(ឧត្តរមានជ័យ)៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ប្រធាន និងអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តឧត្តរមានជ័យ។
ក្នុងនោះសមាគមបានទទួលស្គាល់ លោក ប៉ែន កុសល អភិបាលខេត្តឧត្ដរមានជ័យ ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត និងអនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត ចំនួន០៣រូបគឺ ទី១៖លោក ចូវ សង្អៀប ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន, ទី២៖លោក ហេង សុខអេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងទី៣៖លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន។
ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី គន់ គីម បានសុំឲ្យ ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនគ្រប់ថ្នាក់នៅក្នុងខេត្ត ត្រូវយកចិត្តទុកដាក់លេីការងារសាងសង់ផ្ទះជូនអតីតយុទ្ធជនយេីងដែលគ្មានផ្ទះ ឬមានផ្ទះមិនសមរម្យ។
បន្ថែមពីនេះ ត្រូវខិតខំចុះជួបសមាជិកដើម្បីពិនិត្យមេីលស្ថានភាពជីវភាព សុខភាព របស់ពួកគាត់ហើយត្រូវជួយដោះស្រាយបញ្ហាពេលឃើញពីទុក្ខលំបាក ដូចជា ខ្វះខាតជីវភាព ត្រូវជួយឧបត្ថម្ភ បេីមានជំងឺត្រូវបញ្ជូនទៅមន្ទីរពេទ្យ ឬ បង្កលក្ខណៈឲ្យទទួលបានសេវាសាធារណៈផ្សេងៗឲ្យសមទៅនិងគុណបំណាច់របស់ពួកគាត់ ដែលបានលះបង់ដេីម្បីបុព្វហេតុជាតិមាតុភូមិក្នុងរយៈកាលកន្លងមក និងបន្តសហការគ្នាអនុវត្តការចូលរួមបុណ្យសព បើកផ្តល់ប្រាក់មរណសង្គ្រោះ និងប្រាក់ធានារ៉ាប់រងសង្គមឲ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះ លោក ប៉ែន កុសល ក្នុងនាមជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត បានប្តេជ្ញាថា នឹងបន្តជួយឧបត្ថម្ភគាំទ្រលើកទឹកចិត្ត និងខិតខំចលនាកៀងគរ សប្បុរសជននានា ដើម្បីដោះស្រាយការលំបាករបស់បងប្អូនអតីតយុទ្ធជន៕