(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យជាចោរលួចម៉ូតូម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។
មន្ដ្រីអាវុធហត្ថបានឲ្យដឹងថា ករណីលួចម៉ូតូនេះ កើតឡើងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ដែលប្រព្រឹត្តឡើងដោយជនសង្ស័យឈ្មោះ ផន សុជា ហៅសុខជា អាយុ៣៧ឆ្នាំ បានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿងម៉ាក វ៉េវ ពណ៌ខៀវ គ្មានស្លាកលេខ ជារបស់ជនរងគ្រោះឈ្មោះ យូ វី ភេទប្រុស អាយុ៣៤ឆ្នាំ នៅចំណុចក្នុងការដ្ឋានសំណង់ ប៊ូយ៉ុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ក្រោមវិធានការសួរចម្លើយរបស់សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យខាងលើ បានសារភាពថា នៅថ្ងៃកើតហេតុខ្លួនបានដើរចូលក្នុងការដ្ឋានសំណង់ ប៊ូយ៉ុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក៏ឃើញមនុស្ស០៣នាក់ កំពុងអង្គុយផឹកស៊ី រូបគេក៏ចូលទៅផឹកជាមួយ ដោយគ្មានអ្នកណាស្គាល់រូបគេនោះទេ។
លុះផឹកបានមួយសន្ទុះ បុរស០២បានឈប់ផឹក ហើយរូបគេបានផឹកបន្តទៀតជាមួយម្ចាស់ម៉ូតូ ក្រោយមកម្ចាស់ម៉ូតូបានដើរទៅដួសបាយ ឃើញដូចនោះរូបគេ ក៏បានលួចជិះម៉ូតូរបស់ជនរងគ្រោះជិះចេញតែម្តង តែក្នុងពេលនោះត្រូវបានម្ចាស់ម៉ូតូឃើញ បានស្រែកឆោរឡោ លឺដល់សមត្ថកិច្ចអាវុធហត្ថខណ្ឌសែនសុខ ដែលកំពុងល្បាតក្នុងភូមិសាស្រ្តនោះឃើញ ចុះមកឃាត់ខ្លួនភ្លាមៗផងដែរ ហើយរូបគេតែងតែប្រើប្រាស់គ្រឿងញៀន ជាប្រចាំរៀងរាល់ថ្ងៃផងដែរ៕