(ភ្នំពេញ)៖ ដោយសារតែការខិតប្រឹងប្រែងបំពេញភារកិច្ច រួមចំណែករាល់គ្រប់សកម្មភាពសព្វបែបយ៉ាង ដោយមិនគិតពីការនឿយហត់ រហូតដល់ធ្លាក់ខ្លួនឈឺជាទម្ងន់ របស់លោក ហម វីរៈ ចៅសង្កាត់រងទី១ នៃសង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ បានទទួលការឧបត្ថម្ភជាថវិកាចំនួន១ពាន់ដុល្លារ ដើម្បីជួយដល់ការដោះបន្ទុកមួយចំនួន ជាមួយក្រុមគ្រួសារពីលោក ជា ពិសី និងលោកស្រី អាន ផល្លា ជា ពិសី ប្រធានអនុគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខណ្ឌ និងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជុំនួសមុខឲ្យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
ស្ថិតក្នុងសមានចិត្តដ៏គួរគោរពរាប់អាន នាឱកាសប្រគល់ និងទទួលកញ្ចប់ថវិកាខាងលើនេះ ក្រុមគ្រួសារជាកូន ជាក្មួយ កំពុងជួបនូវការខ្វះខាតក្នុងបន្ទុក នៃការមើលថែទាំជំងឺរបស់លោក ហម វិរៈ ចៅរងទួលសង្កែទី២ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ជា ពិសី និងលោកស្រី អាន ផល្លា ប្រធានអនុគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខណ្ឌ។
ថ្លែងទៅកាន់ក្រុមគ្រួសាររបស់លោក ហម វីរៈ ចៅសង្កាត់រងទី១ នៃសង្កាត់ទួលសង្កែទី២ ដែលកំពុងធ្លាក់ខ្លួនឈឺជាទម្ងន់ ក្រៅពីការជួបសួរសុខទុក្ខ និងឧបត្ថម្ភថវិកា១ពាន់ដុល្លារ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ លោក ជា ពិសី និងលោកស្រី បានផ្ដាំផ្ញើលើកទឹកចិត្តដល់អ្នកមានជំងឺឲ្យខំតស៊ូថែរក្សាសុខភាពឲ្យបានល្អប្រសើរក្នុងជីវិតរស់នៅដោយមានក្ដីសង្ឃឹមជានិច្ច ដើម្បីរងចាំមើលការរីកចម្រើនរបស់ប្រទេសជាតិ ដែលកំពុងបន្តអភិវឌ្ឃន៍ ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕