(ភ្នំពេញ)៖ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ តំណាងលោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌ បានដាក់បទបញ្ចាយ៉ាងម៉ឺងម៉ាត់ឲ្យលោកនាយករងរដ្ឋបាលខណ្ឌមួយរូប ជាមួយមន្ត្រីពាក់ព័ន្ធ ចាប់ដៃជាមួយកម្លាំងសមត្ថកិច្ចខណ្ឌ ប៉ុស្ដិ៍រដ្ឋបាលសង្កាត់ មេភូមិ និងកម្លាំងប្រជាការពារខណ្ឌ-សង្កាត់ ដើម្បីឲ្យបន្តប្រតិបត្តិការ ក្នុងយុទ្ធនាការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ក្នុងការរំដោះចិញ្ចើមចំណីផ្លូវ ពីក្រុមប្រជាអាជីវករលក់ដូរគ្រប់ប្រភេទ នៅកំណាត់ផ្លូវលេខ៦២R ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។
តាមការអះអាងពីមន្ត្រី នៅក្នុងយុទ្ធនាការរំដោះចំណីផ្លូវសាធារណៈនេះ គឺបានអនុវត្តឡើងជាប្រចាំយ៉ាងមមារញឹក និងឈានដល់ការដកហូតយកសម្ភារល្មើសមួយចំនួន មករក្សាទុកនៅរដ្ឋបាលខណ្ឌបណ្តោះអាសន្នផងដែរ ដោយសារតែមានការប្រឈម មិនសហការឡើយលើការណែនាំមួយចំនួន ទៅដល់ប្រជាអាជីវករខ្លះ មិនទាន់បានជ្រួលជ្រាបនូវឡើយទេ អំពីបញ្ហាផ្លូវច្បាប់ ដែលបានយកចិញ្ចើមចំណីផ្លូវសាធារណៈមកប្រកបរបរអាជីវកម្មផ្ទាល់ខ្លួនបំពាន។
មន្ត្រីដដែលបានបញ្ចាក់ថា នៅក្នុងយុទ្ធនាការរំដោះចំណីផ្លូវនេះ អាចដំណើរការទៅបានល្អប្រសើរ ដោយសារតែប្រជាអាជីវករភាគច្រើន បានយល់ដឹងពីការរំលោភបំពាន ពាក់ព័ន្ធផ្លូវច្បាប់ នៃការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ មកប្រកបរបរទទួលទាន និងយល់ព្រមស្ដាប់តាមការណែនាំជានិច្ច របស់អាជ្ញាធរមានសមត្ថកិច្ច៕