(ភ្នំពេញ)៖ សមាគមអចលនទ្រព្យធំៗចំនួន៣ នៅក្នុងប្រទេសកម្ពុជា រួមមាន សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជារបស់លោកឧកញ៉ា លី ហួរ, សមាគមអ្នកសាងសង់នៅកម្ពុជា របស់អ្នកឧកញ៉ា ពង់ ខៀវសែ និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលទ្រព្យកម្ពុជា ដែលមានលោក ច្រឹក សុខនីម ជាប្រធាន បានសហការគ្នាបង្កើតយុទ្ធសាស្ដ្រថ្មីៗ ដើម្បីធ្វើយ៉ាងណាជួយដល់រាជរដ្ឋាភិបាល ក្នុងការកសាងសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។
ការរួមសហការគ្នានេះ បានធ្វើឡើងក្នុងឱកាសសមាគមធំៗទាំង៣ខាងលើនេះ បង្កើនទំនាក់ទំនងគ្នាកាន់តែរឹងមាំ ដែលធ្វើឡើង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ នៅអគារកាណាឌីយ៉ា ។
សមាគមយក្សទាំង៣នេះ បានពិភាក្សា ថាតើត្រូវធ្វើបែបណាខ្លះ ដើម្បីជួយគ្នាទៅវិញទៅមក និងជួយដល់រាជរដ្ឋាភិបាល ក្នុងការកសាងសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរីចម្រើន និងយុទ្ធសាស្ដ្រជំរុញដំណើរវឌ្ឍនភាព ពីវិស័យសំណង់នៅកម្ពុជា។
ជាងនេះទៅទៀត សមាគមទាំង៣ បានសម្រេចចំណុច៣រួមគ្នា គឺ ១៖ ឯកភាពបន្តគាំទ្រ និងធ្វើកិច្ចសហប្រតិបត្តិការគ្នាឱ្យបានជិតស្និត, ២៖ ឯកភាពឱ្យជំនាញនៃសមាគមទាំង៣ សិក្សាចុះ MoU ដើម្បីបម្រើគោលដៅរួម និងទី៣៖ ជំនាញនៃសមាគមទាំង៣ ត្រូវសិក្សាលម្អិតលើខ្លឹមសារ និងគោលដៅ មុនឈានដល់ចុះ MoU ដោយប្រធានទាំង៣នេះ ៕