(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា រាជបណ្ឌិត្យសភាកម្ពុជា គ្រោងចុះសិក្សាស្រាវជ្រាវ ពីក្បូរក្បាច់រចនារូបអប្សរាទំាងអស់នៅក្នុងតំបន់អង្គរ ដើម្បីចងក្រងជាឯកសារទុកឱ្យប្រជាពលរដ្ឋខ្មែរ និងពលរដ្ឋនៅលើពិភពលោក បានស្គាល់ពីតម្លៃនៃវប្បធម៌ខ្មែរ ខណៈដែលរូបអប្សរា ជាផ្នែកមួយដ៏សំខាន់នៅក្នុងចំលាក់នានាលើប្រាសាទ បុរាណខ្មែរ ដែលបង្ហាញពីលក្ខណៈអត្តចរឹករបស់នារីខ្មែរ។
លោកបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងបាថកថា ស្តីពី «ការស្រាវជ្រាវឡើងវិញ នៃតម្លៃរបស់ តំបន់អាស៊ីអាគ្នេយ៍»។ ពិធីនោះក៏មានការចូលរួមពីលោក Kim Jae Youl ទីប្រឹក្សារបស់រាជបណ្ឌិតសភាកម្ពុជា មកពីប្រទេសកូរ៉ែ រួមទាំងមាន មន្ត្រីរបស់រាជបណ្ឌិតសភាកម្ពុជា និងនិស្សិតជាច្រើនរូបផងដែរ នៅសាលនាងនួន រាជបណ្ឌិត្យសភាកម្ពុជា។
លោក សុខ ទូច បានថ្លែងថា រាជបណ្ឌិត្យសភា នឹងចុះសិក្សាស្រាវជ្រាវពីក្បូរក្បាច់រចនារូបអប្សរាទំាងអស់នៅក្នុងតំបន់អង្គរ ហើយតំណាក់កាលដំបូង និងធ្វើកាស្រាវជ្រាវអំពីម៉ូតសក់របស់អប្សរា និងក្រោយមកទៀតទី២៖ ធ្វើការស្រាវជ្រាវពីក្បាច់រចនាបថ និងដងខ្លួនរបស់អប្សរា ទី៣៖ ស្រាវជ្រាវចំនួនអប្សរាដែលមានទាំងអស់ ហើយក្រោយមកទៀតរាជបណ្ឌិតសភា និងស្រាវជ្រាវប្រភេទនៃអប្សរា ដែលមាននៅតាមប្រាសាទនានា តើវាមានប្រភេទយ៉ាងដូចម្តេចខ្លះ? ជាក់ស្តែងដូចជាប្រាសាទបន្ទាយស្រីអប្សរាដូចម្តេច? សៀមរាបអប្សរាដូចម្តេច? និងប្រាសាទផ្សេងៗទៀត មានអប្សរា យ៉ាងដូចម្តេចខ្លះ?
លោក សុខ ទូច បានឱ្យដឹងទៀតថា រាជបណ្ឌិត្យសភាកម្ពុជា បានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នឹងចាប់ផ្តើមចុះសិក្សាពីចំលាក់រូបអប្សរា លើជញ្ចំាងប្រាង្គប្រាសាទបុរាណខ្មែរ ចាប់ពីដើមឆ្នាំ២០១៩នេះទៅ ហើយជាជំហានដំបូង ក្រុមអ្នកស្រាវជ្រាវបានចាប់ផ្តើមសិក្សាពីម៉ូតសក់របស់រូបអប្សរា ហើយចំពោះគម្រោងសិក្សាពីម៉ូតសក់របស់អប្សារានៅក្នុងតំបន់អង្គរនេះ គ្រោងចំណាយថវិកាជាង ២០០លានរៀល ដែលជាកញ្ចប់ថវិកាជាតិ។
លោកបានបន្ថែមថា អប្សរាគឺជាការបង្ហាញអំពីជីវិតរបស់ស្ត្រីខ្មែរ ដែលរស់នៅក្នុងរាជវាំងនាសម័យនោះ និងជីវិតរស់នៅរបស់ស្ត្រីខ្មែរ ដែលនៅក្នុងសម័យ ដែលយើងមិនបានកើតទាន់នោះ បានន័យថា អញ្ចឹងចម្លាក់ហ្នឹងយើងអាចធ្វើការសិក្សាស្រាវជ្រាវ ដូចយើងបានដឹងហើយថា សំនេរទាក់ទងនឹងអប្សរានេះ គឺយើងមិនមានសល់នោះទេ ដោយសារតែប្រទេសយើង បានឆ្លងកាត់សង្គ្រាមច្រើនជំនាន់មកហើយ ធ្វើឱ្យយើងមិនមានបន្សល់ទុកជាឯកសារទេ មានសល់តែការឆ្លាក់ ប៉ុន្តែយើងបានចង់ចាំទ្រឹស្តីមួយថា អក្សរសិល្ប៍ ជាកញ្ចក់ឆ្លុះបញ្ជាំងរាល់តថភាព អក្សរសិល្ប៍បែបណា សង្គមនឹងបែបនោះដែរ ដូចនេះរាល់ចម្លាក់ទាំងអស់នេះ គឺយើងអាចធ្វើការសិក្សាស្រាវជ្រាវ ហើយពេលយើងស្រាវជ្រាវបានហើយ យើងចងក្រងជាសៀវភៅ សំរាប់ឲ្យមនុស្សជំនាន់ក្រោយបន្តដឹងអំពីថា កម្ពុជាមានវប្បធម៌ខ្ពស់នារីខ្មែរក៏មានវប្បធម៍ខ្ពស់ផងដែរ។
លោកបានបញ្ជាក់ទៀតថា នៅពេលខាងមុខ ក្រោយពីចងក្រងឯកសាររួចហើយ រាជបណ្ឌិត្យសភាកម្ពុជា និងស្នើសុំកញ្ចប់ថវិកាពីរាជរដ្ឋាភិបាល ឆ្លាក់រូបអប្សរាទំាងនោះ ទៅតាមលំនាំដើមរបស់រូបនីមួយៗ ហើយយកទៅដាក់នៅក្នុងសារៈមន្ទីរ រួមជាមួយនឹងការពន្យល់ពីរូបភាពទំាងនោះ ដើម្បីបង្កលក្ខណៈងាយស្រួល ទៅដល់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបានដឹងពីអត្ថន័យនៃរូបអប្សារាទំាងនោះ៕