(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានសហការជាមួយសាកលវិទ្យាល័យជាតិតូរូនតូ នៃប្រទេសកាណាដា អនុវត្តគម្រោងព្រះវិហារអង្គរ (Angkor Vihara Project) ដោយបានធ្វើការសម្អាតខឿនព្រះពុទ្ធសាសនាថេរវាទចំនួន ៨ទីតាំង នៅក្នុងក្រុងអង្គរធំ ហើយបានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវសាកល្បងពីរទីតាំង។
គម្រោងនេះមានរយៈពេលជិត១ខែ ចាប់ផ្តើមពីថ្ងៃទី១១ ខែមករា ដល់ទី៧ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក Andrew Harris អ្នកគ្រប់គ្រងគម្រោង Angkor Vihara Project ដែលជាបុរាណវិទូនៃសាកលវិទ្យាល័យជាតិតូរូនតូ បានឱ្យដឹងថា ការរកឃើញខឿនព្រះវិហារព្រះពុទ្ធសាសនានៅអង្គរធំ គឺជាង១០០ឆ្នាំមកហើយ ដោយជនជាតិអាមេរិក បារាំង និងខ្មែរ ដែលមានចំនួនសរុប ៧០កន្លែង។ ប៉ុន្តែការធ្វើកំណាយស្រាវជ្រាវសាកល្បង គឺតែពីរខឿនព្រះវិហារព្រះពុទ្ធសាសនាទេ។
កន្លងមក មានការស្រាវជ្រាវតិចតួចណាស់អំពីសំណង់ខឿនពុទ្ធសាសនាថេរវាទនៅអង្គរ ដូច្នេះទើបសាកលវិទ្យាល័យជាតិតូរូនតូ សហការជាមួយអាជ្ញាធរជាតិអប្សរា ធ្វើកំណាយសាកល្បង ដើម្បីដឹងពីរចនាសម្ពន្ធសំណង់។ សំណង់នេះសាងសង់ពីសតវត្សទី១៣ ដល់ទី១៧នៃគ្រិស្តសករាជ។
តើប្រាសាទព្រហ្មញ្ញសាសនា និងពុទ្ធសាសនាមហាយានសម័យអង្គរ ខុសគ្នាពីសំណង់ពុទ្ធសាសនាថេរវាទសម័យកណ្តាល ដែលជាសម័យអន្តរកាលដូចម៉្តេច?
លោក Andrew បានបន្តថា ការស្រាវជ្រាវជំហានដំបូង គឺសម្អាតទីតាំងខឿនព្រះវិហារចំនួន៨កន្លែងផ្សេងៗគ្នា និងធ្វើកំណាយ២ទីតាំង៖ ទីតាំងទី១ ស្ថិតនៅខាងជើងក្លោងទ្វារទន្លេអុំ ចម្ងាយប្រហែល៥០០ម បានរកឃើញបំណែកកុលាលភាជន៍ខ្មែរ-ចិន បំណែកព្រះហស្ថព្រះពុទ្ធ ទំហំប្រវែង៣៥សង់ទីម៉ែត្រ បល្ល័ង្គ និងរូបរាងរចនាសម្ពន្ធព្រះវិហារ និងទីតាំងទី២ ស្ថិតនៅខាងលិចក្លោងទ្វារតាកាវ ប្រហែល៦០០ម គឺមិនមានចេតិយនៅក្រោយព្រះវិហារទេ មានតែខឿនរាបស្មើ មានផ្លូវចូលប្រវែង៥០ម៉ែត្រ មានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ និងមានបល្ល័ង្គខ្ពស់នៅពីលើខឿន។ រីឯផ្នែកខាងត្បូង មានខឿនខ្ពស់សម្រាប់ព្រះសង្ឃគង់។
បន្ថែមពីនោះមានយ៉នៅមុខព្រះវិហារធ្វើពីថ្មភក់ និងថ្មបាយក្រៀម ដែលមានស្លាកស្នាមមានដំបូលប្រក់ក្បឿង និងមានដំរីនៅពីមុខផ្លូវចូលចំនួនមួយ ដែលដេកដួលជាមួយសន្លឹកសីមា (តាមការសន្និដ្ឋានគួរតែមានដំរី១គូ) ដែលដូចទៅនឹងខឿនព្រះវិហារនៅប្រាសាទតាទួត មានផ្លូវចូលក្រាលថ្មភក់លាយថ្មបាយក្រៀម និងដំរីអមផ្លូវ១គូ។
លោក អ៊ា ដារិទ្ធ អ្នកសម្របសម្រួលគម្រោងតំណាងភាគីអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា លទ្ធផលដែលបានរកឃើញទាំងនេះសបញ្ជាក់ថា ខឿនព្រះពុទ្ធសាសនាថេរវាទពិតជាមានប្រាកដ មានរូបរាងនិងទំហំខុសៗគ្នាច្រើនប្រភេទនៅអង្គរធំ។ ខឿនទាំងនេះបង្ហាញពីការចាប់ផ្តើមនៃសំណង់ព្រះពុទ្ធសាសនាថេរវាទនៅតំបន់អង្គរ ក៏ដូចនៅស្រុកខ្មែរទាំងមូល។ ទៅអនាគត យើងត្រូវធ្វើបញ្ជីខឿនព្រះពុទ្ធសាសនាទាំងនេះ បែងចែកប្រភេទ ធ្វើកំណាយស្រាវជ្រាវ និងប្រៀបធៀបជាមួយសំណង់ប្រភេទនេះនៅក្នុងតំបន់។
ក្នុងនាមជាអ្នកស្រាវជ្រាវមានបទពិសោធន៍សហប្រតិបត្តិការជាមួយអន្តរជាតិច្រើនគម្រោង លោក អ៊ា ដារិទ្ធ ក៏បានថ្លែងអំណរគុណដល់សាកលវិទ្យាល័យជាតិតូរូនតូ ដែលបានសហការស្រាវជ្រាវជាមួយអាជ្ញាធរជាតិអប្សរា ព្រោះការសហការជាមួយស្ថាប័នអន្តរជាតិធ្វើឱ្យខ្មែរបានរៀនសូត្រពីបច្ចេកទេសថ្មីៗ និងបានផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ បុរាណវត្ថុ និងប្រាង្គប្រាសាទបុរាណខ្មែរទៅកាន់ពិភពលោក។
លើសពីនោះ យើងអាចសរសេរអត្ថបទបោះពុម្ភផ្សព្វផ្សាយរួមគ្នាអំពីលទ្ធផលនៃការស្រាវជ្រាវដែលរកឃើញថ្មីៗ។ តាមរយៈកិច្ចការនេះ អ្នកជំនាញជាតិក៏មានឱកាសពង្រឹងសមត្ថភាពធ្វើការដោយខ្លួនឯង និងបន្តការសហការជាមួយអន្តរជាតិ ដើម្បីបង្កើនទំនាក់ទំនងល្អឱ្យបានកាន់តែច្រើន។ ដោយសារការស្រាវជ្រាវនៅតែរកឃើញថ្មីរហូត ដូច្នេះលទ្ធផលទាំងនោះអាចចូលរួមចំណែកបកស្រាយប្រវត្តិខ្មែរឱ្យកាន់តែទូលំទូលាយទៀត។
គួរបញ្ជាក់ដែរថា នេះជាស្ថាប័នទី៣ហើយដែលបានសហការជាមួយអាជ្ញាធរជាតិអប្សរាដើម្បីកំណាយស្រាវជ្រាវពីការវិវត្តន៍នៃរចនាសម្ពន្ធព្រះវិហារព្រះពុទ្ធសាសនាថេរវាទ បន្ទាប់ពីសាលាបារាំងចុងបូព៌ានិងស្ថាប័នណារ៉ានៃប្រទេសជប៉ុន។ ខឿនព្រះវិហារព្រះពុទ្ធសាសនាថេរវាទនៅក្នុងក្រុងអង្គរធំ មានចំនួន៧០ទីតាំង អាយុកាលចាប់ពីស.វទី១៣ដល់១៧ មានរូបរាងខុសគ្នាតាមសម័យកាល៕