(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានលើកឡើងថា សមិទ្ធផលដែលកងទ័ពជើងទឹកសម្រេចបានក្នុងរយៈពេលមួយឆ្នាំមកនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការប្រឹងប្រែងបំពេញតួនាទីយ៉ាងសកម្មរបស់កងកម្លាំងកងទ័ពជើងទឹកទាំងអស់ ក្នុងការរួមចំណែកដ៏សំខាន់ក្នុងកិច្ចការពារសុខ សន្តិភាពស្ថិរភាព និងបានបង្ហាញនូវការសាមគ្គីជាធ្លុងមួយក្នុងការគោរព និងអនុវត្តតាមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន។
ការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជារូបនេះ បានធ្វើឡើងនាថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារកងទ័ពជើងទឹក ឆ្នាំ២០១៨ និងដាក់ផែនការទិសដៅការងារឆ្នាំ ២០១៩ នៅបញ្ជាកាដ្ឋានកងទ័ពជើងទឹក ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងការកោតសរសើរចំពោះមេបញ្ជាការកងទ័ពជើងទឹក នាយនាវិក និងថ្នាក់ដឹកនាំតាមស្ថាប័ន និងកងឯកភាពគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្តប្រាជ្ញា និងស្មារតីបំពេញបេសកកម្មតាមតួនាទី និងភារកិច្ចរបស់ខ្លួន សម្រេចបានជោគជ័យ ជាបន្តបន្ទាប់សំដៅលើកកម្ពស់សមត្ថភាពអង្គភាពកងទ័ពជើងទឹក ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីពង្រឹងកិច្ចការពារ អធិបតេយ្យភាពបូរណភាពទឹកដី ការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គមសំដៅចូលរួមអភិវឌ្ឍន៍ ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។
សម្ដេចពិជ័យសេនា ក៏បានបង្ហាញពីការអបអរសាទរចំពោះសមិទ្ធផលនានា ដែលកងទ័ពជើងទឹក ខិតខំសម្រេចបានក្នុងឆ្នាំ២០១៨ និងជាឱកាសមួយ សម្រាប់មេបញ្ជាការ គ្រប់លំដាប់ថ្នាក់គ្រប់កងឯកភាពចូលរួមពិនិត្យវាយតម្លៃវឌ្ឍនភាពការងារក្នុងឆ្នាំ២០១៨ កន្លងមក និងដើម្បីរិះរកដំណោះស្រាយ បញ្ហាសេសសល់មួយចំនួនដែលជាធាតុចូលបន្ថែម សម្រាប់រួមគ្នារៀបចំទិសដៅការងារអនុវត្តន៍ឆ្នាំ២០១៩ នេះឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
ក្នុងនាមក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ សម្ដេចបានសម្តែងនូវការសាទរ នូវសមិទ្ធផលជាច្រើន ដែលកងទ័ពជើងទឹកសម្រេចបានក្នុងឆ្នាំ២០១៨ និងបានយកឱកាសនេះសម្តែងនូវការគាំទ្រលើកទឹកចិត្តដល់នាយនាវី ពលនាវិកទាំងអស់ បន្តខិតខំបំពេញភារកិច្ចរបស់ខ្លួន ឱ្យបានខ្លាំងក្លាថែមទៀតដើម្បីឆ្លើយតបទៅនឹងផែនការកែទម្រង់ នៃកងយោធពលខេមរភូមិន្ទ និងកម្មវិធីនយោបាយ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋា ភិបាលនីតិកាលទី៦ លើវិស័យការពារជាតិ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ជោគជ័យទាំងឡាយដែលកងទ័ពខិតខំសម្រេចបានកន្លងមកនេះ បានបង្ហាញថា កងយោធពលខេមរភូមិន្ទ ពិតជាកម្លាំងស្នូលជាឆ្អឹងខ្នងដ៏ចាំបាច់មានឧត្តមគតិស្មោះត្រង់ ចំពោះជាតិមាតុភូមិគោរពស្រឡាញ់ ប្រជាជនមានឆន្ទៈប្រយុទ្ធប្ដូរផ្ដាច់មានសមត្ថភាពគ្រប់គ្រាន់ និងធានាបាននូវកិច្ចការពារសន្តិភាពបូរណភាពទឹកដី និងអធិបតេយ្យជាតិការពារ សន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម និងទប់ស្កាត់បានទាន់ពេលវេលាគ្រប់ឧបាយកល់ធ្វើបដិវត្តពណ៌ របស់គណបក្សប្រឆាំងគ្រប់កាលៈទេសៈ និងធានាបានដល់ដំណើរការរីកចម្រើន នៃលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្ស និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។
សម្តេចក៏បានយកឱកាសនេះ ជំរុញដល់នាយទាហានជាថ្មីម្តងទៀត លើការចូលរួមដើម្បីទប់ស្កាត់បដិវត្តន៍ពណ៌ដោយ សម្ដេចបានចាត់ទុកបញ្ហា បដិវត្តន៍ពណ៌ជារឿងដ៏ស្មុគស្មាញបំផុតព្រោះមានការ ប្រែប្រួលស្ថានភាពជាបន្តបន្ទាប់ ទៅតាមបំណងរបស់ក្រុមដែលចង់បំភ្លេចបំផ្លាញ នូវការរីកចម្រើនរបស់សង្គមជាតិ។ បដិវត្តន៍ពណ៌នេះកន្លងមកបានកើតឡើងនៅជុំវិញពិភពលោកបានបង្កភាពអុកឡុកបង្កភាពមហន្តរាយ និងភាពវឹកវរដែលបណ្តាប្រទេសមួយចំនួន មិនទាន់រួចចាកផុតពីភាពអន្តរាយនៅឡើយ។ ដោយឡែកកម្ពុជាយើង ក៏ធ្លាប់បានជួបបញ្ហាប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌នេះដែរ តាំងពីឆ្នាំ២០១៣ ដែលក្រុមប្រឆាំងបាននាំយកមកប្រើប្រាស់ នៅកម្ពុជាយើង ដោយគេបានកៀរគរប្រើកម្លាំងប្រជាជនមកធ្វើការផ្លាស់ប្ដូររដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន។
ជាមួយគ្នានេះសម្តេចពិជ័យ ក៏បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ដល់កងទ័ពទាំងអស់ត្រូវតែស្មោះត្រង់ និងមានឆន្ទៈប្ដូរផ្ដាច់ក្នុងការការពារ រាជរដ្ឋាភិបាលស្របច្បាប់ ការពារសម្ដេចតេជោ មិនអនុញ្ញាតឱ្យក្រុមណា ឬជនណាមកផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានឡើយ។ សម្តេចក៏បានណែនាំដល់កងទ័ពទាំងអស់ត្រូវតែអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជា១០ ចំណុចរបស់សម្ដេច ហ៊ុន សែន ដែលបានដាក់ចេញកាលពីថ្ងៃទី២៤មករាថ្មីៗនេះ ក្នុងពិធីរំលឹកខួប២០ឆ្នាំ នៃថ្ងៃបង្កើតទីបញ្ជាការកងទ័ពជើងគោក។
នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងទឹក បានបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់ក្នុងការគោរព បទបញ្ជារបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បទបញ្ជារបស់ក្រសួងការពារជាតិ របស់អគ្គមេបញ្ជាការក្នុងការអនុវត្តតួនាទីភារកិច្ចការពារអធិបតេយ្យភាពបូរណភាពទឹកដីឱ្យបានគង់វង្សជាពិសេសប្រឆាំងដាច់ខាតនូវការប៉ុនប៉ងទាំងឡាយ ធ្វើបដិវត្តន៍ពណ៌សំដៅធានាឱ្យបាននូវភាពសុខសាន្តជូនសង្គមជាតិ និងការអភិវឌ្ឍរីកចម្រើននៃសេដ្ឋកិច្ចសង្គមទៅអនាគត៕