(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចជាផ្លូវការ របស់គណៈប្រតិភូយោធាជាន់ខ្ពស់កងទ័ពជើងគោកភូមិន្ទថៃ ដឹកនាំដោយនាយឧត្តមសេនីយ៍ អាប់ភីរ៉ាត់ គង់ស៊ុមភុង (APIRAT KONGSOMPONG) អគ្គបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ នៅបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។
ក្នុងនាមជាប្រទេសមានភូមិផងរបងតែមួយភាគីទាំងពីរ ក៏បានផ្តោតលើការពង្រឹង និងការពង្រីកទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការល្អ និងធ្វើយ៉ាងណារក្សាឲ្យបានព្រំដែនសន្តិភាព និងការអភិវឌ្ឍតាមតំបន់ព្រំដែនឱ្យកាន់តែមានការរីកចម្រើនថែមទៀត បង្កលក្ខណៈងាយស្រួលឱ្យពលរដ្ឋរដ្ឋទាំងពីរប្រកបរបររកស៊ីកាន់តែមានការរីកចម្រើន និងមានទំនុកចិត្តជាមួយគ្នា។
ភាគីទាំងពីរបានចាត់ទុកជំនួបនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងពង្រឹងគុណភាព និងសមត្ថភាព ដល់កងទ័ពនៃប្រទេសទាំងពីរ ដើម្បីធានាឲ្យបានកិច្ចការពារសន្តិភាព ស្ថិរភាព និងភាពសម្បូររុងរឿង ជាពិសេស ការពង្រឹងពង្រីកការរឹតចំណងសាមគ្គីភាព នឹងមិត្តភាពជាប្រពៃណី រវាងរដ្ឋាភិបាល កងទ័ព និងប្រជាជនប្រទេសទាំងពីរ។ កម្ពុជា នឹងរួមគ្នាក្នុងថែរក្សាបានព្រំដែនដែលសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ភាគីទាំងពីរក៏បានប្តេជ្ញារួមគ្នាបន្តបង្កើនកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែជិតស្និទ្ធថែមទៀត ជាមួយភាគីមិត្ត ក្នុងការកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាពនិងការអភិវឌ្ឍរីកចម្រើន។
ជំនួបនៃមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសទាំងពីរបានធ្វើឡើងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ និងបានបញ្ចប់ក្រោមបរិយាកាស ស្និទ្ធស្នាល លទ្ធផលជោគជ័យនិងភាពយោគយល់គ្នា ក្នុងស្មារតីសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ក្នុងនាមជាប្រទេសភូមិផងជាប់គ្នា៕