(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការកត់សម្គាល់ថា ទោះបីជាបុណ្យថ្មីប្រពៃណីជនជាតិដែលឈានចូលមកដល់៤ថ្ងៃខាងមុខ មិនមែនជាបុណ្យប្រពៃណីរបស់ខ្មែរយ៉ាងណាក្តី តែប្រជាពលរដ្ឋខ្មែរតែងតែមានជួបជុំសប្បាយរីករាយ និងមានការចូលឆ្នាំចំនួន៣ដងក្នុងមួយឆ្នាំរួមមានចូលឆ្នាំសកល ចូលឆ្នាំចិន និងចូលឆ្នាំខ្មែរ។
នៅលើ Facebook នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីពីជំនាន់ប៉ុលពតប្រល័យពូជសាសន៍ (១៩៧៥ -១៩៧៩) គឺគ្មានពិធីបុណ្យសាសនាអ្វីទាំងអស់ ហើយពលរដ្ឋក៏គ្មានសិទ្ឋិសេរីភាពអ្វីដែរ គឺមានតែគេបង្ខំឲ្យធ្វើការទាំងយប់ទាំងថ្ងៃរស់នៅបែកបាក់ព្រាត់ប្រាស់គ្រួសារ និងរង់ចាំតែសេចក្តីស្លាប់តែមួយមុខប៉ុណ្ណោះ។ សូម្បីតែមានសាច់ឈាមពណ៍សម្បុរ «ស» ក៏គេចោទថាខ្មាំងផងដែរ។
សម្តេចនាយករដ្ឋមន្ត្រី បន្តរៀបរាប់ថា ក្រោយពីប្រទេសជាតិមានសុខសន្តិភាពពេញលេញ បងប្អូនប្រជាពលរដ្ឋមានសិទ្ឋិសេរីភាពគ្រប់យ៉ាងក្នុងការជ្រើសរើសនិងប្រតិបត្តិជំនឿសាសនា និងរៀបចំពិធីបុណ្យប្រពៃណីតូចធំ រួមទាំងពិធីបុណ្យចូលឆ្នាំនៃជនជាតិនីមួយៗទៅតាមជំនឿរៀងៗខ្លួនដោយសេរីផងដែរ។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះមានបងប្អូនខ្មែរកាត់ចិន ឬក៏បានភ្ជាប់សាច់ឈាមសែស្រឡាយចិនក៏មានកាន់តែក៏ច្រើនផងដែរ ដែលអាចនឹងមានការរៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំចិននេះច្រើនផងដែរ។
សម្តេចតេជោ និងភរិយា បានជូនពរជនរួមជាតិ ជាពិសេសបងប្អូនពលរដ្ឋខ្មែរជាប់សែស្រឡាយចិន បានសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខ និងមានលាភសំណាងគ្រប់ៗគ្នា៕