱកាសឱ្យខ្មែរក្រហមឈានឡើងមកកាន់អំណាចជាមួយនឹងការសម្លាប់រង្គាលនេះ។
ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមប្រកាសជាឱឡារិក ក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យភាពកម្ពុជា រួមទាំងកិច្ចថែរក្សាមិនឱ្យប្រជាជាតិជាទីស្រឡាញ់ជាងជីវិតរបស់ខ្លួន ធ្លាក់ទៅក្រោមអនានិគមប្រជាជាតិណាមួយ ឬបម្រើភូមិសាស្រ្តនយោបាយ នៃផលប្រយោជន៍របស់មហាអំណាចណាមួយឡើយ។
សូមបញ្ជាក់ថា ការចេញសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលខាងលើនេះ បន្ទាប់ពីស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីម្សិលមិញ បានបង្ហាះខ្លឹមសារនៅលើ Page Facebook ផ្លូវការរបស់ខ្លួន ដោយលើកឡើងចំពោះទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា។
ស្ថានទូតអាមេរិកបានរម្លឹកថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទីក្រុងភ្នំពេញត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរ ទៅរកអនាគតមួយដែលភ្លឺស្វាង និងប្រកបដោយក្តីសង្ឃឹម។
នៅខួបលើកទី៤០ នៃខែមករា ជាប្រវត្តិសាស្ត្រនេះ ស្ថានទូតអាមេរិក សូមឧទ្ទិសដល់ជីវិតប្រជាជនកម្ពុជា ជាង២លាននាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម និងប្រជាជនដែលរស់រានមានជីវិតពីរបបនេះ ប្រមាណ៥លាននាក់ ដែលទទួលរងការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ នេះជាការបញ្ជាក់បន្ថែមរបស់ស្ថានទូតអាមេរិក៕