(ប៉ៃលិន)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឲ្យកម្លាំងនគរបាលខេត្ត ស្រុក ក្រុង ឃុំសង្កាត់ ជាពិសេសតាមបណ្តាប៉ុស្តិ៍ទាំងអស់ ត្រូវបើកទ្វារ មានអ្នកប្រចាំការឲ្យបាន២៤ម៉ោង លើ២៤ម៉ោងទាំងយប់ ទាំងថ្ងៃ ដើម្បីចាំទទួលព័ត៌មានពីប្រជាពលរដ្ឋ ដើម្បីដោះស្រាយ និងអន្តរាគមន៍ភ្លាមៗ។
ការណែនាំនេះ ខណៈនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ បានប្រកាសផ្ទេរមុខតំណែង ស្នងការនគរបាលខេត្តប៉ៃលិន ដោយលោកឧត្តមសេនីយ៍ទោ ជា ចាន់ឌិន ត្រូវចូលនិវត្តន៍ជំនួសលោកឧត្តមសេនីយ៍ទោ សេង សុគន្ធជាស្នងការខេត្តប៉ៃលិនវិញ។
លោកឧត្តមសេនីយ៍ទោ ជា ចាន់ឌិន បានសូមទោសដល់កងកម្លាំងនគរបាលទាំងអស់ ក្រោមការដឹកនាំរបស់លោកដែលមានពាក្យសម្តីលើសលោះណាមួយ ដែលប៉ះពាល់ទាំងចេតនា និងអចេតនាព្រោះជាបទបញ្ជាដែលម្រូវឲ្យអនុវត្តន៍ ហើយការអនវត្តតែមានការតឹងតែង និងធូរខ្លះ។ សូមឲ្យកងកម្លាំងទាំងអស់បន្តសហការល្អ និងស្តាប់បទបញ្ជាថ្នាក់លើបន្ថែមទៀត ដើម្បីឲ្យបានរឹងមាំបន្ថែមទៀត ជូនជាតិមាតុភូមិ។
បន្ទាប់មកលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ជាស្នងការនគរបាលខេត្តប៉ៃលិនថ្មី បានប្តេជ្ញាអនុវត្តការងារ និងអនុវត្តតាមផែនការថ្នាក់ដឹកនាំជាពិសេសនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន និងសម្តេចក្រឡាហោម ស ខេង លើការងារក្នុងមូលដ្ឋាន និងអនុវត្តតាមគណ:បញ្ជាការឯកភាពខេត្ត ព្រមទាំងចុះដល់មូលដ្ឋានដើម្បីសំដៅរក្សាឲ្យបានសន្តិសុខ សណ្តាប់ធ្នាប់សុវត្តិភាពជួនជាតិ និងពលរដ្ឋ។
នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ នេត សាវឿន បានណែនាំដល់ថ្នាក់ក្រោម ត្រូវស្វែងយល់ និងគោរពថ្នាក់លើរបស់ខ្លួន ទាំងអស់នេះហើយ សម្រាប់សម្រួលដល់ការងារឲ្យបានជោគជ័យ និងដំណើរការងារដោយរលូន។ នាយឧត្តមសេនីយ៍ ក៏បានផ្ដាំផ្ញើបន្ថែមដល់លោកស្នងការរងទទួលផែនទាំងអស់ ចាប់ពីថ្ងៃនេះតទៅ ត្រូវតែបន្ដរក្សាសាមគ្គីភាពផ្ទៃក្នុង ដើម្បីពង្រឹង និងបង្កើតសមត្ថភាពរបស់មន្ដ្រីទាំងអស់ មិនត្រូវប្រកាន់បក្ខពួក ឬក្រុមណាឡើយ គឺត្រូវធ្វើការងាររួមគ្នា ជូនប្រជាពលរដ្ឋឲ្យស្របតាមអ្វីដែលថ្នាក់ដឹកនាំប្រគល់ជូន៕