(កំពង់ចាម)៖ ផែនអន្ដោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ បានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសង្គម និងការអនុវត្តការងារនគរបាលប្រចាំខែមករា និងលើកទិសដៅបន្តខែកុម្ភៈ ឆ្នាំ២០១៩។
កិច្ចប្រជុំនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សិត សិលា ស្នងការរងទទួលផែនអន្ដោប្រវេសន៍ និងមានការចូលរួមពី លោក លោកស្រី នាយ នាយរងការិយាល័យទាំងពីរ លោកនាយ នាយរងផ្នែកទាំងពីរការិយាល័យ លោកអធិការរង ផែនការងារអន្តោប្រវេសន៍ លោកនាយផ្នែកទទួលការងារ អន្តោប្រវេសន៍ ស្រុក ក្រុងទាំង១០ និងមន្ត្រីទាំងអស់ចំណុះផែនការងារអន្តោប្រវេសន៍ទាំងអស់។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សិត សិលា បានផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ១០១ សជណ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ ស្តីពីការពន្យាឱសានវាទ នៃការទទួលពាក្យសុំប្រកាសទទួលស្គាល់ ជាជនបរទេសអន្តោប្រវេសន្ត និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។
បន្ថែមពីនេះលោកឧត្តមសេនីយ៍ស្នងការរង ក៏បានផ្សព្វផ្សាយអំពីសេចក្តីណែនាំលេខ ០០៤ ស.ជ.ណ /អ.អ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្តីពីការធ្វើបញ្ជីស្ថិតិជនបរទេសបែបអន្តោប្រវេសន្ត ដែលមិនទាន់ត្រូវបានដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី និងមិនទាន់ដាក់ពាក្យសុំប្រកាសទទួល ស្គាល់ជាជនបរទេសអន្តោប្រវេសន្ត និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍៕