(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ការកសាង និងអភិវឌ្ឍធនធានមនុស្សជាកត្តាសំខាន់បំផុតសម្រាប់ចូលរួមអភិវឌ្ឍសង្គមជាតិ។
លោកបានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០១៧-២០១៨ និងលើកទិសដៅឆ្នាំសិក្សា២០១៨-២០១៩ ដោយមានការអញ្ជើញ ចូលរួមពីអភិបាលក្រុង-ស្រុក អាជ្ញាធរឃុំ សង្កាត់ អង្គការដៃគូរនានា និងលោកគ្រូ អ្នកគ្រូ ជានាយកជិត៤០០នាក់ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។
លោក ជូ វុនធី ប្រធានមន្ទីអប់រំ យុវជន និងកីឡាខេត្ត បានរាយការណ៍សង្ខេបពីលទ្ធផលការងារសន្និបាត ដោយលើកពីបញ្ហាប្រឈមមួយចំនួនដូចជា កង្វះគ្រូបង្រៀន នៅគ្រប់កម្រិតភូមិសិក្សា និងគ្រូកីឡា កង្វះអាគារសិក្សា សិស្សអវត្តមានច្រើនមានការបោះបង់ការសិក្សា ចំណាកស្រុកទៅតាមឪពុកម្តាយ ការចូលរួមអភិវឌ្ឍសាលារៀន របស់សហគមន៍មាតាបិតាបិតាសិស្សនៅមានកម្រិត ។
លោក សុខ លូ បានថ្លែងថា ការកសាង និងអភិវឌ្ឍធនធានមនុស្សជាកត្តាសំខាន់ គឺសំដៅលើការកសាងទាំងសមត្ថភាព ទាំងចំណេះដឹង ចំណេះធ្វើ សហគ្រិនភាព ជំនាញការច្នៃប្រឌិត លើគ្រប់ផ្នែក គ្រប់វិស័យ ពិសេសផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងសមត្ថភាព ក្នុងការស្រាវជ្រាវ របកគំហើញថ្មី និងការអភិវឌ្ឍ។
លោកបានបន្តថា ដោយបានអនុវត្តតាមនូវគោលនយោបាយ នៃផែនការយុទ្ធសាស្ត្រវិស័យអប់រំ ដែលធានាការអប់រំមានគុណភាព ប្រកបដោយសមធម៌ និងបរិយាបន្ន និងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា ព្រមទាំងធានាភាពស័ក្តិសិទ្ធិ នៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងរបស់មន្ត្រីអប់រំ គ្រប់លំដាប់ថ្នាក់ និងបានរកគ្រប់មធ្យោបាយ គំនិតផ្តួចផ្តើម ព្រមទាំងបានដាក់ចេញនូវលក្ខខណ្ឌចាំបាច់នានា ដើម្បីជំរុញឱ្យវិស័យអប់រំ តម្រង់ឆ្ពោះទៅកាន់ភាពជោគជ័យ ព្រមទាំងឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពហើយ បេសកកម្មការងារអប់រំសម្រាប់ទាំងអស់គ្នាពុំទាន់បានបញ្ចប់នៅឡើយទេ ទោះបីជាពួកគេដល់វ័យត្រូវសិក្សាក៏ដោយ កុមារមួយចំនួនចូលរៀនពុំបានជាប់លាប់ ការបោះបង់ការសិក្សា ការរៀនធ្លាក់មធ្យមភាគ អត្រាត្រួតថ្នាក់ និងអត្រាឆ្លងភូមិសិក្សាពុំទាន់បានឆ្លើយតបនឹងសំណូមពរ។ល។ ដែលជាបញ្ហានៅសេសសល់ ទាមទារឱ្យអ្នកអប់រំ និងអ្នកពាក់ព័ន្ធជួយគាំទ្របន្ថែមទៀត ទាំងហេដ្ឋារចនាសម្ព័ន្ធ ការងារគ្រប់គ្រង និងការងារបច្ចេកទេស។
នេះបញ្ជាក់ឱ្យឃើញពីស្មារតីទទួលខុសត្រូវ របស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ដោយមានការចូលរួមគាំទ្រពីអាជ្ញាធរដែនដី អាណាព្យាបាល និងសហគមន៍ទាំងមូល ដែលបានយកអស់កម្លាំងកាយចិត្ត ជំរុញឱ្យវិស័យអប់រំទទួលបាននូវលទ្ធផលនាពេលនេះ។ ទន្ទឹមនឹងនេះ ការលើកស្ទួយគុណភាពផ្នែកសុខភាព កាយសម្បទា សីលធម៌ ស្មារតីទទួលខុសត្រូវ មានមនសិកាស្នេហាជាតិ និងវិជ្ជាជីវៈ ក៏ជាកត្តារួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ដែលយើងទាំងអស់គ្នាចាំបាច់ណាស់ក្នុងការជួយជ្រោមជ្រែង គាំទ្រដល់ដំណើរការអប់រំ ឱ្យឆ្លើយតបទៅនឹងគោលដៅ អភិវឌ្ឍប្រកបដោយចីរភាព។
ត្រូវធានាឱ្យការគ្រប់គ្រងអប់រំ ដើម្បីលើកកម្ពស់ភាពជាពលរដ្ឋ មានគុណភាពនៅកម្ពុជា ដោយចាប់ផ្តើមគិតគូរពីអនុវិស័យអប់រំកុមារតូច រហូតដល់កម្រិតឧត្តមសិក្សា ក្រោយឧត្តមសិក្សា ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ព្រមទាំងជួយគាំទ្រដល់ការងារអភិវឌ្ឍយុវជន និងការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា។
ជាចុងក្រោយ គណៈអធិបតីបានផ្តល់នូវការលើកទឹកចិត្តដល់ទង់ជ័យលាភី និងប័ណ្ណសរសើរជូនដល់អង្គភាពមានស្នាដៃការងារ ឆ្នើមរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងនោះអង្គភាពជ័យលាភីលេខ១ ទទួលបាន៧ អង្គភាព អង្គភាពជ័យលាភីលេខ២ ទទួលបាន៦ អង្គភាព និងអង្គភាពទទួលបានប័ណ្ណសរសើរចំនួន ៨ អង្គភាព៕