(ស្វាយរៀង)៖ នៅមិនដល់មួយសប្តាហ៍ទៀតទេ ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន-វៀតណាម នឹងចូលមកដល់ហើយ បើយើងសង្កេតមើលតាមបណ្តាផ្សារទីប្រជុំជនក្រុង-ស្រុក នៃខេត្តស្វាយរៀង មានការដាក់តាំងលក់គោមក្រដាសសែន និងបណ្តាពាក្យស្លោកដែលយកបិតតាំងលំអរតាមគេហដ្ឋាន និងគ្រឿងឧភោគបរិភោគចម្រុះជាច្រើនមុខទៀត ដាក់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម។

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាប់ខ្សែស្រឡាយចិន-វៀតណាម បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គិភ័យ នាឱកាសសែនព្រេនថ្ងៃចូលឆ្នាំប្រពៃណីចិន-វៀតណាម រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី​៤-៧ ខែកុ​ម្ភៈ ឆ្នាំ​២០១៩​។

ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខេត្តលោក ម៉ែន វិបុល បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតមានឡើងជាយថាហេតុជាពិសេសភ្លើងធូប ភ្លើងទាន ភ្លើងចង្ក្រាន ភ្លើងអគ្គិសនី និង ការដុតក្រដាសសែនព្រេនជាដើម និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រាល់ពេលធ្វើដំណើរត្រូវពាក់មួកសុវត្ថិភាព បើកបររថយន្តត្រូវដាក់ខ្សែក្រវ៉ាត់ និងរាល់ពេលបើកបរកុំពិសារគ្រឿងស្រវឹង នឹងត្រូវជៀសវាងអោយឆ្ងាយពីគ្រឿងញៀន៕