(ភ្នំពេញ)៖ កម្លាំងប៉ុស្ដិ៍ច្រាំងចំរេះ១ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោកវរសេនីយ៍ទោ គល់ យី អធិការ តាមបង្ក្រាបជនសង្ស័យជាមុខសញ្ញាជួញដូរ និងប្រើប្រាស់ថ្នាំញៀនចំនួន២នាក់ តែរកឃើញជាក់ស្ដែងឃើញតែឧបករណ៍ប្រើប្រាស់គ្រឿងញៀនប៉ុណ្ណោះ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចក្រុមទី៤ ភូមិ២ សង្កាត់ច្រាំងចំរេះ១ និងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ០៥​ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ។

លោកអនុសេនីយ៍ទោ រឿន វន នាយនគរបាលប៉ុស្ដិ៍ច្រាំងចំរេះ១ បានបញ្ជាក់ថា ជនសង្ស័យដែលកម្លាំងប៉ុស្ដិ៍ឫស្សីកែវ តាមបង្ក្រាបបានក្នុងបទល្មើសប្រើប្រាស់ថ្នាំញៀនមានឈ្មោះ ស៊ី​ វត្ថា​ អាយុ៣៦ឆ្នាំ​ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង​ ភូមិទួលគោក សង្កាត់ទួលសង្កែ១​ ខណ្ឌឬស្សីកែវ ដោយដកហូតវត្ថុតាង មានសម្ភារប្រើប្រាស់ថ្នាំញៀនមួយចំនួន។

លោកនាយប៉ុស្ដិ៍ដដែលបានបន្តថា ជនម្នាក់ទៀតសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀនមានឈ្មោះ សេត រ៉ូហ្សា អាយុ២១ឆ្នាំ ជនជាតិខ្មែរអុីស្លាម មុខរបរកីទ្បាបាលទាត់ មានទីលំនៅផ្ទះគ្មានលេ​ខ ក្រុម៥ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ដោយជាក់ស្ដែងដកហូតវត្ថុតាងបានតែឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនប៉ុណ្ណោះ នៅក្នុងការតាមស្រាវជ្រាវបង្ក្រាបនេះ។

លោកមេប៉ុស្ដិ៍ច្រាំងចំរេះ១រូបនេះបានឲ្យដឹងថា ក្រោយបង្ក្រាបជនសង្ស័យទាំង២នាក់ និងវត្ថុតាងពាក់ព័ន្ធសកម្មភាពប្រើប្រាស់ថ្នាំញៀន ត្រូវនាំយកមកបន្តសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕