(ត្បូងឃ្មុំ)៖ ដើម្បីបង្កើនកិច្ចសហការស្និទ្ធស្នាល និងយល់ចិត្តគ្នារវាងរដ្ឋបាលខេត្ត និងវិស័យព័ត៌មានក្នុងខេត្តនាថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្ដត្បូងឃ្មុំ ពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានខេត្តត្បូងឃ្មុំ បានរៀបចំឡើងក្រោមអធិបតីភាពលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ។
ក្នុងនោះមានការចូលរួមពីអភិបាលរងខេត្ត នាយករងរដ្ឋបាល និងនាយកទីចាត់ការសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីរាជការមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ម្ចាស់ស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងអ្នកសារព័ត៌មានក្នុងខេត្តសរុបជាង១០០នាក់ ក្រោមការរៀបចំដោយមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ។
លោក ជាម ច័ន្ទសោភ័ណ បានថ្លែងថា ការអភិវឌ្ឍន៍ក្នុងទឹកដីខេត្តត្បូងឃ្មុំ គឺច្រើនណាស់ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែកន្លងមកវិសាលភាពក្នុងការផ្សព្វផ្សាយនៅមានកម្រិត ទើបនាថ្ងៃនេះ បានរៀបចំឲ្យមានការជួបជុំសំណេះសំណាល ជាមួយបងប្អូនអ្នកសារព័ត៌មាន ក្នុងខេត្ដនេះឡើង ដើម្បីកាន់តែយល់ចិត្តគ្នា បង្កើនការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយទៅគ្រប់មជ្ឍដ្ឋាន ដោយកាលពីពេលថ្មីៗនេះ ក៏មានការជួបជុំរវាងសម្តេចតេជោ និងអ្នកសារព័ត៌មានទូទាំងប្រទេសប្រមាណ៥ពាន់ផងដែរ។
ក្នុងឱកាសនោះលោក ជាម ច័ន្ទសោភ័ណ បញ្ជាក់ថា ការជួបជុំសំណេះសំណាលនាថ្ងៃនេះ ជាលើកទី១ ហើយក៏មិនមែនចុងបញ្ចប់នោះដែរ គឺលោកនឹងបង្កើតកម្មវិធីជួបជុំ រវាងអ្នកសារព័ត៌មានក្នុងខេត្ដ ជាមួយអភិបាលខេត្ដយ៉ាងតិចបីខែ ឬក៏មួយឆមាសឲ្យបានម្ដង។
លោកអភិបាលខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា អ្នកសារព័ត៌មានជាអំណាចទី៤ សំខាន់ណាស់ជាភ្នែក ជាច្រមុះ ភ្នែកទិព្វ ត្រចៀកទិព្វ អាចឆ្លុះបញ្ចាំងបាននូវទិដ្ឋភាពជាក់ស្តែងក្នុងការអភិវឌ្ឍន៍ ឬក៏បញ្ហាអវិជ្ជមាននានា ដែលបានកើតឡើងក្នុងរដ្ឋបាលខេត្តទាំងមូល។
លោកអភិបាលខេត្ត បញ្ជាក់ថា លោកនឹងទទួលយករាល់ការផ្សព្វផ្សាយទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន ហើយលោកសំណូមពរបងប្អូនអ្នកសារព័ត៌មាន មុននឹងចុះផ្សាយពីបញ្ហាអសកម្មណាមួយ ដែលមន្ត្រីក្រោមឱវាទ ធ្វើទៅនៅមានចន្លោះខ្វះខាតបន្តិចបន្តូច ឬក៏មន្ត្រីខិលខូចមួយក្តាប់តូច បានប្រព្រឹត្តិនោះ លោកក៏បានចាត់ការតម្រឹមចោលផងដែរ ដោយស្របតាមអភិក្រមសម្តេចតេជោទាំង៥ និងបាវចនា២ទៀត គឺពឹងពាក់បងប្អូនសារព័ត៌មាននេះហើយ ជាអ្នកនាំសារដើម្បីតម្រង់ទិស។
ក្នុងនោះផងដែរ លោកអភិបាលខេត្ត បានស្នើឲ្យបងប្អូនអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយពីការអភិវឌ្ឍន៍ក្នុងខេត្ដត្បូងឃ្មុំ ក៏ដូចជានៅក្នុងប្រទេសយើង ពិសេសនាំគ្នាតបតវិញរាល់ព័ត៌មានញុះញង់ ធ្វើឲ្យប៉ះពាល់ដល់ប្រមុខរាជរដ្ឋាភិបាល នឹងសុខសន្តិភាព ការអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបញ្ជាក់យ៉ាងដូច្នេះថា មានជនមួយក្តាប់តូចនៅក្រៅសង្គម តែងតែបំពុលគ្រប់ការផ្សព្វផ្សាយ ក្នុងនាមបងប្អូនជាអ្នកសារព័ត៌មាន ត្រូវហ៊ានសរសេរឆ្លើយតប វាយបកបុគ្គលនោះ ឬសារព័ត៌មាននោះ ដែលបំផ្លើសបំភ្លៃការពិត ញុះញុងចង់ឲ្យប្រទេសខ្មែរយើងបែកបាក់ នេះជាកត្តាចាំបាច់បំផុត។ លោកក៏បានចែកថវិកាកំដដៃម្នាក់៥ម៉ឺនរៀល និងពិសារអាហារសាមគ្គីជុំគ្នា ប្រកបទៅដោយភាពស្និទ្ធស្នាលផងដែរ។
បើតាមលោក ស ស៊ីណា ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មន្ទីរព័ត៌មានខេត្ត ជាសេនាធិការផ្នែកព័ត៌មានឲ្យរដ្ឋបាលខេត្ត ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាល ហើយជាស្ពានចម្លងមួយ ដើម្បីពាំនាំគោលនយោបាយ របស់រាជរដ្ឋាភិបាល ធ្វើការផ្សព្វផ្សាយឲ្យទូលំទូលាយជូនដល់ប្រជាពលរដ្ឋ និងពាំនាំរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ អោយរាជរដ្ឋាភិបាលដើម្បីរកដំណោះស្រាយជូនពួកគាត់។
ចំណែកប្រព័ន្ធផ្សព្វផ្សាយក្នុងខេត្តត្បូងឃ្មុំ មានវិទ្យុ០៧ស្ថានីយ ទូរទស្សន៍ផ្សាយបន្ត០១ស្ថានីយ ទូរទស្សន៍ខ្សែកាប ០៣ស្ថានីយ ទីស្នាក់ការអង្គភាពសារព័ត៌មាន ចំនួន១១ និងភ្នាក់ងារសារព័ត៌មានប្រចាំខេត្តចំនួន ២៤អង្គភាព។ និយាយដោយឡែកមន្ទីរព័ត៌មាន មានស្ថានីយវិទ្យុជាតិ០១ ផ្សាយ១៨ម៉ោងក្នុង១ថ្ងៃ ទូរទស្សន៍អនឡាញផ្សាយ ៨ម៉ោងក្នុង១ថ្ងៃ ទូរទស្សន៍ខ្សែកាបDigital ផ្សាយ២៤ម៉ោង គេហទំព័របញ្ចូលព័ត៌មានជាប្រចាំ ។ ក្នុងឆ្នាំ២០១៨ ទូរទស្សន៍ផ្សព្វផ្សាយបាន ៤៥៨អត្ថបទ ទទក ២៩៥អត្ថបទ ទូរទស្សន៍ឯកជន ១៦៣អត្ថបទ វិទ្យុផ្សព្វផ្សាយបាន ១៤.៨៤០អត្ថបទ ផ្សាយផ្ទាល់ប្រសាសន៍សម្តច ៧១លើក ព័ត៌មានក្នុងខេត្ត ៤៥៨អត្ថបទ ព័ត៌មានជាតិ អន្តរជាតិ ១៤.៣១១អត្ថបទផងដែរ៕