(រតនគិរី)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានចូលរួមជាគណៈអធិបតីជាមួយលោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ក្នុងកម្មវិធីចែកធុងចម្រោះទឹកស្អាត ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនប្រជាពលរដ្ឋក្នុងស្រុកវ៉ឺនសៃ ចំនួន ៦៩៦គ្រួសារ ដោយមានការចូលរួមពីមន្ត្រីអាជ្ញាធរមូលដ្ឋាន មន្ទីរពាក់ព័ន្ធ និងមន្ត្រីនៃអង្គការសង្គមស៊ីវិលមួយចំនួន។
ឆ្លៀតក្នុងឱកាសនោះ លោក កឹមរ័ត្ន វិសិដ្ឋ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនហួវៃកម្ពុជា ដែលបានឧបត្ថម្ភធុងចម្រោះទឹកស្អាតសរុបចំនួន២៩៤១ធុង ស្មើនឹងទឹកប្រាក់ចំនួន ១០០.០០០ដុល្លារអាមេរិក ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីចែកជូនដល់ប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាកង្វះខាតទឹកស្អាត ដោយមាន វ.ស.ស. ជាអ្នកសម្របសម្រួលក្នុងកិច្ចការនេះ។
លោកប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. ក៏បានបញ្ជាក់បន្ថែមថា វ.ស.ស. មានភារកិច្ចសម្របសម្រួលនិងជំរុញកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលនិងវិស័យសង្គមស៊ីវិល ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍនៅតាមមូលដ្ឋាន និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាមួយគ្នានេះ ការផ្តល់ជំនួយសប្បុរសធម៌របស់ក្រុមហ៊ុនហួវៃកម្ពុជា គឺជាផ្នែកមួយក្នុងការទទួលខុសត្រូវដល់សង្គមរបស់ក្រុមហ៊ុនហួវៃកម្ពុជា ដែលជាក្រុមហ៊ុនមានការច្នៃប្រឌិតខ្ពស់ក្នុងវិស័យបច្ចេកវិទ្យា និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មានវិទ្យា (ICT) នៅក្នុងប្រទេសកម្ពុជា៕