(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំលើកទី៣២ នៃ UPR Working Group របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ស្តីពីយន្តការពិនិត្យជាសកលតាមកាលកំណត់ UPR ជុំទី៣ សម្រាប់កម្ពុជា នៅទីក្រុងហ្សឺណែ ប្រទេសស្វីស នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ គណៈប្រតិភូសិទ្ធិមនុស្សកម្ពុជា បានប្រាប់ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អំពីការវិវឌ្ឍ និងភាពប្រសើរឡើង នៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលើគ្រប់វិស័យ ជាពិសេសការអនុវត្តសិទ្ធិ និងសេរីភាពកន្លងមក។

​គណៈប្រតិភូសិទ្ធិមនុស្សកម្ពុជា ដែលបានចូលរួមកិច្ចប្រជុំនេះ ដឹកនាំដោយ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនោះក៏មានគណៈប្រតិភូអន្តរក្រសួង ដូចជាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងព័ត៌មាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាផងដែរ។

តាមការផ្សព្វផ្សាយរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះ​ កម្ពុជាបានធ្វើការថ្លែងទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អំពីការវិវឌ្ឍនិងភាពប្រសើរឡើង នៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលើគ្រប់វិស័យ ជាពិសេសការអនុវត្តសិទ្ធិ និងសេរីភាព ក្រោយពីកម្ពុជាទទួលយកនូវអនុសាសន៍ទាំង១៦២ ក្នុងកិច្ចប្រជុំពិនិត្យជាសកលតាមកាល កំណត់លើកទីពីរកាលពីឆ្នាំ២០១៤កន្លងទៅនេះ។ កម្ពុជាក៏បានធ្វើការបង្ហាញផងដែរ ពីបញ្ហាប្រឈម និង ឆន្ទៈក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ ដើម្បីធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែមានភាព ប្រសើរឡើងទៅថ្ងៃអានាគត ព្រមទាំងធ្វើការឆ្លើយតបនិងពន្យល់ទៅនឹងការរិះគន់មួយចំនួនដែលមិនឆ្លើយ តបនិងឆ្លុះបញ្ចាំងទៅនឹងស្ថានភាពពិតប្រាកដនិងជាក់ស្តែងនៅកម្ពុជា។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យជាសកល តាមកាលកំណត់លើកទីបីនេះ កម្ពុជាក៏ទទួលបានផងដែរនូវ អនុសាសន៍សរុបចំនួន២០២ ដែលផ្តល់ដោយរដ្ឋផ្សេងៗជាសមាជិកអង្គការសហប្រជាជាតិ ចំនួន​៧៣រដ្ឋ ហើយដែលក្នុងនោះអនុសាសន៍មួយចំនួនធំគឺផ្តោតលើការកោតសរសើរ និងការស្វាគមន៍ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នាពេលកន្លងមក។

​ជាការឆ្លើយតប គណៈកម្មធិការសិទ្ធិមនុស្សកម្ពុជា នឹងរៀបចំ និងដឹកនាំកិច្ចប្រជុំជាមួយគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធរួមមានស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវីលជាតិ និងអន្តរជាតិ រួមទាំងដៃគូអភិឌ្ឍផងដែរ ដើម្បីធ្វើ ការពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់ អំពីអនុសាសន៍ដែលត្រូវទទួលយកមកអនុវត្ត និងអនុសាសន៍ ដែលត្រូវធ្វើការបដិសេធ ឬកត់សម្គាល់ ហើយនឹងធ្វើការឆ្លើយតបវិញជាផ្លូវការទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិនៅក្នុងសម័យប្រជុំពេញអង្គលើកទី៤១របស់ខ្លួននៅខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ។

​ឆ្លៀតក្នុងឱកាសមុនពេលកិច្ចប្រជុំចាប់ផ្តើម លោក កែវ រ៉េមី ប្រធានគណៈប្រតិភូក៏បានអនុញ្ញាត ផងដែរឱ្យអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី Rhona Smith ចូលជួបសម្តែងការគួរសម ពិភាក្សាអំពីការងារសិទ្ធិមនុស្ស និងដំណើរទស្សនកិច្ចរបស់ លោកស្រីមកកាន់កម្ពុជានាពេលខាងមុខ៕