(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារលិខិតជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅក្នុងឱកាសខួបកំណើតគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ។
តាងនាមរាជរដ្ឋាភិបាលនៃកម្ពុជា មន្ត្រីរាជការទូទាំងប្រទេស និងក្នុងនាមខ្លួនសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមសម្តែងនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្ត និងសូមចូលរួមជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា មហាប្រសើរគ្រប់ប្រការ ជូនចំពោះសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា។
សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់សម្តេចប្រធានព្រឹទ្ធសភា បានសមប្រកបដោយបញ្ញាញាណភ្លឺថ្លា កាយពលរឹងមាំ សុខភាពល្អបរិបូណ៍ ជន្មាយុយឺនយូរ ដើម្បីដឹកនាំព្រឹទ្ធសភាជាស្ថាប័ននីតិប្បញ្ញត្តិកំពូលនៃកម្ពុជា ឲ្យទទួលបាននូវជ័យជំនៈថ្មីៗ ធំធេងថែមទៀត ក្នុងការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន ការពង្រឹងស្ថាប័ន ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការលើកកម្ពស់ប្រសិទ្ធភាពការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចវប្បធម៌ និងការធ្វើកំណែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា។
ឆ្លៀតក្នុងឱកាសដ៏មង្គលសួស្តីប្រសើរថ្លៃថ្លានេះផងដែរ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបីឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក ឬទិ្ធបារមីដែលថែរក្សាប្រាង្គប្រាសាទអង្គរទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយថែរក្សាអភិបាល ប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ ចំពោះសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី បុត្រប្រសា ចៅប្រុសចៅស្រីជាទីស្រឡាញ់ សមប្រកបដោយពុទ្ធពរដ៏ប្រពៃថ្លៃថ្លាទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕