(ភ្នំពេញ)៖ លោក ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB នឹងជួយរៀបចំប្រព័ន្ធបណ្តុះបណ្តាល បច្ចេកទេស វិជ្ជាជីវៈនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់ប្រទេសជាតិ និងពិភពលោក។
លោករដ្ឋលេខាធិការថ្លែងយ៉ាងដូច្នេះ គឺនៅក្រោយជំនួបសម្តែងការគួរសមជាមួយលោកស្រី Suniya Durrani Jamal នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងក្រសួងការងារ។
លោកថ្លែងថា «ចាប់ពីឆ្នាំ២០១៩ នេះទៅ ADB នឹងជួយរៀបចំកម្មវិធីសិក្សាសង់អគារសិក្សាបន្ថែម បំពាក់សម្ភាររោងជាងទំនើប បណ្តុះបណ្តាលបន្ថែមដល់គ្រូ និងអ្នកដឹកនាំ ឲ្យមានសមត្ថភាពខ្ពស់ ដើម្បីឲ្យស្របទៅតាមបច្ចេកវិទ្យាឌីជីថល និងបដិវត្តឧស្សាហកម្ម ៤.០។
លោកបន្តថា ការជួយរៀបចំប្រព័ន្ធបណ្តុះបណ្តាលរបស់ ADB នេះ គឺធ្វើឡើងតាមរយៈគម្រោងផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ ដែលនឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ២០១៩-២០២៣ ខាងមុខនេះ ដើម្បីអភិវឌ្ឍន៍វិស័យបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ នៅកម្ពុជាឲ្យកាន់តែប្រសើរឡើងថែមទៀត។
លោកបានបញ្ជាក់ថា គម្រោងថ្មីនេះនឹងជួយដល់វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ ចំនួន៥ ដែលមាននៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ដើម្បីឲ្យវិទ្យាស្ថានទាំងនោះបណ្តុះបណ្តាលជំនាញផ្សេងៗដល់សិស្ស-និស្សិត ឲ្យកាន់តែមានសមត្ថភាពខ្ពស់ថែមទៀត ក្នុងការចូលរួមប្រកួតប្រជែងជាមួយយុវជននៅក្នុងតំបន់។
ជាមួយគ្នានេះដែរ នៅឆ្នាំ២០១៩នេះ ក្រសួងការងារនឹងធ្វើកំណែទម្រង់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ
ដោយផ្តោតសំខាន់ទៅលើកត្តាហេដ្ឋារចនាសម្ពន្ធ យន្តការ និងបុគ្គលនៃអង្គភាពបណ្តុះបណ្តាលនីមួយៗ ដើម្បីបង្កើនប្រសិទ្ធភាព និងផលិតភាពការងារនៅក្នុងវិស័យនេះ ឲ្យកាន់តែប្រសើរឡើងថែមទៀត។
ទន្ទឹមនឹងនេះ ក្រសួងការងារក៏នឹងធ្វើទំនើបកម្មផងដែរ ទៅលើកម្មវិធីសិក្សាការពង្រឹងគុណភាពគ្រូ និងថ្នាក់ដឹកនាំនៅតាមអង្គភាពបណ្តុះបណ្តាលនានា ដើម្បីស្របទៅតាមការវិវត្តនៃបដិវត្តឧស្សាហកម្ម ជំនាន់ទី៤ ដែលផ្តោតសំខាន់ទៅលើការប្រើបច្ចេកវិទ្យាឌីជីថល។
គួរបញ្ជាក់ថា កន្លងមក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុវត្តគម្រោងដែលជាហិរញ្ញប្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ីមាន៖
១. Basic Skills Project ឆ្នាំ១៩៩៥-២០០៣
២. គម្រោងអភិវឌ្ឍន៍វិស័យអប់រំ វគ្គ១ (ESDP I) ឆ្នាំ២០០២-២០០៨
៣. គម្រោងអភិវឌ្ឍន៍វិស័យអប់រំ វគ្គ២ (ESDP II) ឆ្នាំ២០០៥-២០១០
៤. គម្រោងសាកល្បងបច្ចេកវិទ្យាក្រោយប្រមូលផល និងកម្មវិធីស្ពានចម្លងបន្តជំនាញ ឆ្នាំ២០០៩-២០១២
៥. គម្រោងពង្រឹងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (STVET) ឆ្នាំ២០១០-២០១៥
៦. គម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVETSDP) ឆ្នាំ២០១៥-២០២១
៧. គម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) ដែលនឹងអនុវត្តនៅឆ្នាំ២០១៩-២០២៤៕