(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ បានជំរុញលើកទឹកចិត្តអ្នកជាប់ពន្ធទាំងអស់ ចូលរួមប្រើប្រាស់នូវប្រព័ន្ធ និងកម្មវិធីរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងន័យទទួលបានសេវា អ្នកជាប់ពន្ធដែលមានភាពសាមញ្ញ ងាយស្រួល មានគុណភាព ប្រកបដោយតម្លាភាព និងមានភាពឆាប់រហ័ស។
ការជំរុញលើកទឹកចិត្តបែបនេះ ធ្វើឡើងក្នុងឱកាសដែលោកអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាស្ដីពី «កាតព្វកិច្ចពន្ធលើប្រាក់ចំណូល និងប្រព័ន្ធគ្រប់គ្រងអាករលើតម្លៃបន្ថែម» នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ។
សិក្ខាសាលានោះក៏មានការចូលរួមរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ ប្រធាន-អនុប្រធាននាយកដ្ឋានថ្នាក់កណ្ដាល លោកប្រធាន-អនុប្រធានសាខាពន្ធដារខេត្ត-ខណ្ឌ ព្រមទាំងមន្ត្រីពន្ធដារជំនាញដែលពាក់ព័ន្ធ ព្រមទាំងលោក លោកស្រី នាងកញ្ញា ជាម្ចាស់ និងតំណាងសហគ្រាសនៅកម្ពុជា។
លោក គង់ វិបុល បានជម្រាបជូនអង្គសិក្ខាសាលាថា ក្នុងរយៈពេល០៥ឆ្នាំកន្លងមកនេះ ដោយអនុវត្តតាម យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលក្នុងនោះមាន «អភិបាលកិច្ចល្អ» ជាស្នូលយុទ្ធសាស្រ្ត និងដោយអនុវត្តស្របតាម «កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP)» ព្រមទាំង «យុទ្ធសាស្រ្តកៀរគរចំណូលរយៈពេលមធ្យម ២០១៤-២០១៨» និងក្រោមការចង្អុលបង្ហាញណែនាំ ដោយផ្ទាល់ពី អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន, អគ្គនាយកដ្ឋានពន្ធដារបានខិតខំពង្រឹងនូវ «អភិបាលកិច្ចល្អ» ដោយផ្ដោតជាសំខាន់លើ៖ ១៖ រដ្ឋបាលកិច្ចល្អ (Good Administration), ២៖ ប្រសិទ្ធភាពនៃភាពជាអ្នកដឹកនាំ (Effective Leadership and Management), និង ៣៖ គុណូបធិបតេយ្យ (Meritocracy) និងសម្រេចបាននូវលទ្ធផលនិងសមិទ្ធផលល្អប្រសើរជាច្រើន ប្រកបដោយប្រសិទ្ធភាព និងស័ក្តសិទ្ធភាព ជូនរាជរដ្ឋាភិបាលនិងប្រទេសជាតិ។
លោកអគ្គនាយកបានលើកឡើងផងដែរថា សម្រាប់ឆ្នាំ២០១៨ កន្លងទៅនេះ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានចំនួន ៨៧៩១.៤០ប៊ីលានរៀល (ប្រមាណ ២,១៩៧.៨៥លានដុល្លារអាមេរិក) ស្មើនឹង១១៤.២៧% នៃផែនការច្បាប់ បើទោះជានេះ ឆ្នាំ២០១៨ នេះ ជាឆ្នាំបោះឆ្នោត ដែលកន្លងមកតែងតែមានការធ្លាក់ចុះក្នុងការប្រមូលពន្ធក៏ដោយ ហើយនេះជាការឆ្លុះបញ្ចាំងអំពីជំនឿទុកចិត្តរបស់វិនិយោគិន សហគ្រាសជាអ្នកជាប់ពន្ធ និងសាធារណជន លើស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
លោកក៏បានថ្លែងអំណរគុណ ចំពោះដល់សហគ្រាសជាអ្នកជាប់ពន្ធទាំងឡាយ ដែលបានចូលរួមចំណែកក្នុងបុព្វហេតុ នៃការធ្វើកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសារពើពន្ធ តាមរយៈការបំពេញកាតព្វកិច្ចសារពើពន្ធ អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ស្ដីពីពន្ធដារជាធរមាន ដែលនេះជាកត្តាជំរុញឱ្យមានការសម្រេចបាននូវសមិទ្ធផល នៃការគ្រប់គ្រងប្រមូលចំណូលដូចបានជម្រាបជូនខាងលើនេះ។
លោកអគ្គនាយកបានបញ្ជាក់ទៀតថា ជាពិសេសថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញនូវ ប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម ដែលបានចាប់ផ្ដើមអនុវត្តពីខែមករា ឆ្នាំ២០១៩នេះ។ ដោយឡែក សហគ្រាសទាំងឡាយដែលពុំទាន់បានធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស ត្រូវមកធ្វើបច្ចុប្បន្នភាព ដើម្បីជាប្រយោជន៍ទទួលបាននូវសេវា ដូចបានរៀបរាប់ខាងលើ។
លោក គង់ វិបុល បានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តធ្វើបច្ចុប្បន្នភាពច្បាប់ និងបទប្បញ្ញត្តិស្ដីពីពន្ធដារ ទំនើបកម្មរដ្ឋបាលសារពើពន្ធ ទន្ទឹមនឹងនេះ ក៏មានការពង្រឹងនូវកិច្ចសហប្រតិបត្តិការតាមរយៈយន្តការ នៃភាពជាដៃគូជាមួយវិស័យឯកជន ជាអាទិ៍ជាមួយ សភាពាណិជ្ជកម្មកម្ពុជា, សភាពាណិជ្ជកម្មអ៊ឺរ៉ុប, និងសភាពាណិជ្ជកម្មកូរ៉េ ។ល។ សម្រាប់ការលើកទឹកចិត្តផ្នែកពន្ធដារ ថ្មីៗនេះមានការដាក់ចេញនូវប្រកាសលេខ ១០០ សហវ.ប្រក ស្ដីពីការព្យួរទុកការបង់ប្រាក់រំដោះពន្ធ លើប្រាក់ចំណូល របស់សហគ្រាសប្រកបអាជីវកម្មក្នុងវិស័យកសិកម្ម បន្ថែមលើការគាំទ្រជាហូរហែរកន្លងមកដល់វិស័យនានា ដូចជាវិស័យកសិកម្ម អប់រំ ស្រូវ-អង្ករ និងកាត់ដេរជាដើម។
គួររំលឹកផងដែរថា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការដ៏មុតស្រួចមួយចំនួន ក្នុងនីតិកាលទី ៦ នៃរដ្ឋសភានេះ ដើម្បីជួយលើកកម្ពស់ភាពប្រកួតប្រជែង និងការកែលម្អបរិយាកាសធុរកិច្ច (Ease of Doing Business) ដែលជាអាទិ៍មានដូចជា ១៖ កាត់បន្ថយថ្លៃអគ្គិសនីចាប់ពីឆ្នាំ២០១៩ សម្រាប់អ្នកប្រើប្រាស់, ២៖ បញ្ចប់តួនាទីអចិន្រ្តៃយ៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល និងកំពង់ផែលុបចោលអង្គភាពកម្ពុជាភ្នាក់ងារនាវាចរ (កាំសាប), ៣៖ ការកែសម្រួលការផ្តល់សេវាសាធារណៈរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និង៤៖ ការរៀបចំការធ្វើវិសោធនកម្មច្បាប់ស្តីពីការវិនិយោគនិងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងវិធានការនានាជាច្រើនទៀត៕