(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន និងលោក Vu Quang Minh ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពការប្រមូលទិញស្រូវពីកសិករកម្ពុជាក្នុងពេលបច្ចុប្បន្ន។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ទឹកនាំក្រសួង លោកឧកញ៉ា លោកអគ្គនាយកធនាគារ AGRI BANK តំណាងក្រុមហ៊ុន ដែលធ្វើអាជីវកម្មស្រូវ-អង្ករវៀតណាម មន្ត្រីស្ថានទូត និងមន្រ្តីជំនាញក្រោមឱវាទមួយចំនួនទៀត។
គោលបំណង នៃកិច្ចប្រជុំពិភាក្សានេះរួមមាន៖ ទី១-ធ្វើការពិនិត្យ និងវាយតម្លៃជារួមលើស្ថានភាពតម្លៃស្រូវក្នុងពេលបច្ចុប្បន្ន និងទី២-រួមគ្នាដោះស្រាយ និងដាក់ចេញនូវយន្តការ នៃការប្រមូលទិញស្រូវ-អង្ករពីកម្ពុជាឲ្យបានសមស្រប ទៅនឹងតម្លៃលើទីផ្សារនៅប្រទេសវៀតណាម។
បន្ទាប់ពីភាគីទាំងពីរ បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចមក កិច្ចប្រជុំបានដាក់ចេញនូវយន្តការដោះស្រាយនូវបញ្ហាតម្លៃស្រូវ ក្នុងងយៈពេលខ្លី មធ្យម និងវែងដូចខាងក្រោម៖
*ទី១៖ ភាគីវៀតណាមនឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយជាមួយពាណិជ្ជករវៀតណាម បន្ទាប់មកនឹងធ្វើរបាយការណ៍លម្អិតជូននាយករដ្ឋមន្រ្តីវៀតណាមដើម្បីជំរុញឱ្យពាណិជ្ជករវៀត ណាមជួយប្រមូលទិញស្រូវពីកម្ពុជាក្នុងតម្លៃសមរម្យ។
*ទី២៖ ធនាគារ AGRI BANK នឹងពិនិត្យលទ្ធភាព និងធ្វើការសម្រួលបែបបទផ្សេងៗ ដើម្បីផ្តល់កម្ចីឥណទានដល់ពាណិជ្ជករវៀតណាម សម្រាប់ជាទុនប្រមូលទិញស្រូវ ក្នុងរដូវប្រមូលផលនេះ ព្រមទាំងគាំទ្រដល់ការផ្តល់ឥណទានដល់ពាណិជ្ជករកម្ពុជា ដែលខ្វះទុនក្នុងការប្រមូលទិញកសិផល។
*ទី៣៖ ភាគីទាំងពីរនឹងបន្តពង្រឹង និងពង្រីកការអនុវត្តផលិតកម្មកសិកម្ម តាមកិច្ចសន្យាឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាពដើម្បីរក្សានិរន្តរភាពនៃភាពជាដៃគូរវាងអ្នកផលិត និងអ្នកទិញ។
*ទី៤៖ ភាគីទាំងពីរបានឯកភាពគ្នាថា នឹងសហការគ្នាដោះ ស្រាយបញ្ហាប្រឈម ដែលមានឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។
*ទី៥៖ ទូរទស្សន៍វៀតណាម នឹងចុះទៅកន្លែងប្រមូលផលធ្វើការផ្សព្វផ្សាយពីវិធានការ នៃប្រជុំនេះជូនដល់ពាណិជ្ជករវៀតណាមឱ្យជួយទិញស្រូវក្នុងតម្លៃ សមរម្យ។
*ទី៦៖ ភាគីវៀតណាមបានបញ្ជាក់ជូនថា នឹងជំរុញឱ្យមានការចុះអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ជាពិសេសលើផលិតផលថ្នាំជក់ និងស្រូវ-អង្ករដោយអត្រាពន្ធសូន្យ ក្នុងរយៈពេលដ៏ខ្លីខាងមុខ៕