(បាត់ដំបង)៖ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ បានចេញមកទាត់ចោលទាំងស្រុង នូវវីដេអូដែលជនខិលខូចមួយចំនួន បានយកមកបង្ហោះក្នុង Facebook ថា មានករណីប្រជាពលរដ្ឋតវ៉ារឿងស្រូវចុះថ្លៃ នៅខេត្តបាត់ដំបង។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News លោក កៅ ថាច បានបញ្ជាក់ថា វីដេអូដែលជនខិលខូចមកបង្ហោះ គឺជាវីដេអូដែលកើតឡើងនៅប៉ុន្មានឆ្នាំមុន មិនមែនកើតឡើងនៅបច្ចុប្បន្ននេះឡើយ។ លោកថា ការបង្ហោះវីដេអូនេះ គឺប៉ះពាល់យ៉ាងខ្លាំងដល់រាជរដ្ឋាភិបាល ជួយដល់កសិករ ក្នុងការថែរក្សាតម្លៃស្រូវ និងក៏ជាទង្វើធ្វើឲ្យមានចលាចលសង្គមជាតិផងដែរ។

លោក កៅ ថាច សូមថ្ដោលទោសយ៉ាងខ្លាំងចំពោះការបង្ហោះវីដេអូនេះ និងសូមអំពាវនាវឲ្យសមត្ថកិច្ច ស្វែងរកចាប់ខ្លួនជនខិលខូចទាំងនោះឲ្យខាងតែបាន។

ជាមួយគ្នានេះ លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice ក៏បានចេញមកទាត់ចោលវីដេអូនដែលបង្ហោះនោះផងដែរ ដោយបញ្ជាក់ថា ជារឿងមិនពិតឡើយ ដោយវីដេអូនោះកើតឡើងជាយូរមកហើយ ប៉ុន្តែទើបតែជិនខិលខូចយកមកបង្ហោះឡើងវិញ ដែលមានឲ្យមានការយល់ច្រឡំ ដើម្បីចំណេញផលប្រយោជន៍របស់ខ្លួនគេប៉ុណ្ណោះ។

លោកក៏អំពាវនាវ ឲ្យប្រជាកសិករស្ងប់ស្ងាត់សិន ចំពោះបញ្ហាស្រូវអង្ករនេះ ព្រោះតែក្រុមហ៊ុនកំពុងរៀបចំដោះស្រាយ និងប្រមូលទិញស្រូវពីកសិករ។ លោកបានសំណូមពរឲ្យប្រជាពលរដ្ឋ និងសាធារណជនគ្រប់រូប ត្រូវតែប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិត ដែលបង្ហោះក្នុង Facebook ផងដែរ ដើម្បីជៀសវាងការខាតបង់ប្រយោជន៍របស់ខ្លួន។

ពាក់ព័ន្ធវីដេអូបង្ហោះនេះ លោកឧកញ៉ា ភូ ពុយ បានបញ្ជាក់ផងដែរថា ជាវីដេអូដែលកើតឡើងតាំងពីឆ្នាំ២០១៦មកម៉្លេះ ហើយត្រូវបានជនខិលខូចឆ្លៀតយកឱកាសដែលកម្ពុជាមានបញ្ហានាំចេញអង្ករទៅអឺរ៉ុប ក៏ប្រើប្រាស់ឱកាសនេះ បង្ហោះជាថ្មីឡើងវិញ ដើម្បីបំពុលសង្គមជាតិ។

លោកបញ្ជាក់ថា បន្ទាប់ពីតាមដាន និងស្រាវជ្រាវរកមក ទើបដឹងថា វីដេអូនេះត្រូវបានបង្ហោះឡើងវិញចេញពីខេត្តត្បូងឃ្មុំ។ លោកអំពាវនាវដល់សមត្ថកិច្ច ស្វែងរកជនខិលខូចនោះមកផ្តន្ទាទោសផងដែរ។

ដោយឡែក រដ្ឋបាលខេត្តបាត់ដំបងវិញ នៅថ្ងៃនេះ ក៏បានចេញមកទាត់ចោល ព័ត៌មានបង្ហោះក្នុងគណនី Facebook មួយឈ្មោះថា «កវីផ្គរលាន់» ផងដែរ ដោយអះអាងថា ជាការចុះផ្សាយនូវព័ត៌មានមិនពិត ដែលទាក់ទងទៅនឹងតម្លៃ ស្រូវ អង្ករ នៅក្នុងខេត្តបាត់ដំបង ព្រមទាំងបានយករូបភាពវីដីអូចាស់ កាលពីឆ្នាំ២០១៦ មកចាក់ផ្សាយនៅលើបណ្តាញសង្គម ដែលធ្វើឲ្យសាធារណជនមួយចំនួនមានការយល់ច្រឡំ។

រដ្ឋបាលខេត្តបាត់ដំបងបញ្ជាក់ថា ព័ត៌មានដែលចុះផ្សាយនោះជាព័ត៌មានមិនពិត និងជាចេតនាបង្កឲ្យមានការយល់ច្រឡំ និងជាកាញុះញុងបំពុលសង្គម ។ កន្លងមកអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញ បានយកចិត្តទុកដាក់ចំពោះបញ្ហានេះណាស់ ។

ជាក់ស្តែងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ អាជ្ញាធរ និងមន្ត្រីជំនាញបានចុះជួបផ្ទាល់ជាមួយប្រជាកសិករ និងសហគមន៍កសិករឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ដោយពួកគាត់មានចិត្តត្រេកអរ និងអាចទទួលយកបាននូវតម្លៃស្រូវបច្ចុប្បន្ននេះ ។

តម្លៃស្រូវនៅក្នុងខេត្តបាត់ដំបង គិតត្រឹមថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៩៖

១៖សែនក្រអូបតម្លៃ1000៛/Kg
២៖ ណាំប៊ុង តម្លៃ 610៛/kg
៣៖ នាងខុន តម្លៃ​ 1030៛/kg
៤៖ ស្រង៉ែ​ តម្លៃ 830៛/kg
៥៖ រំដួល តម្លៃ 1350៛/kg

សម្រាប់ឆ្នាំ២០១៨ បរិមាណផលស្រូវសរុបក្នុងខេត្តបាត់ដំបង ចំនួន១,២២៨,១៤២តោន និងនាំចេញអង្ករទៅក្រៅប្រទេសមានចំនួនជាង ២០០,០០០តោន៕