(ព្រះសីហនុ)៖ ខេត្តព្រះសីហនុបច្ចុប្បន្ន បាននិងកំពុងក្លាយទៅជាកន្លែង ប្រជុំដោយប្រជាពលរដ្ឋដែលមកពីតំបន់ផ្សេងៗ ចូលមកធ្វើការ និងប្រកបអាជីវកម្មនានា ស្របពេលដែលអ្នកវិនិយោគតូចធំ ជាច្រើនកំពុងសចូលមកវិនិយោគនៅក្នុងខេត្ត។
ខេត្តព្រះសីហនុបានក្លាយជាគោលដៅប្រកបដោយសក្តានុពលសំរាប់វិនិយោគលើវិស័យជាច្រើន បន្ទាប់ពីខេត្តនេះត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាតំបន់បំពង់កសេដ្ឋកិច្ច និងជាតំបន់សេដ្ឋកិច្ចឧស្សាហកម្មគំរូពហុបំណង តែមួយគត់នៃប្រទេសកម្ពុជា។
ស្របពេលជាមួយគ្នានេះ ការប្រើប្រាស់ទឹក ក៏មានមានការកើនឡើងខ្លាំង ខណៈដែលបណ្តាញបញ្ជូនទឹកស្អាតចាស់ៗពីមុន កំពុងជួបបញ្ហាខ្លះដែរ នាំឲ្យលំហូរទឹកស្អាតនៅក្រុងព្រះសីហនុ មានភាពរអាក់រអួលនៅតាមទីតាំងមួយចំនួន។ បញ្ហានេះបានធ្វើឲ្យប្រជាជននៅតំបន់មួយចំនួន ក្នុងទីប្រជុំជនក្រុងព្រះសីហនុ ពុំមានទឹកប្រើប្រាស់គ្រប់គ្រាន់ និងបានរិះគន់រដ្ឋបាលខេត្តព្រះសីហនុ មន្រ្តីពាក់ព័ន្ធ ព្រមទាំងក្រុមហ៊ុនអានកូផងដែរថា មានភាពយឺតយ៉ាវក្នុងការរៀបចំបណ្តាញបង្ហូរទឹកស្អាត ជូនពួកគាត់ដើម្បីប្រើប្រាស់ឲ្យបានទូលំទូលាយ និងល្អប្រសើរ។
ជាដំណោះស្រាយចំពោះមុខ រដ្ឋបាលខេត្តព្រះសីហនុ បានជំរុញឲ្យក្រុមហ៊ុន អានកូ និងរដ្ឋាករទឹកក្រុងព្រះសីហនុ ត្រូវរួមគ្នាពន្លឿនការរៀបចំបំពង់បង្ហូរទឹកស្អាតអោយបានលឿន ដើម្បីធ្វើឲ្យប្រជាជននៅខេត្តព្រះសីហនុ មានទឹកប្រើប្រាសើរជាធម្មតាឡើងវិញ ព្រោះទឹកជាតម្រូវការចាំបាច់ ត្រូវតែគិតគូរបន្ទាន់ និងដោះស្រាយឲ្យបានលឿន។
អភិបាលខេត្តព្រះសីហុ លោក យន្ត មីន បានប្រមាណថា ក្នុងពេលខាងមុខដ៏ខ្លីនេះ បញ្ហាទឹកស្អាតនឹងត្រូវបានដោះស្រាយចប់ជាស្ថាពរ។ ខណៈនេះក្រុមហ៊ុន អានកូ ជាមួយនឹងរដ្ឋករទឹកព្រះសីហនុ កំពុងរៀបចំនូវប្រព័ន្ធទុយោធំៗយ៉ាងសកម្ម ដើម្បីបញ្ជូនទឹកស្អាតប្រើប្រាស់ ក្នុងក្រុងព្រះសីហនុឲ្យមានភាពល្អប្រសើរឡើង។ អភិបាលខេត្តព្រះសីហនុ បានស្នើសុំឲ្យប្រជាពលរដ្ឋ មានការយោគយល់ ព្រោះពេលនេះក្រុមការងារកំពុងរៀបរៀបចំ នូវបណ្តាញទុយោយ៉ាងមមារញឹករាល់ថ្ងៃ។
លោក យន្ត មីន បានគូសបញ្ជាក់ថា ខេត្តព្រះសីហនុ មានប្រភពទឹកនៅក្បាលឆាយ ប្រកបដោយសក្តានុពលដែលធានាការប្រើប្រាស់មិនចេះរីងស្ងួតឡើយ។ ជាផែនការទៅថ្ងៃអនាគត រដ្ឋបាលខេត្តព្រះសីហនុ ក៏មានគំរោងស្តារបឹងធម្មជាតិចំនួន០២ទីតាំងទៀត នៅស្រុកព្រៃនប់ ដើម្បីធានានិរន្តរភាពក្នុងការប្រើប្រាស់ និងសំរាប់ប្រជាពលរដ្ឋប្រើប្រាស់លើវិស័យកសិកម្មផងដែរ។
គម្រោងស្តារអាងបន្ថែមខាងលើនេះ រដ្ឋបាលខេត្តព្រះសីហនុ បានស្នើទៅរាជរដ្ឋាភិបាលដើម្បីសុំអោយជំនាញអន្តរក្រសួងចុះមកធ្វើការសិក្សាផងដែរ៕