(ភ្នំពេញ)៖ ថ្នាក់ដឹកនាំនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មូលនិធិពុទ្ធសាសនាព្រះសីហមុនីរាជា និងក្រុមការងារមនុស្សធម៌ សម្តេចព្រះមហាសង្ឈរាជ បួរ គ្រី ខណ្ឌដង្កោ ដឹកនាំដោយ លោក ងួន ស្តេចភក្តី សាកលវិទ្យាធិការរងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានរៀបកម្មវិធីផ្តល់ស្នាមញញឹមក្តីមេត្តា និងសេក្តីស្រលាញ់ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលមានជីវភាពខ្វះខាត ចំនួន២០០គ្រួសារ ក្រោមប្រធានបទ «ការឱ្យអភ័យជាក្តីសង្រ្គោះទូទៅ»។
ពិធីនេះ ក៏មានការផ្សព្វផ្សាយការផ្តល់អាហារូបករណ៍ ១០០% ថ្នាក់បរិញ្ញាបត្រសម្រាប់ឆ្នាំសិក្សា២០១៩-២០២០ រយៈពេល៤ឆ្នាំ លើឯកទេស០៦ មាន៖ ទស្សនវិជ្ជា និង សាសនា វិទ្យាសាស្រ្តអប់រំ នីតិសាស្ត្រ អក្សរសាស្ត្រអង់គ្លេស ពត៌មានវិទ្យា និងគ្រប់គ្រងទូទៅ ក្រោមព្រះធិបតីភាព សម្តេចព្រះពុទ្ធាចារ្យ សុខវោហារ សម្តេចព្រះសង្ឃនាយករងនៃគណៈធម្មយុត្តិកនិកាយ នាទីអារាមវត្តឥណ្ឌូកម្ពុជាធម្មនិរមិត ស្ថិតនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។
លោក ងួន ស្តេចភក្តី សាកលវិទ្យាធិការរងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានបញ្ជាក់ថា កម្មវិធីនេះធ្វើឡើង ក្នុងគោលបំណងដើម្បីចែកអំណោយជាគ្រឿងឧបភោគ បរិភោគ នឹងសំភាៈសិក្សាដល់ប្រជាពលរដ្ឋទីទាល់ក្ររ និងសិស្សានុសិស្ស ដែលជាព្រះរាជទ្រព្យផ្ទាល់របស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ចំពោះកិច្ចការមនុស្សធម៌ ជាពិសេសព្រះអង្គតែងតែ ចំណាយនូវព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គ រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងអប់រំបណ្តុះបណ្តាលដល់ធនធានព្រះសង្ឃ តាមរយៈការសាងសង់នូវពុទ្ធិកអប់រំជាតិ ដើម្បីឱ្យព្រះសង្ឃ ក៏ដូចជាប្រជាពលរដ្ឋទូទៅ បានសិក្សារៀនសូត្រដោយមិនបង់ថ្លៃ ក្នុងនោះសម្តេចជាអម្ចាស់ក៏បានកសាងប៉ុស្តិ៍សុខភាព សម្រាប់ព្យាបាលប្រជាពលរដ្ឋដោយមិនគិតថ្លៃផងដែរ។
លោក ងួន ស្តេចភក្តី បានបន្តថាកម្មវិធីក្នុងថ្ងៃនេះក៏ដើម្បីផ្សព្វផ្សាយ អំពីការផ្តល់អាហារូបករណ៌១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០១៩-២០២០ រយៈពេល៤ឆ្នាំ លើឯកទេសផ្សេងៗ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដល់សិស្សានុសិស្សទាំងអស់ ដែលមានបំណងបន្តការសិក្សាថ្នាក់ឧត្តម ហើយមានជីវភាពខ្វះខាតដែលចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យអាហារូបករណ៍១០០% ពីថ្ងៃផ្សាយដំណឹងនេះតទៅ ចំណែកឯថ្ងៃចូលរៀនលើកទីមួយ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ និងលើកទីពីរថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សម្តេចព្រះពុទ្ធាចារ្យ ទូច សុខវោហារ សម្តេចព្រះសង្ឃនាយករង គណៈធម្មយុត្ត នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានមានព្រះថេរៈដីកាថាផ្តាំផ្ញើនូវការនឹករលឹក ពីសំណាក់សម្តេចព្រះមហាសង្ឈរាជ បួរ គ្រី ចំពោះប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបានផ្តល់ឱ្យវាទរបស់ព្រះសម្មាសម្ពុទ្ធ ដល់ប្រជាពលរដ្ឋឱ្យប្រព្រឹត្តិនូវអំពើល្អ ដែលជាធម៌សុច្ចរិត និងបកស្រាយលម្អិតអំពីសីលប្រាំ ដែលជាសិក្ខាបទដឹកនាំមនុស្សឱ្យដើរលើផ្លូវត្រូវ៕