(កែប)៖ ដោយសារមានជម្ងឺប្រចាំកាយ រួមរឹតជាច្រើនខែឆ្នាំមកនោះ បានបង្ខំឲ្យមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលពាក់ស័ក្តិ៤ នៃស្នងការដ្ឋាននគរបាលខេត្តកែបម្នាក់ សម្រេចចិត្តបាញ់សម្លាប់ ខ្លួនឯងនៅយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅចំណុចព្រះរាជតំណាក់ស្តេច ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកែប បានឲ្យដឹងថា មន្ត្រីនគរបាលរូបនេះ ឈ្មោះ ឌៀប មៀន អាយុ៤៩ឆ្នាំ បម្រើការងារនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកែប មានទីលំនៅភូមិកែអង្វែ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។
របាយការណ៍បានបន្ថែមថា ជនរងគ្រោះបានយកកាំភ្លើងរបស់ខ្លួនម៉ាក AK-47ស្វាយបត់ អាមេចំនួន២ដង រួចបាញ់ចំបំពង់-ក ខ្លួនឯងធ្លុះទៅក្រោយ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ តែម្តង។
បន្ទាប់ពីធ្វើកោសល្យវិច្ឆ័យលើសាកសពរួច ឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារគ្រាប់កាំភ្លើងប្រាកដមែន ដោយពុំមានស្លាកស្នាមអ្វីផ្សេងឡើយ។ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕